
មន្ត្រីជាន់ខ្ពស់ (NBC) បានបញ្ជាក់កាលពីម្សិលមិញថា កិច្ចព្រមព្រៀងការប្រើប្រាស់ប្រាក់យន់ចិននៅកម្ពុជា ជាការអនុញ្ញាតតែក្នុងចំណោមគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុប៉ុណ្ណោះ ហើយមិនសំដៅដល់ចរាចរណ៍ក្រដាសប្រាក់សុទ្ធសម្រាប់ទូទាត់ការលក់រាយប្រចាំថ្ងៃនោះទេ។ AFP
ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់ធនាគារជាតិនៃកម្ពុជា (NBC) បានបញ្ជាក់កាលពីម្សិលមិញថា កិច្ចព្រមព្រៀងការប្រើប្រាស់ប្រាក់យន់ចិននៅកម្ពុជានាពេលកន្លងមកជាការអនុញ្ញាតតែក្នុងចំណោមគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុប៉ុណ្ណោះ ហើយមិនសំដៅដល់ចរាចរណ៍ក្រដាសប្រាក់សុទ្ធសម្រាប់ទូទាត់ការលក់រាយប្រចាំថ្ងៃនោះទេ។
ការបញ្ជាក់នេះធ្វើឡើងបន្ទាប់ពីមានសេចក្តីរាយការណ៍ជាបន្តបន្ទាប់ពីការចុះអនុស្សរណៈនៃការយោគយល់ គ្នានាពេលថ្មីៗនេះរវាងធនាគារចិន (Bank of China) និងក្រសួងទេសចរណ៍កម្ពុជាក្នុងគោលដៅសម្រួលការបង្កើតការទូទាត់តាមប្រព័ន្ធអនឡាញ ឬឌីជីថលដូចជា Union Pay, WeChat Pay, និង Alipay សម្រាប់សណ្ឋាគារ ភោជនីយដ្ឋាន និងទីភ្នាក់ងារទេសចរណ៍ផ្សេងៗ។
លោកស្រី ជា សិរី អគ្គនាយិកាបច្ចេកទេសនៃធនាគារជាតិនៃកម្ពុជា NBC បានលើកឡើងតាមរយៈមន្ត្រីអ្នកនាំពាក្យរបស់លោកស្រីថា ការជំរុញការប្រើប្រាស់ប្រាក់យន់ចិនសម្រាប់ពាណិជ្ជកម្មឆ្លងព្រំដែន និងវិស័យទេសចរណ៍ គឺមិនមែនអនុញ្ញាតឲ្យប្រើប្រាស់ ក្រដាសប្រាក់យន់ (លុយសុទ្ធ) ដើម្បីទូទាត់នៅកម្ពុជាទេ។ រាល់កិច្ចព្រមព្រៀងទាំងនោះ គឺអនុញ្ញាតត្រឹមតែតាមប្រព័ន្ធធនាគារ ដែលកត្តានេះនឹងមិនធ្វើឲ្យប្រាក់យន់ដើរតួនាទីទូទាត់នៅក្នុងការទិញដូរទំនិញនៅកម្ពុជាដូចប្រាក់រៀល ឬប្រាក់ដុល្លារ បច្ចុប្បន្ននោះទេ។ «ការយកលុយយន់ចិនមកចាយដោយផ្ទាល់តែម្តងបានជារឿងត្រូវបារម្ភ។ បើដូច្នេះ វាគ្រាន់តែប្តូរពីការប្រើប្រាស់ដុល្លារ ទៅជាប្រាក់យន់ចិនទេ»។
មន្ត្រីបន្តថា ការអនុញ្ញាតឲ្យមានការចាយប្រាក់យន់តាម Union Pay, Alipay និង WeChat គឺជួយទប់ស្កាត់ការចាយលុយនោះដោយផ្ទាល់។
