បន្ទាប់ពីសាធារណជនទន្ទឹងរង់ចាំយ៉ាងអន្ទះសា ទីបំផុតក្រុមហ៊ុនជប៉ុន J Trust Co., Ltd បានចាប់ផ្តើមប្រតិបត្តិការសេវាធនាគាររបស់ខ្លួននៅព្រះរាជាណាចក្រកម្ពុជាហើយ។
ក្រោយពីការទិញយកភាគហ៊ុន ៥៥% នៃធនាគារ ANZ Royal ពីក្រុមហ៊ុន ANZ Group ពេលនេះ J Trust បានចាប់ផ្តើមបម្រើសេវាកម្មជូនអតិថិជននៅកម្ពុជាហើយ ខណៈភាគហ៊ុន ៤៥ ភាគរយទៀតកាន់កាប់ដោយក្រុមហ៊ុនដ៏មានកិត្តិសព្ទល្បីល្បាញគឺក្រុមហ៊ុន Royal Group។
លោក តូរូ ម្យូឈីន (Toru Myochin) អគ្គនាយកធនាគារ J Trust Royal Bank មានប្រសាសន៍ថា៖ «ធនាគារ ANZ Royal មានកិត្តិសព្ទល្បីល្បាញជាយូរមកហើយក្នុងចំណោមធនាគារដែលទទួលបានការគោរព និងការជឿទុកចិត្តបំផុត ហើយយើងក៏មានបំណងសាងកេរ្តិ៍ឈ្មោះដូចនេះដែរ»។
លោកមានប្រសាសន៍ទៀតថា៖ «គោលបំណងរបស់យើងគឺយកអតិថិជនជាចំណុចស្នូល។ យើងនៅទីនេះដើម្បីជួយគាំទ្រអាជីវកម្មរបស់អតិថិជនឱ្យកាន់តែរីកចម្រើន។ ដើម្បីធ្វើឱ្យសេវាធនាគាររបស់ J Trust Royal Bank កាន់តែមានភាពងាយស្រួលជាងមុនសម្រាប់អតិថិជនជាទីស្រឡាញ់របស់យើងមិនត្រឹមតែប៉ុណ្ណោះយើងក៏បានវិនិយោគធនធានយ៉ាងច្រើនទៅលើប្រព័ន្ធបច្ចេកវិទ្យាផងដែរ។ នេះប្រហែលជាការវិនិយោគធំបំផុតដែលគ្មានធនាគារណាមួយនៅកម្ពុជា ធ្លាប់បោះទុនពីមុនមកទេ»។
«ធនាគារ J Trust Royal Bank មានបំណងចូលរួមចំណែកដល់ការអភិវឌ្ឍជារួមនៃវិស័យហិរញ្ញវត្ថុក្នុងស្រុក និងសេដ្ឋកិច្ច កម្ពុជាទាំងមូល។ ធនាគារនេះគ្រោងសម្រេចគោលដៅឱ្យបានពេញលេញតាមរយៈការប្រើប្រាស់ជំនាញរបស់ខ្លួនដែលទទួលបានពីសកម្មភាពអាជីវកម្មផ្សេងៗ»។
«ធនាគារ J Trust Royal Bank នឹងធ្វើប្រតិបត្តិការដោយប្រកាន់ខ្ជាប់នូវបាវចនាអតិថិជនជាចម្បង''។ យើងខ្ញុំទាំងអស់គ្នានៅធនាគារ J Trust Royal Bank នឹងស្ដាប់មតិយោបល់របស់អតិថិជនដោយយកចិត្តទុកដាក់ ហើយប្រឹងប្រែងបំពេញតាមតម្រូវការរបស់អតិថិជនឱ្យបានល្អបំផុត។ នោះជាវិធីដែលយើងទំនាក់ទំនងជាមួយអតិថិជនជាទីស្រឡាញ់របស់យើង»។
ជាចុងបញ្ចប់លោក តូរូ ម្យូឈីន បានថ្លែងថា៖ «ការផ្តោតសំខាន់ទី ១ របស់យើងគឺអតិថិជន។ ដូច្នេះយើងនឹងបន្តខិតខំប្រែងប្រែងដើម្បីក្លាយជាដៃគូដែលអតិថិជនជឿទុកចិត្តដែលអាចបំពេញរាល់តម្រូវការហិរញ្ញវត្ថុផ្សេងៗរបស់ពួកគេ។ នោះជាការសន្យាមួយរបស់យើងខ្ញុំទាំងអស់គ្នានៅធនាគារ J Trust Royal Bank»។
បង្កើតឡើងក្នុងឆ្នាំ ១៩៧៧ និងមានស្នាក់ការកណ្ដាលនៅក្រុងតូក្យូ J Trust Co., Ltd. ជាក្រុមហ៊ុនមេដ៏សំខាន់នៃក្រុមហ៊ុន J Trust Group។ ក្រុមហ៊ុននេះផ្តោតលើសេវាធនាគារ ការធានាលើឥណទានពាក់ព័ន្ធអចលនទ្រព្យ និងសេវាអាជីវកម្មប្រមូលប្រាក់អតិថិជនជំពាក់។
J Trust Group មានបុគ្គលិកសរុបប្រមាណ ២.៥០០ នាក់។ ក្នុងឆ្នាំ ២០១៨ តម្លៃទ្រព្យសកម្មសរុបរបស់ J Trust Group បានកើនឡើងខ្ពស់មិនធ្លាប់មានជាប្រវត្តិសាស្ត្ររហូតដល់ទៅ ៦៥៦,៩ ពាន់លានយ៉េន។ ក្នុងឆ្នាំដដែល ប្រាក់ចំណូលបានពីប្រតិបត្តិការនានាកើនឡើងរហូតដល់ទៅ ៧៦,២ ពាន់លានយ៉េន។
រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ J Trust បានអនុវត្តគំនិតផ្តួចផ្ដើមដើម្បីពង្រីកមូលដ្ឋានអាជីវកម្មរបស់ J Trust Group នៅក្រៅប្រទេសជប៉ុន ហើយបច្ចុប្បន្នមានប្រតិបត្ដិការយ៉ាងរឹងមាំនៅទូទាំងតំបន់អាស៊ីក្នុងនោះរួមមានប្រទេសឥណ្ឌូនេស៊ី សិង្ហបុរី កូរ៉េខាងត្បូង និងម៉ុងហ្គោលី ផងដែរ។ ហើយព្រះរាជាណាចក្រកម្ពុជាក៏ទើបតែជាប់ក្នុងចំណោមនោះដែរជាមួយនឹងវត្តមានរបស់ J Trust Royal Bank នៅទីនេះ។
ជាផ្នែកមួយនៃយុទ្ធសាស្ត្រជំរុញកំណើនជារួមរបស់ខ្លួន J Trust Group ខិតខំប្រឹងប្រែងទទួលយក M&A (ការច្របាច់បញ្ចូលគ្នា និងការទិញយកភាគហ៊ុន) ជាមួយធនាគារ និងក្រុមហ៊ុននានាបន្ថែមទៀតជាពិសេសនៅអាស៊ីអាគ្នេយ៍៕