ភ្នំពេញៈ ធនាគារ​អេស៊ីលីដា​មាន​បំណង​លក់​មូលបត្រ​ដែល​បាន​បោះផ្សាយ​លើ​ផ្សារមូលបត្រ​កម្ពុជា​ (CSX) ​ឲ្យ​បាន​ ១០០ ​ភាគរយ​ នៅ​ត្រីមាស​ទី​ ១ ឬ​ត្រឹម​ដើមខែ​មេសា​ទៅ​ដល់​វិនិយោគិន​បុគ្គល​ជា​ជាង​វិនិយោគិន​ស្ថាប័ន​។

ការអះអាង​បែបនេះ​ត្រូវបាន​ធ្វើឡើង​ដោយ​លោក អ៊ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ​អេស៊ីលីដា​ដែល​បាន​ថ្លែង​ទៅកាន់​ក្រុម​អ្នក​យក​ព័ត៌មាន​នៅក្នុង​សិក្ខាសាលា​ស្ដីពី​ការបោះផ្សាយ​មូលបត្រ​សាធារណៈ​លើកដំបូង (IPO) កាលពី​ថ្ងៃ​ពុធ​។ លោក​បន្តថា ចាប់​តាំងពី​ធនាគារ​នេះ​ទទួល​បាន​កំណើន​ជាមួយ​អតិថិជន​របស់​ខ្លួន​អស់​រយៈពេល​ជាច្រើន​ទសវត្សរ៍​មក​អេស៊ីលីដា​ចង់​ចែករំលែក​កំណើន​នេះ​នៅក្នុង​ទីផ្សារ​មូលធន​ដល់​អតិថិជន​ផងដែរ​។

លោក​ពន្យល់ថា វិនិយោគិន​ស្ថាប័ន​មាន​លក្ខណសម្បត្តិ​គ្រប់គ្រាន់​រួចហើយ ក្នុង​ការទិញ​មូលបត្រ​ជាង​វិនិយោគិន​បុគ្គល​ដែល​មាន​ការពិបាក ដោយសារ​តែ​ពួកគេ​មិន​បានដឹង​ច្រើន​អំពី​ផ្សារហ៊ុន​។ លោក​បន្តថា​៖ «​យើង​កំពុង​ព្យាយាម​ផ្សព្វផ្សាយ​ព័ត៌មាន​នេះ​ឲ្យ​ដល់​សាធារណជន​កាន់តែច្រើន ទោះបី​ជា​ផ្សារមូលបត្រ​កម្ពុជា​របស់​យើង​បាន​ប្រតិបត្តិការ​ចាប់​តាំងពី​ឆ្នាំ​ ២០១២ ​មក​ក៏ដោយ ប៉ុន្តែ​វា​មិន​បាន​ទៅដល់​ប្រជាជន​យ៉ាង​ទូលំទូលាយ​នោះទេ​»​។

លោក​បាន​ឲ្យ​ដឹងថា ទន្ទឹមនឹង​នេះ​សម្រាប់​ក្រុមហ៊ុន​ចុះបញ្ជី​លើក​មុន​លើ​ផ្សារហ៊ុន​នេះ​ភាគច្រើន​ផ្ដោត​លើ​វិនិយោគិន​ស្ថាប័ន​ជា​ជាង​វិនិយោគិន​បុគ្គល មូលបត្រ​ធនាគារ​អេស៊ីលីដា​នឹង​កំណត់​ទិសដៅ​វិនិយោគិន​បុគ្គល​ជា​ជាង​វិនិយោគិន​ស្ថាប័ន​។ លោក​បញ្ជាក់ថា​៖ «​ដូច្នេះ​នេះ​មាន​ន័យ​ថា ទាំង​វិនិយោគិន​បុគ្គល និង​វិនិយោគិន​ស្ថាប័ន​ក៏​អាច​ក្លាយជា​ភាគទុនិក​របស់​ធនាគារ​អេស៊ីលីដា​បាន​ដែរ​»​។

លោក​ថ្លែងថា​៖ «​យើង​មិន​បំបែក​ប៉ុន្មាន​ភាគរយ​នៃ​មូលបត្រ​ដែល​ចេញ​របស់​យើង សម្រាប់​ស្ថាប័ន ឬ​បុគ្គល​នោះទេ​។ ការផ្ដោត​ជាសំខាន់​របស់​យើង​លើ​វិនិយោគិន​បុគ្គល​។ និយាយ​តាម​ត្រង់ វា​មិន​ពិបាក​សម្រាប់​យើង​ក្នុង​ការលក់​មូលបត្រ​ឲ្យ​វិនិយោគិន​ស្ថាប័ន​នោះ​ទេ ប៉ុន្តែ​គោលបំណង​របស់​យើង​នឹង​លក់​ឲ្យ​ប្រជាជន​របស់​យើង​ឲ្យ​បាន​ច្រើន​តាម​ដែល​អាចធ្វើ​ទៅបាន​»​។

