
ធនាគារជាតិនៃកម្ពុជា ដែលតម្រូវឲ្យគ្រឹះស្ថានហិរញ្ញវត្ថុទាំងអស់នៅកម្ពុជាត្រូវមានទុនកម្ចីជាប្រាក់រៀលយ៉ាងហោចណាស់ ១០ ភាគរយនៃកម្ចីសរុប។ ហេង ជីវ័ន
ភ្នំពេញៈ ធនាគារពាណិជ្ជនៅកម្ពុជាបានបង្ហាញផែនការក្នុងការបង្កើនការផ្តល់កម្ចីប្រាក់រៀលទៅឲ្យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ (MFI) ឲ្យបានច្រើនជាងមុនសម្រាប់ឆ្នាំនេះ និងឆ្នាំក្រោយ ដើម្បីបង្កើនកម្ចីជាប្រាក់រៀលឲ្យបានយ៉ាងហោចណាស់ ១០ ភាគរយនៃកម្ចីសរុបនៅមុនដំណាច់ឆ្នាំ ២០១៩។ នេះបើតាមការបញ្ជាក់ពីតំណាងធនាគារជាច្រើន។
ការធ្វើបែបនេះដើម្បីបំពេញតាមលក្ខខណ្ឌរបស់ធនាគារជាតិនៃកម្ពុជា ដែលតម្រូវឲ្យគ្រឹះស្ថានហិរញ្ញវត្ថុទាំងអស់នៅកម្ពុជាត្រូវមានទុនកម្ចីជាប្រាក់រៀលយ៉ាងហោចណាស់ ១០ ភាគរយនៃកម្ចីសរុបរបស់ពួកគេ។
ក្នុងសេចក្តីប្រកាសរបស់ខ្លួនដែលបានចេញកាលពីឆ្នាំ ២០១៦ ធនាគារជាតិបានទុកពេលឲ្យស្ថាប័នទាំងអស់ត្រូវបំពេញតាមលក្ខខណ្ឌនេះ រហូតដល់ដំណាច់ឆ្នាំ ២០១៩។
ធនាគារពាណិជ្ជជាច្រើនដែលភ្នំពេញប៉ុស្តិ៍បានសាកសួរ បានបញ្ជាក់ថា ពួកគេមានកម្ចីជាប្រាក់រៀលតិចជាង ៥ ភាគរយប៉ុណ្ណោះគិតមកទល់ពេលនេះ ប៉ុន្តែរំពឹងថា នឹងអាចសម្រេចបានទាន់ពេល ដោយសារពួកគេបានសម្លឹងឃើញយុទ្ធសាស្រ្តក្នុងការផ្តល់កម្ចីជាប្រាក់រៀលទៅឲ្យ MFI ដែលកំពុងមានតម្រូវការដើមទុនជាប្រាក់រៀលច្រើន។
លោក Han Peng Kwang អ្នកគ្រប់គ្រងទូទៅនៅធនាគារ Phillip Bank ដែលកន្លងមកមិនបានផ្តល់កម្ចីជាប្រាក់រៀល បានឲ្យដឹងថា ធនាគារនេះបានបញ្ចេញកម្ចីជាប្រាក់រៀលលើកដំបូង បន្ទាប់ពី NBC បានចេញប្រកាសស្ដីពីកម្ចីជាប្រាក់រៀល។
លោកបន្ថែមថា Phillip Bank នឹងអាចឆ្លើយតបតាមតម្រូវការត្រឹមខែ ធ្នូ ឆ្នាំ ២០១៩ ដោយរំពឹងលើអតិថិជនសក្ដានុពលពីវិស័យមីក្រូហិរញ្ញវត្ថុរួមមានដូចជា MFI សហគ្រាសធុនតូច និងមធ្យម និងប្រតិបត្តិករឥណទានជនបទ។
លោកថ្លែងថា៖ «យើងយល់ថាការធ្វើប្រតិបត្តិការជាប្រាក់រៀលមានការប្រើប្រាស់ច្រើនក្នុងចំណោមប្រជាជននៅតាមខេត្ត និងជនបទ ដែលធ្វើឲ្យកម្ចីជាប្រាក់រៀលមានតម្រូវការខ្ពស់»។
លោកបានបន្តថា៖ «ស្របពេលដែលធនាគារ PhillipBank មិនទាន់មានវត្តមាននៅតាមបណ្តាខេត្តនៅឡើយ យើងនឹងផ្តល់កម្ចីដុំទៅឲ្យ MFI ដែលមានសាខាច្រើននៅតាមបណ្តាខេត្ត ហើយត្រូវការទុនជាប្រាក់រៀលដើម្បីបំពេញតម្រូវការពីអតិថិជនពួកគេនៅបណ្តាខេត្ត»។
