
ថ្នាក់ដឹកនាំថតរូបអនុស្សាវរីយ៍ក្នុងពិធីចុះអនុស្សារណៈនៃការយោគយល់គ្នា។
ធនាគារឯកទេស វីង (ខេមបូឌា) លីមីតធីត និងធនាគារ កាណាឌីយ៉ា បានបង្កើតភាពជាដៃគូយុទ្ធសាស្ត្រដ៏រឹងមាំមួយទៀតកាលពីថ្ងៃអង្គារម្សិលមិញ ដើម្បីធានាថាសេវាកម្មហិរញ្ញវត្ថុជាច្រើននឹងបានទៅដល់ប្រជាជនកម្ពុជាគ្រប់រូបដោយភាពងាយស្រួល។
ក្រុមហ៊ុនទាំងពីរបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាមួយ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរបស់ខ្លួន និងជំរុញបរិយាប័ន្នហិរញ្ញវត្ថុ តាមរយៈការប្រើប្រាស់បណ្តាញរបស់ពួកគេយ៉ាងទូលំទូលាយនៅទូទាំងព្រះរាជាណាចក្រកម្ពុជា។
លោក ម៉ានូ រ៉ាចាន់ អគ្គនាយកនៃធនាគារឯកទេសវីងនៅក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាដែលត្រូវបានធ្វើឡើងនៅក្នុងរាជធានីភ្នំពេញកាលពីថ្ងៃអង្គារបានថ្លែងថា៖ «នៅពេលភាពជាដៃគូនេះត្រូវអនុម័តពីរដ្ឋាភិបាលនោះអតិថិជនធនាគារ កាណាឌីយ៉ាទាំងអស់នឹងអាចប្រើប្រាស់ភ្នាក់ងារវីងជិត ៨០០០ កន្លែង ដើម្បីធ្វើការទូទាត់សងប្រាក់កម្ចីដល់ធនាគារកាណាឌីយ៉ាតាមប្រព័ន្ធអេឡិចត្រូនិក (e-payment) »។

ពិធីចុះអនុស្សារណៈនៃការយោគយល់គ្នា ដើម្បីលើកកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុ។
«និយាយម្យ៉ាងទៀតគឺវាដូចមានបណ្តាញម៉ាស៊ីន ATM មនុស្ស ជិត ៨០០០ កន្លែងនៅទូទាំងប្រទេសដែលអតិថិជនរបស់ធនាគារកាណាឌីយ៉ាអាចចាប់ផ្តើមប្រើប្រាស់សម្រាប់ប្រតិបត្តិការរបស់ពួកគេ ហើយក៏អាចទទួលបានសក្តានុពលនៃប្រព័ន្ធអេកូហិរញ្ញវត្ថុជាមួយពាណិជ្ជករជាង ៤ ម៉ឺនដែលទទួល Wingpay សម្រាប់ការទិញទំនិញរបស់ពួកគេផងដែរ»។
ពិធីចុះហត្ថលេខានេះត្រូវបានប្រារព្ធធ្វើឡើងដោយមានវត្តមានដ៏ខ្ពង់ខ្ពស់របស់អ្នកឧកញ្ញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលនៃធនាគារឯកទេស វីង (ខេមបូឌា) លីមីតធីត និងអ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាលធនាគារកាណាឌីយ៉ា ភ្ញៀវកិត្តិយស និងគណគ្រប់គ្រងនៃក្រុមហ៊ុនទាំងពីរ។
យោងតាមធនាគារជាតិនៃកម្ពុជាបានឲ្យដឹងថាគណនីអេឡិកត្រូនិកសកម្ម (e-wallet) មានចំនួន ៥,២ លានគណនី និងមានប្រតិបត្តិការសរុបចំនួន ៥៨ ពាន់លានដុល្លារគិតត្រឹមឆ្នាំមុន។
សម្រាប់អតិថិជនកាណាឌីយ៉ាទាំងអស់ក្រៅពីអាចប្រើប្រាស់សេវាតាមរយៈសាខាទាំង ៦១ របស់ធនាគារទៅទូទាំងប្រទេស ហើយអតិថិជនក៏អាចមានជម្រើសក្នុងការប្រើប្រាស់សេវារហ័សរបស់ភ្នាក់ងារ វីងជិត ៨០០០ កន្លែងក្នុងការធ្វើប្រតិបត្តិការ ផ្ទេរប្រាក់ និងសេវាទូទាត់ឥណទានផងដែរ។
វីងមានអ្នកប្រើប្រាស់ជិត ១០ លាននាក់ជារៀងរាល់ឆ្នាំ និងបានគាំទ្រដល់សេដ្ឋកិច្ចកម្ពុជាយ៉ាងសកម្ម តាមរយៈការជួយសម្រួលដល់ប្រតិបត្តិការដែលមានតម្លៃជិត ៩០ ភាគរយនៃតម្លៃផលិតផលក្នុងស្រុកសរុបរបស់ប្រទេសក្នុងឆ្នាំ ២០១៩។
លោក Manu មានប្រសាសន៍ថាក្រោមភាពជាដៃគូរវាងធនាគារឯកទេសវីង និងធនាគារកាណាឌីយ៉ានឹងស្វែងរកឱកាសថ្មីៗ ដើម្បីធានាថាប្រជាជនកម្ពុជាគ្រប់រូបទទួលបានភាពងាយស្រួល និងសុវត្ថិភាព នៅពេលពួកគេទទួលសេវាកម្មហិរញ្ញវត្ថុដែលធ្វើឱ្យកម្រិតជីវភាពរស់នៅរបស់ពួកគេកាន់តែប្រសើរឡើង៕