ភ្នំពេញៈ ធនាគារ​អេស៊ីលីដា ដែលជា​ធនាគារ​ក្នុង​ស្រុក​ឈានមុខ​គេ និង​ធនាគារ​ឯកទេស​វីង សម្រេចបាន​កិច្ចព្រមព្រៀង​ភាព​ជា​ដៃគូ ដើម្បី​ផ្ដល់​សេវា​ផ្ទេរប្រាក់ និង​ការទូទាត់​ជា​ផ្លូវការ​ក្នុង​ការពង្រីក​សេវា​កាន់តែ​ទូលំទូលាយ​ទូទាំងប្រទេស​ឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព ប្រសិទ្ធផល និង​សុវត្ថិភាព​សម្រាប់​អតិថិជន​របស់​ធនាគារ​ទាំង​ ២ ​ព្រមទាំង​សាធារណជន​។

កិច្ចព្រមព្រៀង​នេះ​ត្រូវបាន​ធ្វើឡើង​នៅ​ការិយាល័យ​កណ្ដាល​ធនាគារ​អេស៊ីលីដា​នៅ​ទីក្រុង​ភ្នំពេញ​កាលពី​ថ្ងៃ​ពុធ​រវាង​ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ​អេស៊ីលីដា លោក អិន ចាន់នី និង​លោក Manu Rajan អគ្គនាយក​ធនាគារ វីង​។

លោក អ៊ិន ចាន់នី បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​ធនាគារ​របស់លោក​មាន​បណ្ដាញ​ម៉ាស៊ីន​អេធីអឹម​ឈានមុខ​គេ ៦២៧ ​គ្រឿង ទូទាំង​ប្រទេស​កម្ពុជា និង​មាន​ម៉ាស៊ីន​ឆូត​កាត​អេស៊ីលីដា​ជាង ៤ ២៨៩ គ្រឿង​។ ជាមួយ​គ្នា​នេះ​ដែរ ខណៈ​ធនាគារ​អេស៊ីលីដា​ក៏​ជា​ធនាគារ​ឌីជីថល​ដែល​មាន​បណ្ដាញ​ដ៏ទូលំទូលាយ​នៃ​ជម្រើស​ដែល​រួមទាំង​អេស៊ីលីដា​ទាន់​ចិត្ត​អាច​ឲ្យ​អតិថិជន​ទាំងអស់​ដំណើរ​ប្រតិបត្តិការ​ធនាគារ​តាមរយៈ​ទូរស័ព្ទ​ស្មាតហ្វូន​របស់ខ្លួន​ផង​ដេរ​។

លោក​បន្តថា គិត​មក​ដល់​ថ្ងៃនេះ​អេស៊ីលីដា​ទាន់​ចិត្ត​គឺជា​សេវា​ធនាគារ​ចល័ត​ឈានមុខ​គេ​នៅក្នុង​ប្រទេស​ កម្ពុជា​ ដែល​មាន​អ្នកប្រើប្រាស់ ១ ២២៦ ៣៨៣ នាក់​ បាន​ចុះបញ្ជី​ជា​លក្ខណៈ​បុគ្គល និង​ ៣០ ៩៨៩ ចុះបញ្ជី​ជា​ដៃគូ​សាជីវកម្ម​។

លោក​បាន​បញ្ជាក់ថា​៖ «​សាជីវកម្ម​ជំរុញ​ធនាគារ​ទាំង​ ២ ​នេះ​ឲ្យ​មាន​បណ្ដាញ​ប្រតិបត្តិការ​កាន់តែ​ទូលំទូលាយ​ចំនួន ៤៣ ៤៧៦ កន្លែង​ដែល​គ្របដណ្ដប់​ទូទាំងប្រទេស​ដែល​ជួយ​សម្រួល​ដល់​សេវា​ផ្ទេរប្រាក់ និង​ទូទាត់​របស់​អតិថិជន​យ៉ាង​ទូលំទូលាយ រហ័ស ងាយស្រួល និង​សុវត្ថិភាព​»​។

