
លោក Guillaume Perdon បានថ្លែងថា៖ «អនាគតនៅតែមានគ្រាន់តែវាជាអនាគតដែលខុសពីអ្វីដែលយើងបានរំពឹងទុក»។

ចាប់តាំងពីមានវិបត្តិសកលនៃការរីករាលដាលជំងឺកូវីដ ១៩ ធនាគារ ប្រេដ ប៊ែង ខេមបូឌា បានរក្សានូវជំហរយ៉ាងរឹងមាំលើការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះសេដ្ឋកិច្ចរបស់កម្ពុជាតាមរយៈការឆ្លើយតបយ៉ាងឆាប់រហ័ស ដើម្បីជួយគាំទ្រអតិថិជនចាស់ ខណៈពេលដែលយើងនៅតែបន្តផ្តល់ជូននូវកម្ចីពាណិជ្ជកម្មថ្មី។
លោក Perdon បានបញ្ជាក់ថា៖ «ទោះបីជាយើងរំពឹងទុកថានឹងទទួលបានការកើនឡើងយ៉ាងវិជ្ជមានសម្រាប់ផលបត្រកម្ចីរបស់យើងនៅក្នុងឆ្នាំ ២០២០ ក្តី ក៏សមិទ្ធផលនេះ គឺអាចបានត្រឹមតែពាក់កណ្តាលនូវអ្វីដែលយើងបានគ្រោងទុកសម្រាប់ឆ្នាំនេះ»។ ទោះបីជាត្រូវបន្ទាបនូវផែនការរបស់ខ្លួនក៏ដោយ ធនាគារ ប្រេដ ប៊ែង ខេមបូឌានៅតែរំពឹងទុកថានឹងធ្វើការប្តេជ្ញាចិត្តយ៉ាងរឹងមាំទៅលើការផ្តល់កម្ចីថ្មី ហើយមានទុនគ្រប់គ្រាន់សម្រាប់តម្រូវតាមគោលដៅកែប្រែរបស់ខ្លួន»។
លោក Perdon ទទួលស្គាល់ថា៖ «វាជាការពិតណាស់ដែលយើងចាប់ផ្តើមពីមូលដ្ឋានទាបជាងគូប្រជែងរបស់យើងជាច្រើន។ យើងមានអត្រាលូតលាស់ខ្លាំង ដោយសារយើងជាតួអង្គថ្មីនៅក្នុងទីផ្សារ។ ក៏ប៉ុន្តែ ចំណុចដែលច្បាស់នោះគឺ ធនាគារ ប្រេដ មានមហិច្ឆតានៅក្នុងការបន្តចាប់យកអត្រាកើនឡើងតួលេខ ២ ខ្ទង់ នៅក្នុងវិស័យដែលកំពុងធ្លាក់ចុះយ៉ាងលឿននៅកន្លែងដទៃទៀត»។
«ការផ្តល់កម្ចីទាំងមូល ប្រាកដជាមានការយឺតយ៉ាវទាំងក្នុងវិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុ។ វិស័យនេះទទួលបានការកើនឡើងពី ១៥ ទៅ ២០ ភាគរយធៀបនឹងឆ្នាំមុន នៅប៉ុន្មានឆ្នាំចុងក្រោយនេះ ប៉ុន្តែការលូតលាស់នេះនឹងមានការថយចុះច្រើននាពេលអនាគតដ៏ខ្លីខាងមុខ»។
ខណៈដែលលោក Perdon សម្លឹងឃើញឱកាសសម្រាប់ការផ្តល់កម្ចីថ្មី លោករំពឹងទុកជាមុនថានឹងមានការកែសម្រួលមួយចំនួនទៅលើយុទ្ធសាស្ត្រដែលធនាគារនានាធ្វើការជាមួយអតិថិជនថ្មី។ «យើងមិនបានផ្លាស់ប្តូរលក្ខខណ្ឌវិនិច្ឆ័យនៃការផ្តល់កម្ចីរបស់យើងនោះទេ ប៉ុន្តែស្ថានភាពសេដ្ឋកិច្ចបច្ចុប្បន្នបានធ្វើឲ្យយើងផ្តោតការយកចិត្តទុកដាក់ជាងមុន។ យើងត្រូវតែប្រាកដថា អតិថិជនថ្មីមានសមត្ថភាព និងភាពជម្នះដើម្បីសម្របទៅនឹងលក្ខខណ្ឌទីផ្សារ និងនិន្នាការថ្មី»។
សម្រាប់ប្រទេសដែលមានសេដ្ឋកិច្ចកំពុងរីកចម្រើនដូចកម្ពុជា ភាពរន្ធត់អន្តរជាតិកម្រិតនេះជះឥទ្ធិពលយ៉ាងខ្លាំង និងរហ័ស។ ធនាគារពិភពលោកបានធ្វើការប៉ាន់ស្មានថា ការរីកលូតលាស់សេដ្ឋកិច្ចរបស់កម្ពុជានឹងមានល្បឿនយឺតបំផុតគិតចាប់តាំងពីទសវត្សរ៍ឆ្នាំ ៩០ ដោយបង្ហាញអត្រាលូតលាស់នឹងធ្លាក់ដល់រវាង -១ ភាគរយ និង -២,៩ ភាពរយនៃផលិតផលក្នុងស្រុកសរុប (GDP)។