យោងតាមលោក Han អ្នកខ្ចីភាគច្រើននៅទីក្រុងភ្នំពេញស្នើសំុកម្ចីជាប្រាក់ដុល្លារ ជាជាងប្រាក់រៀល ទោះបីនាពេលនេះមានអ្នកខ្ចីមួយចំនួនចាប់ផ្តើមយល់ព្រមទទួលយកកម្ចីមួយផ្នែកជាប្រាក់រៀលក៏ដោយ។
ធនាគារពាណិជ្ជបរទេស ធ្លាប់បានលើកឡើងនៅក្នុងកិច្ចប្រជុំមួយរវាងប្រតិបត្តិការធនាគារ និងតំណាងរបស់ NBC កាលពីចុងឆ្នាំមុនថា ការតម្រូវឲ្យមានកម្ចី ១០ ភាគរយជាប្រាក់រៀល មានការពិបាក ដោយសារអតិថិជនធំៗរបស់ពួកគេចង់បានប្រាក់បញ្ញើ និងកម្ចីជារូបិយប័ណ្ណបរទេសជាង។
អ្នកនៅក្នុងឧស្សាហកម្មនេះឲ្យដឹងថា ផលបត្រកម្ចីសរុបក្នុងវិស័យធនាគារ នៅពេលនោះ មានតែ ២ ភាគរយប៉ុណ្ណោះជាកម្ចីជាប្រាក់រៀល ហើយក្នុងចំណោមនោះ ភាគច្រើនជាកម្ចីពីធនាគារអេស៊ីលីដា និង MFI។
លោក Chang Moo Shin ប្រធានធនាគារ PPCB ដែលបានផ្តល់កម្ចីប្រហែល ៥៧០ លានដុល្លារ បានឲ្យដឹងថា ធនាគាររបស់លោកមានផលបត្រកម្ចីជាប្រាក់រៀលតិចជាង ៥ ភាគរយប៉ុណ្ណោះនៅពេលបច្ចុប្បន្ន។
ប៉ុន្តែលោករំពឹងថា នឹងសម្រេចបាន ១០ ភាគរយ តាមការតម្រូវត្រឹមចុងឆ្នាំក្រោយ ដោយការជំរុញកម្ចីដោយផ្ទាល់ជាមួយ SME និងដោយប្រយោលតាមរយៈ MFI។
លោកថ្លែងថា៖ «យើងធ្វើការងារជាមួយ MFI ដើម្បីបញ្ចុះបញ្ចូលពួកគេឲ្យបង្កើនផលបត្រកម្ចីរបស់ពួកគេជាប្រាក់រៀល។ យើងដាក់ប្រាក់បញ្ញើប្រាក់រៀលទៅក្នុង MFI ហើយតាមរយៈការធ្វើដូចនេះ យើងបង្កើនដោយប្រយោលនូវផលបត្រកម្ចីជាប្រាក់រៀលរបស់យើង»។
លោកបន្តថា៖ «ជាជាងការវាយលុកទីផ្សារ MFI យើងព្យាយាមជំរុញប្រតិបត្តិការរបស់ពួកគេ ដើម្បីឲ្យពួកគេអាចផ្ដល់កម្ចីជាប្រាក់រៀលខ្មែរ ដល់អតិថិជនរបស់ពួកគេ ជាមួយនឹងលក្ខខណ្ឌកាន់តែប្រសើរ។
លោក យុន សុវណ្ណា នាយកប្រតិបត្តិសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បញ្ជាក់កាលពីម្សិលមិញថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកម្ពុជា មានលទ្ធភាពទទួលកម្ចីជាប្រាក់រៀលពីធនាគារច្រើនជាងពេលមុន។
លោកថ្លែងថា៖ «ការមានកម្ចី [ជារៀល] ច្រើនជាងមុន ដោយមានលក្ខខណ្ឌល្អជាងមុន គឺជាការវិវត្តវិជ្ជមានមួយដោយសារថា ការទទួលបានទុនជាប្រាក់រៀលតែងតែមានតម្លៃខ្ពស់ជាងដុល្លារ។ ទុនជារៀលច្រើនជាងមុន ក៏ត្រូវតាមប្រភេទប្រាក់ចំណូលរបស់អតិថិជនផងដែរ ដែលកត្តានេះអាចជួយបង្កើនប្រតិបត្តិការជារូបិយប័ណ្ណជាតិ»។
លោកបន្ថែមថា ការលើកទឹកចិត្តកាន់តែច្រើនគួរតែត្រូវបានផ្ដល់ដល់អ្នកខ្ចីជារូបិយប័ណ្ណក្នុងស្រុក ពិសេសអ្នកដែលស្ថិតក្នុងវិស័យ SME និងវិស័យកសិកម្ម៕ LA