លោក​បាន​ថ្លែងថា​៖ «​អត្ថប្រយោជន៍​របស់​វា​គឺ​មាន​ច្រើន ហើយ​វា​ក៏​គាំទ្រ​ដល់​កំណើន​របស់​អតិថិជន​ផងដែរ ខណៈ​វា​កាត់បន្ថយ​ហានិភ័យ និង​ការចំណាយ​។ ពេលនេះ​អតិថិជន ដែល​មាន​គណនី​ជាមួយ​អេស៊ីលីដា​អាច​ធ្វើការ​ទូទាត់​កម្ចី​ជាថ្មី និង​ការដក​សាច់ប្រាក់​/​ប្រាក់​បញ្ញើ​នៅក្នុង​បណ្ដាញ​ប្រតិបត្តិការ​របស់​ធនាគារ​ទាំង​ ២ ​ទូទាំង​ប្រទេស​បាន​»​។

លោក Manu Rajan អគ្គនាយក​ធនាគារ វីង បាន​ឲ្យ​ដឹងថា ក្នុង​រយៈពេល​ជាង​ ១០ ​ឆ្នាំ​កន្លង​មក​ធនាគារ​វីង​បាន​ធានាថា ប្រជាជន​កម្ពុជា​រាប់លាន​នាក់​ទទួល​បាន​ភាពងាយស្រួល និង​សន្ដិសុខ បើ​និយាយ​អំពី​សេវា​ហិរញ្ញវត្ថុ​ចល័ត តាមរយៈ​ការបង្កើត​បណ្ដាញ​ថ្នាក់​ពិភពលោក​នៃ​ទីភ្នាក់ងារ Wing Cash Express Agents ជា​ឆ្អឹងខ្នង​របស់ខ្លួន​។

លោក​បាន​បន្តថា បច្ចុប្បន្ន​ដោយ​មាន​ការទុកចិត្ត​របស់​អតិថិជន​ជាង​ ៥ ​លាន​នាក់​ ដែល​ភាគច្រើន​ក្នុង​ចំណោម​អ្នក​ទាំងនោះ​មិន​មាន​គណនី​ក្នុង​ធនាគារ​បាន​ជួយ​ឲ្យ​វីង​ក្នុង​ការគាំទ្រ​ដល់​សេដ្ឋកិច្ចកម្ពុជា​ដោយ​ការជួយ​សម្រួល​ប្រតិបត្តិការ​មាន​តម្លៃ​ជិត​ដល់​ ៨០ ​ភាគរយ ​នៃ​ផលិតផល​ក្នុង​ស្រុក​សរុប​របស់​ប្រទេស​នេះ​តាមរយៈ​ប្រតិបត្តិការ​ជាង​ ១៣០ ​នាទី​គ្រាន់តែ​កាលពី​ឆ្នាំមុន​។

លោក​បញ្ជាក់ថា ជាមួយ​នឹង​ភាពជា​ដៃគូ​នេះ​អតិថិជន​របស់​ធនាគារ​អេស៊ីលីដា នៅពេល​នេះ​នឹង​អាច​ធ្វើការ​ទូទាត់​កម្ចី​របស់​ពួកគេ​តាមរយៈ Wing Cash Express Agents ជាង ៧ ៣០០ កន្លែង ហើយ​ពួកគេ​ក៏​អាច​ផ្ទេរប្រាក់​ភ្លាមៗ​ពី​គណនី​វីង​ទៅ​គណនី​អេស៊ីលីដា​ផងដែរ​។

លោក Manu ថ្លែង​ថា​៖ «​នៅពេល​នេះ​អតិថិជន​របស់​ធនាគារ​អេស៊ីលីដា នឹង​មាន​សិទ្ធិ​ទទួល​បាន និង​ផលិតផល និង​សេវា​របស់​ធនាគារ​វីង​ផងដែរ​។ ពួកគេ​អាច​ផ្ទេរប្រាក់​ដោយ​រលូន​រវាង​គណនី​អេស៊ីលីដា និង​គណនី​វីង​៕LA