ភ្នំពេញ: សាជីវកម្ម​ហិរញ្ញវត្ថុ​អភិវឌ្ឍន៍​អន្តរជាតិ (DFC) របស់​អាមេរិក បានអនុម័ត​ទឹកប្រាក់​ ៥០ ​លាន​ដុល្លារ​ដល់​ធនាគារ​ហត្ថា ដើម្បី​ពង្រីក​កម្ចី​ខ្នាតតូច​ដល់​ស្ដ្រី និង MSMEs នៅក្នុង​ប្រទេស​កម្ពុជា ជាពិសេស​នៅតាម​តំបន់​ជនបទ​របស់​ប្រទេស​នេះ​។

លោក W.Partrick Murphy ឯកអគ្គរាជទូត​អាមេរិក​ប្រចាំ​កម្ពុជា​បាន​ប្រកាស​អំពី​ការផ្តល់​កម្ចី​នេះ​កាលពី​ថ្ងៃ​ពុធ​នៅមុន​ការបើក​ដំណើរការ​វេទិកា​ធុរកិច្ច​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក ដែល​ត្រូវបាន​ធ្វើឡើង​តាម​វីដេអូ​ខនហ្វើរ៉ិន​ពី​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម​នៅ​ទីក្រុង​ភ្នំពេញ​នៅមុខ​គណៈប្រតិភូ​ធុរកិច្ច​កម្ពុជា​ ២០ ​រូប​។

លោក​បាន​ថ្លែងថា​៖ «​ខ្ញុំ​មាន​សេចក្ដី​រីករាយ​យ៉ាងខ្លាំង​ក្នុង​ការប្រកាស​ការវិនិយោគ​របស់ DFC ចុងក្រោយ​បំផុត​នៅក្នុង​ប្រទេស​កម្ពុជា គឺជា​កម្មវិធី​ ៥០ ​លាន​ដុល្លារ​ជាមួយ​ធនាគារ​ហត្ថា​។ ការវិនិយោគ​នេះ​នឹង​គាំទ្រ​ក្រុមហ៊ុន និង​សហគ្រាស​ធុន​តូច និង​មធ្យម​ផ្នែក​កសិកម្ម សូឡា និង​វិស័យ​អប់រំ​»​។

លោក​ឱ្យដឹងថា វា​ជា​កញ្ចប់​ហិរញ្ញប្បទាន​ដែល​សាជីវកម្ម​ហិរញ្ញវត្ថុ​អភិវឌ្ឍន៍​ទទួលបាន​ស្ដង់ដា​ការងារ​ល្អ​បំផុត​ជាមួយ​ដៃគូ​។ DFC បានធ្វើ​រួចហើយ​ជាមួយ​គម្រោង​មានតម្លៃ​ជាង​ ២០០ ​លាន​ដុល្លារ​នៅក្នុង​ប្រទេស​កម្ពុជា និង​ច្រើនជាង​នេះ​នៅពេល​ខាងមុខ​។

លោក​លើកឡើង​ថា​៖ «​ខ្ញុំ​គិតថា ជាមួយ​នឹង​ធនាគារ​នេះ ការផ្ដោត​ការយកចិត្ត​ទុកដាក់​ជាពិសេស​លើ​ជន​ងាយ​ទទួល​រងគ្រោះ​ខ្លាំង​បំផុត ជា​ឧទាហរណ៍​សម្រាប់​ស្ដ្រី និង SMEs​។ ការណ៍​នេះ​បង្កើត​លទ្ធភាព​ក្នុង​ការទទួល​បាន​ហិរញ្ញប្បទាន និង​ដើមទុន​ដែល​បើ​អ៊ីចឹង​ទេ វា​មិនមាន​លទ្ធភាព​នោះទេ​។ នោះ​ខ្ញុំ​គិតថា តម្រូវការ​នឹង​នៅទីនេះ​នៅក្នុង​ប្រទេស​កម្ពុជា ខណៈ​អ្នក​ដែល​ងាយ​ទទួល​រងគ្រោះ​ខ្លាំង​បំផុត ហើយ​យើង​ដឹង​ច្បាស់​ហើយ​អំពី​បញ្ហា​នោះ យើង​បាន​និយាយ​ទៅកាន់​រដ្ឋាភិបាល និង​ភាគី​ពាក់ព័ន្ធ​ផ្សេងទៀត​នៅទីនេះ​»​។

