ភ្នំពេញៈ ម្ចាស់ភាគហ៊ុនរបស់ធនាគារឯកទេស Tomato Specialized Bank នៅកម្ពុជាបានសម្រេចលក់ភាគហ៊ុនទាំងស្រុងទៅឲ្យក្រុមហ៊ុន KB Kookmin Card ដែលមានមូលដ្ឋាននៅកូរ៉េខាងត្បូងក្នុងតម្លៃជាទឹកប្រាក់ ១០,៨ លានដុល្លារ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានផ្នែកពាណិជ្ជកម្មរបស់កូរ៉េ Pulse។
តាមសេចក្តីរាយការណ៍ក្រុមហ៊ុនរដ្ឋកូរ៉េ Korea Deposit Insurance Corp (KDIC) ដែលជាម្ចាស់ភាគហ៊ុនរបស់ធនាគារឯកទេស Tomato Specialized Bank បានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួនបានសម្រេចលក់កម្មសិទ្ធិទាំងស្រុងពីធនាគារ Tomato Specialized Bank នៅភ្នំពេញទៅឲ្យក្រុមហ៊ុន KB Kookmin Card ជាក្រុមហ៊ុនផ្នែកប័ណ្ណឥណទានធំជាងគេនៅកូរ៉េខាងត្បូង និងធនាគារ Indochina Bank។
KDIC បានចូលមកគ្រប់គ្រងសាខាធនាគារឯកទេស Tomato Specialized Bank កាលពីឆ្នាំ ២០១២ បន្ទាប់ពីធនាគារកូរ៉េ Tomato Savings Bank បានប្រកាសក្ស័យធនកាលពីឆ្នាំ ២០១១ ដោយសារកម្ចីអចលនទ្រព្យដែលមានហានិភ័យខ្ពស់។
តាមរយៈកិច្ចព្រមព្រៀងនេះ KB Kookmin Card គ្រប់គ្រងភាគហ៊ុន ៩០ ភាគរយ និង ធនាគារ Indochina Bank ១០ ភាគរយ។
បុគ្គលិកថ្នាក់គ្រប់គ្រងក្រុមហ៊ុន KB Card ម្នាក់ដែលមិនបានបញ្ចេញឈ្មោះ បានឲ្យដឹងថាក្រុមហ៊ុនគ្រោងចាប់ផ្តើមដោយពង្រីកកម្ចីផ្ទាល់ខ្លួន និងកម្ចីរថយន្ត និងសេវាឥណពន្ធនៅធនាគារ Tomato ដែលនឹងចាប់ផ្តើមដំណើរការចាប់ពីខែមិថុនាខាងមុខតទៅ៕