ក្រុង​ឡុងដ៏ៈ ធនាគារ​​ Barclays បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​អង្គារ​​ថា ការខាត​បង់​ទាក់​ទង​នឹង​ការ​លក់​អាជីវ​កម្ម​នៅ​អាហ្វ្រិក​របស់​ខ្លួន​ ការ​ចំណាយ​លើ​ជម្លោះ​ និង​ផល​ប៉ះ​ពាល់​អវិជ្ជ​មាន​ម្តង​ម្តាល ​​ដោយ​សារ​កំណែ​ទម្រង់​ពន្ធ​របស់​អា​មេរិក​​បាន​ជំរុញ​​​ឲ្យ​ក្រុម​ហ៊ុន​របស់​ខ្លួន​ខាត​បង់​កាល​ពីឆ្នាំ​២០១​៧​។​

ធនាគារ​ Barclays បាន​ឲ្យដឹង​​​ក្នុងសេច​ក្ដី​ប្រកាស​ព័ត៌​មាន​មួយ​ថា ខ្លួន​បាន​ខាត​បង់​សុទ្ធ​ចំនួន ១​,៩២២​ ពាន់​លាន​ផោន (​២,៧​ ពាន់​លាន​ដុល្លារ​ ឬ ២,២ ​ពាន់​លាន​អឺរ៉ូ​) កាល​ពី​ឆ្នាំ ​២០១​៧ ធៀបនឹង​ប្រាក់​ចំណេញ​ចំនួន ​១,​៦២៣ ពាន់​លាន​ផោន​កាល​ពី​ឆ្នាំ​ ២០១​៦​។​

ធនាគារ​​ឈាន​មុខ​គេ​របស់​ចក្រភព​អង់គ្លេសមួយ​នេះ​បាន​ឲ្យ​ដឹង​ថា ការ​ខាត​បង់​នេះ​បាន​បណ្ដាល​​មក​ពី​ការ​ចំណាយ​​លើ​ជម្លោះ​​ចំនួន​ ១,២ ​ពាន់​លាន​ផោន​ ការ​ខាត​បង់​​​ជាប់​ទាក់​ទង​នឹង​ការ​លក់​​ក្រុ​ម​ហ៊ុន Barclays Africa Group Limited (BAGL) ចំនួន​ ២,​៥ ​ពាន់​លាន និង​ការ​បង់​​ពន្ធ​សុទ្ធ​​​ចំនួន ​០,៩ ​ពាន់​លាន​ផោន​​​​​នៅ​ត្រីមាស​ទី​ ៤​ ឆ្នាំ ​២០១​៧​។​

ផ្ទុយ​ទៅ​វិញ ប្រាក់​ចំណេញ​មុន​ពេល​បង់​ពន្ធ​​បា​ន​កើន​ឡើង​ ១០ ​ភាគរ​យដល់​ ៣,​៥ ​ពាន់​លាន​ផោន​​​កាល​ពី​ឆ្នាំ ​២០១​៧។ នេះ​បើ​យោង​តាម​ធនាគារ​ Barclays៕ AFP/​LA