នៅក្នុងឆ្នាំ ២០១២ វិស័យទេសចរណ៍ កាត់ដេរ និងសំណង់រួមបញ្ចូលគ្នាមានទំហំ ៧០ ភាគរយនៃកំណើនសេដ្ឋកិច្ចកម្ពុជា ហើយវិស័យទាំង ៣ នេះកំពុងជួបប្រទះនូវភាពមិនប្រាកដនាពេលបច្ចុប្បន្ន។ ចំនួនភ្ញៀវទេសចរអន្តរជាតិ មិនងាយនឹងវិលត្រឡប់មកវិញបានច្រើននោះឡើយ រហូតទៅដល់រដូវកាលឆ្នាំ ២០២១/២២ យ៉ាងឆាប់បំផុត ខណៈពេលដែលវិស័យកាត់ដេរកំពុងតែជួបប្រទះនឹងតម្រូវការធ្លាក់ចុះ ដោយសារអ្នកប្រើប្រាស់នៅសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបកាត់បន្ថយចំណាយរបស់ខ្លួន។ ចំណែកឯវិស័យសំណង់វិញ ភាពមិនប្រាកដនឹងកើនឡើងដោយមិនអាចចៀសផុតឡើយ ដោយសារតែការធ្លាក់ចុះនៃការវិនិយោគផ្ទាល់ពីបរទេស (FDI)។
លោក Perdon ផ្តល់មតិថា៖ «ទោះបីជាផលប៉ះពាល់របស់ជំងឺកូវីដ ១៩ នៅកម្ពុជាមិនសូវជាគួរឲ្យកត់សម្គាល់ យើងអាចមើលឃើញផលវិបាកនៅក្នុងសេដ្ឋកិច្ចរួចទៅហើយ។ ចំណុចនេះមានន័យថា ទីផ្សារការងារស្ថិតនៅក្រោមហានិភ័យ និងការកើនឡើងយ៉ាងរហ័សនូវអត្រានៃការអត់ការងារធ្វើ នឹងបង្កផលប៉ះពាល់ដល់ផលបត្រការផ្តល់កម្ចីទាំងនៅក្នុងវិស័យមីក្រូហិរញ្ញវត្ថុ និងធនាគារ។ ដើម្បីកាត់បន្ថយផលប៉ះពាល់សេដ្ឋកិច្ចឲ្យដល់កម្រិតអប្បបរមា រដ្ឋាភិបាលបានចាត់វិធានការយ៉ាងឆាប់រហ័ស ហើយយើងយល់ថា គំនិតផ្តួចផ្តើមរបស់រដ្ឋាភិបាលពិតជារួមជាជំនួយនៅក្នុងស្ថានភាពនេះ។ ការបន្ទាបសមាមាត្រលក្ខខណ្ឌតម្រូវនៃប្រាក់តម្កល់របស់ធនាគារជាតិ បង្កើតជាសន្ទនីយភាពនៅក្នុងប្រព័ន្ធ ហើយមូលនិធិធានាឥណទានថ្មីនឹងជួយកាត់បន្ថយហានិភ័យសម្រាប់ធនាគារ»។
«ដូចដែលអ្នកបានរំពឹងទុក ធនាគារ ប្រេដ ធ្វើការបត់បែនទៅតាមពេលវេលា។ យើងបានសម្របអាជីវកម្មរបស់យើងឲ្យកាន់តែមានប្រសិទ្ធភាព។ យើងពិនិត្យយ៉ាងល្អិតល្អន់ទៅលើរបៀបដែលយើងដំណើរការ ដោយអនុវត្តនូវបច្ចេកទេសឌីជីថលថ្មី កាត់បន្ថយភាពពឹងផ្អែកលើបណ្តាញសាខាធ្វើការណែនាំដោយជោគជ័យនូវការធ្វើការពីចម្ងាយ ក៏ដូចជាការបង្កើតផលិតផល និងសេវាកម្មមិនមែនហិរញ្ញវត្ថុមួយចំនួន ដែលយើងគ្រោងនឹងបើកដំណើរការដំបូងនៅក្នុងខែជាបន្ទាប់»។
នៅក្នុងស្ថានភាពដែលមានការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស លោក Perdon ជឿជាក់ថា ធនាគារ ប្រេដ និងប្រទេសកម្ពុជា ត្រៀមខ្លួនជាស្រេចដើម្បីទប់ទល់នឹងបញ្ហាប្រឈមនានាដែលនឹងលេចឡើងនាថ្ងៃមុខ។ ស្តង់ដាអន្តរជាតិរបស់យើងផ្តល់ការការពារទៅដល់អតិថិជនដាក់ប្រាក់បញ្ញើរបស់យើង។ ដូចគ្នានេះដែរ វាក៏ធានានូវសន្ទនិយភាពរបស់យើង ដែលនេះជាចំណុចខ្លាំងរបស់យើងក្នុងនាមជាអ្នកផ្តល់កម្ចី។
«យើងក៏សូមជួយជ្រោមជ្រែងកម្ពុជាក្នុងការចាប់ផ្តើមឡើងវិញឲ្យបានឆាប់រហ័សផងដែរ នៅពេលវិបត្តិនេះកន្លងផុត។ ភាពអត់ធន់របស់ប្រទេស និងប្រជាជនកម្ពុជានឹងជួយឲ្យប្រទេសនេះជម្នះបាននូវគ្រាលំបាក។ និយាយរួម យើងមានសុទិដ្ឋិនិយម និងមានមោទនភាពនៅក្នុងការធ្វើអ្វីគ្រប់យ៉ាងតាមដែលអាចធ្វើបាន ដើម្បីជួយកម្ពុជាឲ្យត្រឡប់មកទទួលបានកំណើនវិជ្ជមានវិញ ឲ្យបានឆាប់តាមដែលអាចធ្វើបាន»៕