លោក​បន្ថែមថា​៖ «​អ្នកមាន​ប្រជាជន​ច្រើន​ដែល​កំពុង​ស្ថិត​នៅក្នុង​ហានិភ័យ ពលករ​ចំណាក​ស្រុក​នឹង​ត្រឡប់​មកវិញ កសិករ​មាន​ដើមទុន​តិច ស្ដ្រី​ និង​អ្នក​ផ្សេងទៀត​កំពុង​ជួប​ការលំបាក​យ៉ាងខ្លាំង និង​ការបាត់បង់​ការងារ​របស់​ពួកគេ ដោយសារតែ​ការបិទទ្វារ​រោងចក្រ និង​ការធ្លាក់ចុះ​ការនាំចេញ ឬ​នៅក្នុង​វិស័យ​ទេសចរណ៍​ជាដើម​»​។

កម្ចី​ដល់​ធនាគារ​ហត្ថា គឺជា​កញ្ចប់​កម្ចី​របស់​ក្រុមប្រឹក្សា​ភិបាល DFC ដែល​បានអនុម័ត​ការវិនិយោគ​នៅ​ត្រីមាស​នេះ​សរុប​ជាង​ ២,៥ ​ពាន់​លាន​ដុល្លារ នៅក្នុង​គម្រោង​ចំនួន​ ៩ ដែល​នឹង​ជំរុញ​ការអភិវឌ្ឍ​នៅ​អាហ្វ្រិក អាមេរិក​ឡាទីន និង​ទីផ្សារ​រីកចម្រើន​រហ័ស​នៅ​ទូទាំង​ពិភពលោក​។

លោក Adam Boehler អគ្គនាយក DFC បានឱ្យដឹង​នៅក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​ដែល​បានចេញ​ផ្សាយ​កាលពី​ដើម​ខែ​កញ្ញា​ថា​៖ «​ការងារ​របស់ DFC ក្នុង​រយៈពេល​ ៣ ​ខែ​កន្លង​មក​នេះ​នឹង​បញ្ចេញ​ទឹកប្រាក់​រាប់ពាន់​លាន​ដុល្លារ​នៅក្នុង​ប្រទេស​មួយចំនួន​ក្នុង​ចំណោម​ប្រទេស​ក្រីក្រ​បំផុត​របស់​ពិភពលោក​។ គម្រោង​ទាំងនេះ​នឹង​ជួយ​ធ្វើឱ្យ​មាន​ស្ថិរភាព​សហគមន៍​ទូទាំង​ពិភពលោក និង​រៀបចំ​ឱ្យ​ពួកគេ​រីកចម្រើន​ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំ​ខាងមុខ​នេះ​។ ខ្ញុំ​មាន​មោទនភាព​យ៉ាងខ្លាំង​ក្នុងនាម​តំណាងឱ្យ DFC និង​សូម​ថ្លែងអំណរគុណ​ដល់​​ដៃគូ​ជាច្រើន​របស់​ទីភ្នាក់ងារ​នេះ សម្រាប់​ការបន្ត​ដឹកនាំ​របស់​​ពួកគេ​នៅក្នុង​គ្រា​នៃ​ការរីករាលដាល​ជំងឺ​កូវីដ​១៩​នេះ​។

កាល​ដើម​ខែ​កញ្ញា ធនាគារ​ហត្ថា​បាន​ប្រកាស​ជា​ផ្លូវការ​ក្នុង​ការក្លាយ​ជា​ធនាគារពាណិជ្ជ បន្ទាប់ពី​រយៈពេល​ ៤ ​ឆ្នាំ​ដែល​ធនាគារ Krungsri របស់​ថៃ និង​ជា​សមាជិក​របស់ Mitsubishi UFJ Financial Group Inc ជា​ក្រុមហ៊ុន​ផ្ដល់​សេវា​ហិរញ្ញវត្ថុ​ពិភពលោក​មាន​មូលដ្ឋាន​នៅ​ទីក្រុង​តូក្យូ​បាន​បញ្ចប់​ការទិញ​ភាគហ៊ុន​ ១០០ ​ភាគរយ​របស់ HKL កាលពី​ខែ​តុលា​ឆ្នាំ​ ២០១៦​។

បច្ចុប្បន្ន HKL មាន​ដើមទុន​ចុះបញ្ជី​ ១១៥ ​លាន​ដុល្លារ​នៅ NBC និង​មាន​សាខា ១៧៧ ដែល​ផ្ដល់​សេវា​ហិរញ្ញវត្ថុ​ជាច្រើន​ប្រភេទ ដូចជា​សេវា​ប្រាក់​សន្សំ ការផ្ទេរប្រាក់ សេវា​បើក​ប្រាក់ខែ សេវា​ធនាគារ​ចល័ត និង​ធានារ៉ាប់រង​។ HKL ប្រតិបត្តិការ​ម៉ាស៊ីន​អេធីអឹម ១៣៧ គ្រឿង​ទូទាំង​ប្រទេស​នៅ​ទីក្រុង​ភ្នំពេញ និង​ ២៤ ​ខេត្ត​ក្រុង​៕LA