ភ្នំពេញ: ធនាគារជាតិ​នៃ​កម្ពុជា​ (NBC) ជាថ្មី​ម្តង​ទៀត​បាន​បន្ត​លើក​ទឹកចិត្ត​ដល់​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ទាំងអស់​នៅ​កម្ពុជា​ឲ្យ​ដាក់ចេញ​នូវ​គោលនយោបាយ​លើកកម្ពស់​ហិរញ្ញប្បទាន​បៃតង​ដោយ​ផ្តោតលើ​ការវិនិយោគ​​ការពារ​បរិស្ថាន​។ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់ NBC បាន​ចេញ​ផ្សាយ​កាលពី​ថ្ងៃទី​ ២៦ កញ្ញា​។

ការអំពាវនាវ​របស់ NBC បាន​ធ្វើ​ឡើង​បន្ទាប់ពី​ធនាគារ​សម្រាប់​ការទូទាត់​អន្តរជាតិ (BIS) បាន​ដាក់​ឲ្យ​ដំណើរការ​ប្រើប្រាស់​នូវ​មូលនិធិ​បើកចំហ​សម្រាប់​ការវិនិយោគ​របស់​ធនាគារ​កណ្តាល​ទៅលើ​សញ្ញា​បណ្ណ​បៃតង ដើម្បី​ឆ្លើយតប​នឹង​តម្រូវ​ការកើនឡើង​សម្រាប់​ការវិនិយោគ​ដែល​មិន​ប៉ះពាល់​ដល់​បរិស្ថាន​។

យោងតាម​សេចក្តី​ប្រកាស​ព័ត៌មាន​នេះ កម្មវិធី​មូលនិធិ​សញ្ញាបណ្ណ​បៃតង​នឹង​ជួយ​ដល់​ធនាគារ​កណ្តាល​ក្នុង​ការដាក់​បញ្ចូល​គោលការណ៍​បរិស្ថាន​ប្រកប​ដោយ​ចីរភាព​ទៅក្នុង​ការគ្រប់គ្រង​ទុនបម្រុង​របស់​ខ្លួន​។

សេចក្តី​ប្រកាស​ព័ត៌មាន​នេះ​បាន​ឲ្យ​ដឹងថា ខណៈ​ការប្រែប្រួល​អាកាសធាតុ​ត្រូវបាន​មើលឃើញ​ថា​ជា​ប្រភព​ចម្បង​នៃ​ភាពមិនច្បាស់លាស់​សម្រាប់​កំណើន​សេដ្ឋកិច្ច និង​អាច​ផ្តល់​ផលប៉ះពាល់​ជា​អវិជ្ជមាន​ទៅលើ​កត្តា​សង្គម និង​បរិស្ថាន ហើយ​ការផ្តល់​ហិរញ្ញប្បទាន​បៃតង​អាច​ផ្តល់​នូវ​ជម្រើស​ដែលមាន​គុណប្រយោជន៍​ជាច្រើន​សម្រាប់​វិនិយោគិន​។

NBC ដែល​ជា​សមាជិក​របស់ BIS បាន​ឲ្យ​ដឹងថា​៖ «​កាលានុវត្តភាព​ដែល​អាច​ទទួល​បាន​ជោគជ័យ​ជាងគេ គឺ​សញ្ញា​បណ្ណ​បៃតង​ដែល​ដើរតួនាទី​សំខាន់​ក្នុងការ​បង្កើន​ការយល់ដឹង និង​កសាង​សមត្ថភាព​ជំនាញ​សម្រាប់​វិនិយោគិន​លើ​បញ្ហា​បរិស្ថាន និង​អាកាសធាតុ​»​។

លោក ជា ចាន់តូ ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា​បាន​ឲ្យ​ដឹង​នៅក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​នេះ​ថា ធនាគារជាតិ​គឺ​មាន​តួនាទី​ចូលរួម​កាត់បន្ថយ​ហានិភ័យ​ហិរញ្ញវត្ថុ​ដែល​បណ្តាលមកពី​ផលប៉ះពាល់​នៃ​ការប្រែប្រួល​អាកាសធាតុ​មកលើ​សេដ្ឋកិច្ច សង្គម និង​បរិស្ថាន​។

