ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ បានពង្រីកទីតាំងសាខារបស់ខ្លួននៅភាគខាងជើងនៃរាជធានីភ្នំពេញ តាមរយៈការបើកដំណើរការ សាខាសែនសុខ ដែលមានទីតាំងស្ថិតនៅអគារលេខ ៤ ផ្លូវ១០០៣ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ការបើកដំណើរការសាខាសែនសុខនេះ ជាការបោះជំហ៊ានពង្រីកវិសាលភាពរបស់ធនាគារ ដើម្បីផ្ដល់នូវសេវាកម្មបម្រើជូនអតិថិជនឲ្យបានកាន់តែប្រសើរជាងមុន ស្របទៅតាមកំណើននៃតម្រូវ ការផ្នែកសេវាកម្មធនាគារ ហើយនេះក៏បញ្ជាក់អំពីការប្តេជ្ញាចិត្តរបស់ធនាគារដើម្បីក្លាយជា «ដៃគូហិរញ្ញវត្ថុដែលគួរឱ្យទុកចិត្តបំផុត» នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុម ប្រឹក្សាភិបាលនៃធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ បានមានប្រសាសន៍ថា ការបើកដំណើរការសាខាសែនសុខនេះ គឺជាការបោះជំហ៊ានយ៉ាង សំខាន់សម្រាប់ធនាគារ ដើម្បីបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ធនាគារ ក្នុងការចូលរួមចំណែកដល់ការលើកកម្ពស់ និងការអភិវឌ្ឍវិស័យសេដ្ឋកិច្ចក្នុងប្រទេស ក៏ដូចជាការផ្តល់ជូននូវបទពិសោធន៍ធនាគារដ៏ល្អបំផុតសម្រាប់អតិថិជនផងដែរ ស្របទៅនឹងបាវចនាប្រតិបត្តិការរបស់យើងគឺ«អតិថិជនជាចម្បង» ដែលធានាថាអតិថិជនទទួលបានសេវាកម្មកាន់តែប្រសើរពីធនាគារ។
ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ សាខាសែនសុខ ផ្ដល់ជូននូវគ្រប់ប្រភេទសេវាកម្មធនាគារ សម្រាប់បំពេញតម្រូវការអតិថិជនគ្រប់ប្រភេទ រួមមានសេវាកម្មធនាគារប្រចាំថ្ងៃសម្រាប់បុគ្គល អាជីវកម្ម និងសាជីវកម្ម។ លើសពីនេះទៅទៀត បន្ទប់សេវាធនាគារអាទិភាព (Premier Lounge) របស់សាខាសែនសុខ ផ្តល់ជូននូវបរិយាកាសល្អបំផុតជាមួយនឹងការរចនាផ្នែកខាងក្នុងដ៏លេចធ្លោ រួមទាំងប្រធានផ្នែកទំនាក់-ទំនងដែលមានបទពិសោធន៍ និងជំនាញវិជ្ជាជីវៈ ដើម្បីផ្ដល់ដំណោះស្រាយផ្នែកហិរញ្ញវត្ថុ និងផ្ដល់ជូននូវបទពិសោធន៍សេវាកម្មពិសេសជូនសមាជិក Premier របស់ខ្លួន។
ការរចនាផ្នែកខាងក្រៅ និងខាងក្នុងរបស់សាខាសែនសុខនេះ បានរួមបញ្ចូលទាំងវប្បធម៌របស់ប្រទេសកម្ពុជា ជាមួយវប្បធម៌របស់ប្រទេសជប៉ុន ដែលក្នុងនោះមានរំលេចនូវក្បាច់ផ្កាចន្ទន៍ និងអត្តសញ្ញាណរបស់ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ដើម្បីតំណាងឲ្យភាពរីកចម្រើន និងនិរន្តរភាពរបស់ធនាគារ និងអតិថិជនរបស់ខ្លួន។
លោក Toru Myochin អគ្គនាយកប្រតិបត្តិនៃធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ បានមានប្រសាសន៍ថា៖«ការបើកដំណើរការនៃសាខាសែនសុខ ជាសក្ខីភាពនៃទំនុកចិត្តរបស់ធនាគារនៅក្នុងវិស័យហិរញ្ញវត្ថុនៃព្រះរាជាណាចក្រកម្ពុជា បើទោះបីជាទទួលរងនូវផលប៉ះពាល់ពីការរីករាលដាលនៃជំងឺកូវីដ១៩ ក្នុងសហគមន៍នាពេលថ្មីៗនេះក៏ដោយ។ ធនាគារបានរៀបចំផែនការបន្តអាជីវកម្មប្រកបដោយការប្រុងប្រយ័ត្ន និងសុវត្ថិភាពខ្ពស់ ដើម្បីធានាបាននូវប្រតិបតិ្តការអាជីវកម្ម ដោយរក្សាបាននូវវិធានការប្រុងប្រយ័ត្ន និងអនាម័យខ្ពស់ សម្រាប់គ្រប់សេវាកម្ម និងប្រតិបត្តិការរបស់ខ្លួន សមស្របតាមគោលការណ៍ណែនាំពីក្រសួងសុខាភិបាល ដើម្បីកាត់បន្ថយហានិភ័យសុខភាព ដែលអាចកើតឡើងពីការរីករាលដាលនៃកូវីដ១៩ ពីព្រោះសុវត្ថិភាព និងសុខុមាលភាពរបស់អតិថិជន និងបុគ្គលិក គឺជាអាទិភាពចម្បងរបស់យើង»។
អំពីធនាគារ
ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ គឺជាក្រុមហ៊ុនរួមទុន (joint venture) រវាង ក្រុមហ៊ុន J Trust Co., Ltd., ដែលជាក្រុមហ៊ុនគ្រប់គ្រងហិរញ្ញវត្ថុចម្រុះជប៉ុន ដែលចុះបញ្ជីក្នុងទីផ្សារភាគហ៊ុនតូក្យូ និងក្រុមហ៊ុន Royal Group ដែលជាក្រុមហ៊ុន ធំបំផុតមួយនៅកម្ពុជា។
ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ គឺជាធនាគារបរទេសធំជាងគេបំផុតមួយនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការផ្តល់សេវាកម្មហិរញ្ញវត្ថុលំដាប់ពិភពលោកជូនប្រជាជនកម្ពុជា និងជនបរទេសដែលរស់នៅ និងធ្វើការនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយមានបុគ្គលិកច្រើនជាង៥០០នាក់ជាមួយសាខាចំនួន ១៥៕