មន្ត្រីអ្នកនាំពាក្យបញ្ជាក់ថា ការអនុញ្ញាតឲ្យមានការប្រើប្រាស់ប្រាក់យន់សម្រាប់ការទូទាត់សម្រាប់ពាណិជ្ជកម្មឆ្លងព្រំដែន (ទ្វេភាគី កម្ពុជា-ចិន) ក៏មិនមានន័យថា ជាការជំរុញឲ្យមានការទូទាត់ជាប្រាក់យន់នៅក្នុងការលក់ដូររាយប្រចាំថ្ងៃនៅក្នុងប្រទេសនោះទេ។ វាគឺសម្រាប់តែក្រុមហ៊ុនកម្ពុជា និងក្រុមហ៊ុនចិនដែលធ្វើពាណិជ្ជកម្មជាមួយគ្នា អាចធ្វើការទូទាត់ពាណិជ្ជកម្ម ដោយប្រើប្រាស់ប្រាក់យន់ ឬប្រាក់រៀលដោយផ្ទាល់តាមប្រព័ន្ធធនាគារ។
គិតមកទល់ពេលនេះ NBC បានអនុញ្ញាតឲ្យគ្រឹះស្ថានធនាគារ ១៥ អាចធ្វើប្រតិបត្តិការជាលុយយន់ចិន ខណៈធនាគារ ២ ដែលជាសាខាធនាគារ ប្រទេស ចិន នៅកម្ពុជាគឺ ធនាគារចិន និងធនាគារ ICBC ត្រូវបានការអនុញ្ញាតឲ្យក្លាយជាភ្នាក់ងារទូទាត់ប្រាក់យន់ជាមួយធនាគារផ្សេងនៅកម្ពុជា។
ការអនុញ្ញាតឲ្យមានការចាយប្រាក់យន់តាម Union Pay, Alipay និង WeChat គឺស្រដៀងគ្នានឹងអ្វីដែល ធនាគារកណ្តាលកម្ពុជា និងថៃ បានសម្រេចនាពេលថ្មីៗនេះដែរ ដែលបានបើកផ្លូវឲ្យប្រជាជនកម្ពុជា និងថៃ អាចប្រើប្រាស់រូបិយប័ណ្ណរៀងៗខ្លួនក្នុងការទូទាត់នៅទឹកដីប្រទេសទាំង ២។ តែការសម្រេចនេះ ក៏មិនមែនមានន័យថា ប្រជាពលរដ្ឋអាចយកលុយសុទ្ធ (ជាក្រដាសប្រាក់រៀល ឬ ប្រាក់បាត) ទៅទូទាត់ដោយផ្ទាល់នោះទេ។ តែវានឹងត្រូវធ្វើឡើងតាមរយៈទូរស័ព្ទស្មាតហ្វូន ដោយការស្កេន QR កូដ ហើយទឹកប្រាក់នឹងត្រូវបានកាត់កងតាមគណនីធនាគារ។
លោក អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារអេស៊ីលីដា បានបញ្ជាក់កាលពីម្សិលមិញថា ប្រជាពលរដ្ឋមិនគួរព្រួយបារម្ភទាក់ទងនឹងការអនុញ្ញាតរបស់ NBC ក្នុងការឲ្យប្រាក់យន់ចរាចរនៅក្នុងប្រព័ន្ធធនាគារទេ ព្រោះថា ការអនុញ្ញាតនេះមិនមែនមានន័យថា ប្រាក់យន់នឹងប្រើប្រាស់ដូចប្រាក់រៀល ឬដុល្លារដូចសព្វថ្ងៃទេ។
លោកថ្លែងថា៖ «តាមពិតទៅ វាកំពុងជំរុញឲ្យមានកំណើនពាណិជ្ជកម្មអន្តរជាតិ ហើយវាក៏ជាចំណែកមួយក្នុងការជំរុញការប្រើប្រាស់រូបិយប័ណ្ណជាតិសម្រាប់ជាមធ្យោបាយទូទាត់ពាណិជ្ជកម្មអន្តរជាតិទៅវិញទេ»៕