លោក​ថ្លែងថា​៖ «​យើង​ជឿជាក់​ថា ស្ថាប័ន​ក៏​ដូចជា​បុគ្គល​នីមួយៗ​នៃ​ប្រទេស​អភិវឌ្ឍន៍ ឬ​កំពុង​អភិវឌ្ឍន៍​ក្តី​អាច​ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​ការរួមចំណែក​ដល់​កំណើន​ប្រកប​ដោយ​សមធម៌ និង​ចីរភាព​តាមរយៈ​ការកាត់បន្ថយ​ល្បឿន​នៃ​ការប្រែប្រួល​អាកាសធាតុ​យ៉ាង​ឆាប់រហ័ស និង​ហានិភ័យ​នៃ​បម្រែបម្រួល​នេះ​»​។

លោក​បាន​អំពាវនាវ​ដល់​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ទាំងអស់​ឲ្យ​ដាក់​ចេញ​គោលនយោបាយ​ដែល​លើកកម្ពស់​ហិរញ្ញប្បទាន​បៃតង​។ លោក​បន្តថា​៖ «​យើង​លើក​ទឹកចិត្ត​យ៉ាង​ខ្លាំង​ដល់​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ទាំងអស់​ឲ្យ​ដាក់​ចេញ​នូវ​គោលនយោបាយ​ដែល​លើកកម្ពស់​ហិរញ្ញប្បទាន​បៃតង និង​គាំទ្រ​ដល់​ការវិនិយោគ​ដែល​ផ្តល់​ផល​វិជ្ជមាន​ដល់​បរិស្ថាន​»​។

លោក អ៊ូ សុផាណារិទ្ធ ប្រធាន​ហិរញ្ញវត្ថុ​ធនាគារ​កាណាឌីយ៉ា​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាលពី​ថ្ងៃ​ចន្ទ​ថា ធនាគារ​កាណាឌីយ៉ា​គាំទ្រ​ចំពោះ​ការអំពាវនាវ​របស់​ធនាគារ​ជាតិ​នេះ​។ លោក​ថ្លែង​ថា​៖ «​វា​ល្អ​សម្រាប់​ប្រទេស​ជាតិ​យើង ក៏ដូចជា​ការជួយ​ឲ្យ​រីកចម្រើន​ក្នុង​វិស័យ​ធនាគារ​ប្រកប​ដោយ​ចីរភាព និង​ការធានា​ក្នុង​ការការពារ​បរិស្ថាន​ផងដែរ​»​។

លោក​បន្តថា​៖ «​គោលនយោបាយ​ឥណទាន​របស់​យើង មុន​យើង​ផ្តល់​ឥណទាន​យើង​បាន​ពិនិត្យមើល​អតិថិជន​ថា​តើ​ក្រៅពី​ផលប្រយោជន៍​អាជីវកម្ម​គាត់ តើ​ការវិនិយោគ​យើង​​ប៉ះពាល់​ដល់​បរិស្ថាន​ឬ​អត់​?»​។

កាលពី​ដើម​ខែ​សីហា​សមាគម​ធនាគារ​នៅ​កម្ពុជា (ABC) ចុះ​ហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​មួយ​ស្តីពី «​កិច្ចសហប្រតិបត្តិការ​លើ​ហិរញ្ញវត្ថុ​ប្រកប​ដោយ​ចីរភាព​» ជាមួយ​ក្រសួង​បរិស្ថាន និង​ធនាគារជាតិ​នៃ​កម្ពុជា និង USAID ដើម្បី​ពង្រឹង និង​អភិវឌ្ឍ​កិច្ចសហប្រតិបត្តិការ​ហិរញ្ញវត្ថុ​ប្រកប​ដោយ​ចីរភាព​ក្នុង​វិស័យ​ធនាគារ​សំដៅ​ជួយ​គាំទ្រ​ដល់​កិច្ចគាំពារ​ផ្នែក​បរិស្ថាន ការគ្រប់គ្រង​ធនធាន​ធម្មជាតិ និង​ការប្រែប្រួល​អាកាសធាតុ​នៅ​កម្ពុជា​៕ LA