ក្រុងហ្ស៊ូរិចៈ ធនាគារ UBS ដែលជា​ធនាគារ​ដ៏ធំ​មួយ​របស់​ប្រទេស​ស្វ៊ីស​បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​អង្គារ​ថា ប្រាក់ចំណេញ​រយៈពេល​ពេញ​ ១ ​ឆ្នាំ ​របស់ខ្លួន​បាន​ធ្លាក់ចុះ​កាលពី​ឆ្នាំមុន ប៉ុន្តែ​ថា​វិធានការ​ជំរុញ​សេដ្ឋកិច្ច និង​លក្ខខណ្ឌ​រូបិយវត្ថុ​កាន់តែ​ងាយស្រួល​នានា «​បាន​ចូលរួម​ចំណែក​ដល់​ការកើតមាន​លទ្ធផល​ខ្លាំង​មួយ​ក្នុង​ទីផ្សារ​ហិរញ្ញវត្ថុ​នៅ​ត្រីមាស​ទី​ ៤»​។

ធនាគារ​នេះ​បាន​ឲ្យ​ដឹង​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ថា «​ធនាគារ UBS បានផ្តល់​លទ្ធផល​ពេញ​ ១ ​ឆ្នាំ​ ២០១៩ ដ៏​រឹងមាំ​នៅក្នុង​ស្ថានភាព​ទីផ្សារ​ចម្រុះ​» ដោយ​ប្រាក់ចំណេញ​សុទ្ធ​ធ្លាក់ចុះ ៥ ​ភាគរយ​ មក​នៅត្រឹម ៤,៣ ​ពាន់​លាន​ដុល្លារ (៣,៨ ​ពាន់​លាន​អឺរ៉ូ​)​។

ប្រាក់ចំណេញ​មុន​បង់ពន្ធ​ដែល​ត្រូវបាន​កែតម្រូវ​សម្រាប់​ការចំណាយ​លើ​ការរៀបចំ​រចនាសម្ព័ន្ធ​ឡើងវិញ​ធ្លាក់ ០,៥ ​ភាគរយ​ មក​នៅត្រឹម ៦,០៤ ​ពាន់​លាន​ដុល្លារ តែ​ប្រាក់ចំណេញ​មុន​បង់ពន្ធ​ក្នុង​អាជីវកម្ម​គ្រប់គ្រង​ទ្រព្យសកម្ម​ពិភពលោក​បាន​កើនឡើង ៤ ​ភាគរយ​ ដល់ ៣,៤ ពាន់​លាន​ដុល្លារ​។

គ្រាន់តែ​នៅ​ត្រីមាស​ទី​ ៤ ប្រាក់ចំណេញ​មុន​បង់ពន្ធ​ដែល​ត្រូវបាន​កែតម្រូវ​បាន​កើនឡើង ១៥៣ ភាគរយ​ ដល់ ១,២ ​ពាន់​លាន​ដុល្លារ ដែល​ត្រូវបាន​ជំរុញ​ជា​ចម្បង​ដោយ​សកម្មភាព​គ្រប់គ្រង​ទ្រព្យសកម្ម និង​ធនាគារ​វិនិយោគ​។

លោក Sergio Ermotti នាយក​ប្រតិបត្តិ​ធនាគារ UBS បាន​ថ្លែងថា​៖ «​យើង​បានបញ្ចប់​ឆ្នាំ​ដ៏រឹងមាំ​មួយ ដោយ​ប្រាក់ចំណេញ​មុន​បង់ពន្ធ​ដែល​ត្រូវបាន​កែតម្រូវ​មាន​ភាព​ល្អប្រសើរ​បំផុត​នៅ​ត្រីមាស​ទី​ ៤ ​គិត​ចាប់ពី​ឆ្នាំ​ ២០១០ មក​»​។

ធនាគារ​នេះ​នឹង​បង់​ភាគលាភ​ជូន​ម្ចាស់​ភាគហ៊ុន ០,៧៣ ដុល្លារ​ ក្នុង​ ១ ​ហ៊ុន ​នៅ​ឆ្នាំ​ ២០១៩ និង ០,៧ ​ដុល្លារ​ នៅ​ឆ្នាំ​ ២០១៨៕ KC