ភ្នំពេញៈ ធនាគារជាតិ​នៃ​កម្ពុជា (NBC) ជំរុញ​ឲ្យ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​បន្ត​បង្កើន​ផលិតផល និង​សេវាកម្ម​ថ្មីៗ​បន្ថែម ដើម្បី​ចូលរួមចំណែក​ក្នុងការ​អភិវឌ្ឍ​វិស័យ​កសិកម្ម ខណៈ​អ្នក​នៅក្នុង​វិស័យនេះ​អះអាង​ថា វិស័យនេះ​ត្រូវការ​ឥណទាន​ច្រើន​បន្ថែមទៀត​។

ថ្លែង​នៅក្នុង​សន្និសីទ​ម៉ាក្រូសេដ្ឋកិច្ច​ប្រចាំឆ្នាំ​លើក​ទី​ ៦ ​របស់​ធនាគារជាតិ​នៃ​កម្ពុជា​ស្តីពី «​វិស័យ​កសិកម្ម​ក្នុង​បរិបទ​នៃ​ការផ្លាស់ប្តូរ​យ៉ាង​ឆាប់រហ័ស​នៃ​រចនាសម្ព័ន្ធ​សេដ្ឋកិច្ច និង​ភាពមិនប្រាកដប្រជា​នៃ​ពាណិជ្ជកម្ម​ពិភពលោក​» កាលពី​ថ្ងៃ​ម្សិលមិញ លោកស្រី នាវ ច័ន្ទថាណា ទេសាភិបាលរង​ធនាគារជាតិ​នៃ​កម្ពុជា​បាន​និយាយថា​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​វិស័យ​កសិកម្ម​នៅ​កម្ពុជា​មិនមាន​សញ្ញា​វិជ្ជមាន​គួរឲ្យ​កត់សម្គាល់​ទេ ដោយ​កំណើន ៦,២ ​ភាគរយ​កាលពី​អំឡុង​ឆ្នាំ​ ២០០៤-២០០៨ បាន​ធ្លាក់​មក​នៅត្រឹម​ ១ ​ភាគរយ​ចន្លោះ​ពី​ឆ្នាំ​ ២០១៤-២០១៨​។ លោកស្រី​បន្តថា ការចូលរួម​របស់​វិស័យ​ហិរញ្ញវត្ថុ​ពិតជា​មាន​សារៈសំខាន់​ណាស់​នៅក្នុង​វិស័យ​កសិកម្ម​។

លោកស្រី​ថ្លែងថា​៖ «​ខ្ញុំ​ជឿជាក់​ថា វិស័យ​ហិរញ្ញវត្ថុ​នឹង​បន្ត​គាំទ្រ​ដល់​កំណើន​របស់​វិស័យ​កសិកម្ម ដូច្នេះ​ខ្ញុំ​សូម​លើក​ទឹកចិត្ត​គ្រឹះស្ថាន​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​បន្ត​បង្កើន​ផលិតផល និង​សេវា​ហិរញ្ញវត្ថុ​ថ្មីៗ​បន្ថែមទៀត ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ទំនើប​ដើម្បី​ពង្រឹង​អាជីវកម្ម និង​គ្រួសារ​ក្នុង​វិស័យ​កសិកម្ម​ឲ្យ​កាន់តែ​ប្រសើរឡើង និង​បន្ត​រួមចំណែក​គាំទ្រ​ដល់​កំណើន​ក្នុង​វិស័យ​កសិកម្ម​»​។

ទោះយ៉ាងណា​ក្រៅពី​បញ្ហា​ទាក់ទង​នឹង​ការផ្តល់​ឥណទាន វិស័យ​នេះ​ក៏​កំពុង​ប្រឈម​នឹង​បញ្ហា​មួយចំនួន​ដូចជា គុណភាព និង​បរិមាណ​ផលិតកម្ម កត្តា​បម្រែបម្រួល​អាកាសធាតុ និង​កម្លាំង​ពលកម្ម​ផងដែរ​។