លោក សុផាន ភក្ដី ជា​បុគ្គលិក​នៅក្នុង​ក្រុមហ៊ុន​ឯកជន​មួយ​ដែល​បាន​ចូលរួម​នៅក្នុង​សិក្ខាសាលា​ស្ដីពី IPO នេះ​នៅ​ការិយាល័យ​កណ្ដាល​របស់​ធនាគារ​អេស៊ីលីដា​បាន​ឲ្យ​ដឹងថា លោក​មាន​ចំណាប់អារម្មណ៍​ខ្លាំង​លើ​ការចេញ​មូលបត្រ​របស់​ធនាគារ​នេះ ដោយសារ​តែ​វា​ឈានមុខ​គេ​មួយ និង​រកបាន​ប្រាក់ចំណូល​ច្រើន​ក្នុង​ ១ ​ឆ្នាំ​។

លោក​បាន​បញ្ជាក់ថា​៖ «​ខ្ញុំ​មាន​បទពិសោធ​ជាមួយ​ផ្សារហ៊ុន​រួចហើយ ដោយសារ​តែ​ខ្ញុំ​បាន​វិនិយោគ​រួចហើយ​លើ​ក្រុមហ៊ុន​ចុះបញ្ជី​ ប៉ុន្តែ​ខ្ញុំ​គិតថា មូលបត្រ​របស់​ធនាគារ​អេស៊ីលីដា​មាន​សក្ដានុពល​ខ្លាំង​ជាង​មូលបត្រ​ផ្សេងទៀត​»​។

លោក Tomas ជា​ជនជាតិ​កម្ពុជា​សញ្ជាតិ​បារាំង​ជា​វិនិយោគិន​ផ្សេងទៀត ដែល​បាន​ចូលរួម​នៅក្នុង​សិក្ខាសាលា​នេះ​បាន​ឲ្យ​ដឹងថា លោក​បានដឹង​ច្រើន​អំពី​ធនាគារ​នេះ ហើយ​វា​ជា​ពេលវេលា​ដ៏ល្អ​មួយ​សម្រាប់​វិនិយោគិន​បុគ្គល ដូចជា​រូបលោក​ក្នុង​ការវិនិយោគ​លើ​ធនាគារ​នេះ​។

លោក​បន្តថា​៖ «​ខ្ញុំ​សម្លឹងមើល​ការវិនិយោគ​ជាមួយ​ធនាគារ​នេះ ដោយសារ​តែ​ខ្ញុំ​បាន​ត្រៀមខ្លួន​រួចហើយ​សម្រាប់​ការវិនិយោគ​នោះ ដោយសារ​តែ​វា​អាច​ក្លាយជា​ភាគទុនិក​ម្នាក់​របស់​ធនាគារ​នេះ នៅពេល​អនាគត​។ អ្នកមើលឃើញ​ធនាគារ​នេះ​មាន​សាខា​ច្រើន គ្រប់កន្លែង​នៅក្នុង​ប្រទេស​នេះ​ដែល​បញ្ជាក់ថា ធនាគារ​នេះ​មាន​តួនាទី​ហិរញ្ញវត្ថុ​ល្អ និង​រឹងមាំ​នៅក្នុង​ទីផ្សារ​នេះ ដូច្នេះ​ខ្ញុំ​មិន​បារម្ភ​ក្នុង​ការវិនិយោគ​នោះទេ ដោយសារ​តែ​ជា​ការវិនិយោគ​រយៈពេល​វែង​របស់​ខ្ញុំ​»​។

យោងតាម​លោក អ៊ិន ចាន់នី ធនាគារ​អេស៊ីលីដា​មាន​បទពិសោធ​ជាង​ ២៧ ​ឆ្នាំ​នៅក្នុង​វិស័យ​ហិរញ្ញវត្ថុ​ចាប់តាំងពី​ការចាប់ផ្ដើម​ដំបូង​របស់​ខ្លួន​ជា​អង្គការ​មិន​មែន​រដ្ឋាភិបាល​មួយ​កាលពី​ឆ្នាំ​ ១៩៩៣ ជាមួយ​នឹង​ទុនវិនិយោគ ៦០០ ០០០ ​ដុល្លារ​ប៉ុណ្ណោះ​។

បច្ចុប្បន្ន​ទុន​របស់​ធនាគារ​នេះ​បាន​កើនឡើង ៧០០ ​ដង ខណៈ​ទ្រព្យសកម្ម​សរុប​មាន​ចំនួន​ប្រហែល​ ៦​ ពាន់​លាន​ដុល្លារ​ដែល​ជា​ការកើនឡើង​ជាង​ ៩០០០ ​ដង ហើយ​ប្រាក់ចំណេញ​សុទ្ធ​បាន​កើនឡើង​ជិត ២០០០ ​ដង​៕LA