ភ្នំពេញៈ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នា​ថ្ងៃ​សុក្រ​នេះ​ បាន​ប្រកាសចាក់​បញ្ចូល​ទុន​បន្ថែម​ ៥០ លាន​ដុល្លារ​ដល់​ធនាគារ​អភិវឌ្ឍន៍​ជន​បទ ហើយ​​បន្ថែម​មុខ​ងារ​ធនាគារ​នេះ​ ជា​ធនាគារ​គោល​នយោបាយរបស់​រាជ​រដ្ឋាភិបាល​​បន្ថែម​ពី​មុខងារ​ស្នូល​ជា​គ្រឹះ​ស្ថាន​ផ្តល់​កម្ចី។

រាជ​រដ្ឋា​ភិ​បាល​ក៏​បានសម្រេច​ប្តូរ​នាម​ករណ៍​របស់​ធនាគារ​នេះ​ទៅ​ជា​ ធនាគារ​អភិវឌ្ឍន៍​ជន​បទ និង​កសិ​កម្ម​វិញ​ក្នុង​បំ​ណង​ជំ​រុញ​ឲ្យ​ប្រ​តិ​បត្ត​ការ​ធនាគារ​នេះ​​​កាន់​តែមាន​សមត្ថ​ភាព​រឹង​មាំ។

ថ្លែងក្នុង​​វេទិកា​រាជរដ្ឋាភិបាល​ ផ្នែក​ឯក​ជន ​លើក​ទី ១៨ នា​ថ្ងៃ​សុក្រ​នេះ លោក​ ហ៊ុន​ សែន ​បាន​លើក​ឡើង​ថា ក្នុង​បំណង​ជំ​រុញ​ឲ្យ​ធនាគារ​អភិវដ្ឍន៍​ជន​បទ​កាន់​តែមាន​សមត្ថ​ភាព​រឹង​មាំ ហើយ​មាន​លទ្ធភាព​ផ្តល់​ហិរញ្ញប្បទាន​ និង​សេវា​កម្ម​ពេញ​លេញ ប្រកប​ដោយ​ប្រសិទ្ធ​ភាព​ដល់​ការ​អភិវឌ្ឍន៍​កសិកម្ម​និង​សេដ្ឋកិច្ច​ជន​បទ លោក​​បាន​សម្រេច​ប្រែ​ក្លាយ​ ធនាគារ​អភិវឌ្ឍន៍​ជនបទ ឲ្យ​ទៅ​ជា ​ធនាគា​អភិវឌ្ឍន៍​ជន​បទ​ និង ​កសិកម្ម​ ដែល​បំពេញ​មុខងារ​ជា​ធនាគារ​ពាណិជ្ជ​ផង និង​ ធនាគារ​គោល​នយោបាយ​ផង។

លោក​ថ្លែង​ថា៖​ «ក្រុម​កាងារ​ដឹក​នាំ​ដោយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​កំពុង​សិក្សា​និង​រៀប​ចំ​កិច្ចការ​នេះ រួម​មាន​ទាំង​ការ​រៀប​ចំ​ទស្ស​នៈ​ទាន និង​គំ​រូ​ធុរកិច្ច គម្រោង​​ផែន​ការ​វិនិយោគ និង​ផែនការ​អាជីវ​កម្ម​រយៈពេល​មធ្យម ព្រម​ទាំង​ត្រៀម​អនុ​វត្ត​នូវ​បណ្តា​លក្ខ័ណ្ឌ​នា​នា​ តាម​បទ​បញ្ញត្តិ​ច្បាប់តម្រូវ»។

លោក​បន្ត​ថា៖ «ដើម្បី​គោល​ដៅ​នេះ​ខ្ញុំ​បាន​សម្រេច​បន្ថែម​ទុន​ ៥០ លាន​ដុល្លារដល់​ធនាការ​អភិវឌ្ឍន៍​ជន​បទ»។

យោង​តាម​របាយ​ការណ៍​របស់​ ធនាគារ​ជាតិ​នៃ​កម្ពុជា​ គិត​មក​ត្រឹម​ដំណាច់​ឆ្នាំ ២០១៧ ធនាគារ​អភិវឌ្ឍន៍​ជនបទ​មាន​ទ្រព្យ​សកម្ម​សរុប ១៦០ លាន​ដុល្លារ។

ធនាគារ​អភិវឌ្ឍន៍​ជន​បទ ​ទទួល​បាន​ប្រាក់​ចំណេញ​សុទ្ធ​ពី​ប្រតិបត្តិការ​នៅ​ឆ្នាំ ២០១៧ ចំនួន ៦៣,៦ ម៉ឺន​ដុល្លារ៕