ABA ជា​ធនាគារ​កម្ពុជា​ឈាន​មុខ​ផ្នែក​ហិរញ្ញ​វត្ថុ​ឌីជីថល ដាក់​ឲ្យ​ប្រើ​ប្រាស់​សេវាកម្ម​ថ្មី​មួយ​នៅ​ក្នុង​កម្មវិធី ABA Mobile របស់ខ្លួនគឺ គណនីរហ័ស។ គណនី​រហ័ស​នេះ​ជំនួស​ឲ្យ​មធ្យោបាយ​កាល​ពី​មុនៗ​ក្នុង​ការ​បើក​គណនី​ធនាគារ​នៅ​តាម​សាខា​ដែល​តម្រូវ​ឲ្យ​ធ្វើ​ដំណើរ​មក​កាន់​សាខា និង​ឆ្លង​កាត់​នីតិវិធី​ផ្លូវការ​វែង​ឆ្ងាយ​ជា​ច្រើន។

ចាប់​ពី​ពេល​នេះ​ត​ទៅ ប្រជាជន​កម្ពុជា​ពេញ​វ័យ​ដែល​មាន​បំណង​ចង់​ប្រើ​ប្រាស់​សេវា​ធនាគារ​ឌីជីថល​ដ៏​ទំនើប​នេះ អាច​បើក​គណនី ABA ដំបូង​របស់​ខ្លួន​បាន​តាម​រយៈ​កម្មវិធី ABA Mobile ក្នុង​រយៈពេល​តែ​ប៉ុន្មាន​នាទី​តែ​ប៉ុណ្ណោះ។

គណនី​រហ័ស​អាច​បើក​បាន​ដោយ​គ្រាន់​តែ​អនុវត្ត​តាម​ជំហាន​ងាយៗ​ចំនួន​បី៖

1. ការ​បញ្ជាក់​អត្តសញ្ញាណ

2. ការ​ជ្រើសរើស​រូបិយប័ណ្ណ​របស់​គណនី

3. ការ​បង្កើត​ព័ត៌មាន​សុវត្ថិភាព

នៅ​ពេល​បង្កើត​គណនី​រហ័ស​បាន​សម្រេច​ហើយ អតិថិជន​អាច​ពិនិត្យ​សមតុល្យ​គណនី ទទួល និង​ផ្ទេរ​ប្រាក់ ទូទាត់​វិក្កយបត្រ​នានា ទូទាត់​ដោយ​ប្រើ ABA PAY នៅ​តាម​ហាង ភោជនីយដ្ឋាន ឬ​តាម​អនឡាញ និង​ទទួល​សារ​ជូន​ដំណឹង​សម្រាប់​រាល់​ប្រតិបត្តិការ​ទាំងអស់។

គណនីរហ័ស នេះ​អាច​ដាក់​ប្រាក់​ចូល​បាន​យ៉ាង​ងាយ​ស្រួល​តាម​រយៈម៉ាស៊ីន​ដាក់​ប្រាក់ និង​ម៉ាស៊ីន​ដក​ដាក់​ប្រាក់​របស់​ធនាគារ ABA ឬ​តាម​រយៈការ​ទទួល​ប្រាក់​ពី​គណនី ABA ណា​មួយ ពី​ធនាគារ​ក្នុង​ស្រុក ឬ​ពី​កាបូប​អេឡិកត្រូនិក​ផ្សេងៗ​ទៀត។

លោក Zokhir Rasulov នាយក​ឌីជីថល​របស់​ធនាគារ ABA មាន​ប្រសាសន៍​ថា៖ "យើង​ជឿ​ជាក់​ថា គណនី​រហ័ស ABA នឹង​បើក​ឲ្យ​មាន​ឱកាស​ថ្មីៗ​សម្រាប់​ប្រជាជន​កម្ពុជា​រាប់​លាន​នាក់​ដែល​មិន​ទាន់​ប្រើប្រាស់​សេវា​ធនាគារ ហើយ​ត្រូវ​ការ​ប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ”។

“នៅ​ធនាគារ ABA យើង​យល់​ថា យើង​ទាំងអស់​គ្នា​ពិត​ជា​មាន​ជីវិត​ដ៏​មមា​ញឹក ដូច្នេះ​ជាមួយ​មុខងារ​ដ៏​ងាយ​ស្រួល​នេះ អតិថិជន​ថ្មី​របស់​ធនាគារ​អាច​បើក​គណនី ABA ដំបូង​របស់​ខ្លួន​ដោយ​ងាយ​ស្រួល​ពី​លំនៅដ្ឋាន ឬ​ពី​កន្លែង​ការងារ​របស់​ខ្លួន​ដោយ​មិន​បាច់​ចំណាយ​ពេល​ស្ទះ​ចរាចរណ៍ ឬ​រង់​ចាំ​ទៀត​ទេ។ គណនី​រហ័ស​នេះ​ស្រប​ជាមួយ​គំនិត​ផ្តួចផ្តើម​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​កាត់​បន្ថយ​ការ​រីករាល​ដាល​វីរុសកូវីដ-19 ហើយ​យើង​ក៏​សង្ឃឹម​ផង​ដែរ​ថា​ គណនីរហ័សនេះនឹងជួយជំរុញកំណើនប្រតិបត្តិការមិនប្រើសាច់ប្រាក់នៅក្នុងប្រទេសកម្ពុជា"។

សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​គណនី​រហ័ស​នេះ សូម​ចូល​ទៅ​កាន់​ទំព័រ​គណនី​រហ័ស​នៅ​ ទីនេះ