ទិន្នន័យ​របស់​ធនាគារជាតិ​នៃ​កម្ពុជា​បង្ហាញ​ថា កាលពី​ឆ្នាំ​ ២០១០ ឥណទាន​សរុប​របស់​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ទៅ​កាន់​វិស័យ​កសិកម្ម​មាន​ប្រមាណ ៣៨១ ​លាន​ដុល្លារ ប៉ុន្តែ​គិត​ត្រឹម​ខែ​សីហា ឆ្នាំ​ ២០១៩ ចំនួន​នេះ​កើន​ដល់ ៣,២ ​ពាន់​លាន​ដុល្លារ​។

លោក ចាន់ សុខឃាំង អនុប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​បាន​និយាយថា វិស័យ​កសិកម្ម​នៅ​កម្ពុជា​កំពុង​ប្រឈម​ខ្លាំង​ទៅនឹង​បញ្ហា​កង្វះ​ទុន​បង្វិល និង​ថ្លៃដើម​ផលិត​ខ្ពស់​ដែល​ធ្វើឲ្យ​ផលិតផល​ក្នុងស្រុក​មិនមាន​សមត្ថភាព​ខ្ពស់​ក្នុងការ​ប្រកួតប្រជែង​ជាមួយ​ផលិតផល​របស់​ប្រទេស​ផ្សេងៗ ខណៈ​ប្រទេស​ខ្លះ​រដ្ឋាភិបាល​គេ បាន​លូកដៃ​ចូល​អន្តរាគមន៍​ទៀតផង​។

លោក​បន្តថា ខណៈ​បច្ចុប្បន្ន​វិស័យ​កសិកម្ម​បាន​ចូលរួមចំណែក​ប្រមាណ​ពី​ ២៥ ទៅ​ ៣០ ​ភាគរយ​នៅក្នុង GDP វិស័យ​កសិកម្ម​ទទួល​បាន​ឥណទាន​ពី​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ប្រមាណ​ត្រឹម ១០ ​ភាគរយ​ប៉ុណ្ណោះ​ពី​ឥណទាន​ដែល​​ពួកគេ​បាន​បញ្ចេញ​សរុប​ក្នុង​ប្រទេស​។

លោក​ថ្លែងថា​៖ «​ខ្ញុំ​សូម​អំពាវនាវ​ដល់ដៃ​គូ​ហិរញ្ញវត្ថុ​ទាំងអស់ សូម​ពិចារណា​ក្នុងការ​បន្ធូរបន្ថយ​អត្រា​ការប្រាក់​ព្រម​ទាំង​ជួយ​ស្វែងរក​នូវ​ដំណោះស្រាយ​មួយ​ដែល​អនុញ្ញាត​ឲ្យ​ប្រជាកសិករ និង​ភាគី​ពាក់ព័ន្ធ​ក្នុង​វិស័យ​កសិកម្ម​ទាំងអស់​អាច​ទទួល​បាន​នូវ​ប្រភព​ទុន​សម្រាប់​បង្វិល ដើម្បី​ពង្រឹង​វិស័យ​កសិកម្ម​មាន​ភាពល្អប្រសើរ​»​។

លោក ឃី កុសល អគ្គលេខាធិការរង​នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​លើកឡើង​ថា ហេតុផល​ដែល​ធ្វើឲ្យ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​មិនសូវ​បញ្ចេញ​ទុន​ច្រើន​ដល់​វិស័យ​កសិកម្ម ព្រោះ​វិស័យ​នេះ​នៅមាន​បញ្ហា​ប្រឈម​ច្រើន​ទាក់ទង​នឹង​ប្រព័ន្ធ​ស្រោចស្រព​នៅ​មាន​កម្រិត​។ លោក​ថ្លែងថា​៖ «​នេះ​ជា​បញ្ហា​មួយ​ដែល​ធ្វើឲ្យ​ [​ធនាគារ​] រារែក​ក្នុង​ការជួយ​គាំទ្រ​ដល់​កសិករ​»៕