ភ្នំពេញ: ធនគារ SME ដែលជា​ធនាគារ​គ្រប់គ្រង​ដោយ​រដ្ឋ​ថ្មី​មួយ​មាន​ដើមទុន​ដំបូង​ ១០០ លាន​ដុល្លារ​ នឹង​អាច​បើក​ដំណើរការ​ឆាប់​នេះៗ​។ នេះ​បើ​យោងតាម​មន្ត្រី​ជាន់ខ្ពស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។

ក្នុង​សន្និសីទ​សារព័ត៌មាន​កាលពី​ថ្ងៃ​ព្រហស្បតិ៍​លោក មាស សុខសេនសាន្ត អ្នកនាំពាក្យ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​លើកឡើង​ថា ធនាគារ SME គ្រោង​នឹង​ដំណើរការ​ផ្លូវការ​ឆាប់ៗ​នេះ​។ លោក​ថ្លែងថា​៖ «​យើង​កំពុង​រង់ចាំ​អាជ្ញាប័ណ្ណ​ពី​ធនាគារ​ជាតិ​នៃ​កម្ពុជា យើង​នឹង​ដំណើរការ​ភ្លាម ព្រោះ​ធនាគារ​នេះ​មាន​គោលបំណង​ផ្តល់​កម្ចី​ដល់​សហគ្រិន​ខ្នាតតូច និង​មធ្យម​ក្នុងស្រុក​ក្នុង​អត្រា​ការប្រាក់​ទាប​»​។

កាលពី​ខែ​មុន​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន អំពាវនាវ​ឲ្យ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ត្រូវ​បង្កើនល្បឿន​បង្កើត​ធនាគារ SME ក្នុងពេល​ឆាប់ៗ​នេះ​តាមតែ​អាចធ្វើ​ទៅបាន​។

លោក តែ តាំងប៉ ប្រធាន​សម្ព័ន្ធ​សមាគម​សហគ្រាស​ធុន​តូច និង​មធ្យម​កម្ពុជា​ (Fasmec) បាន​ឲ្យ​ដឹងថា មូលនិធិ​នេះ​មាន​សារៈសំខាន់​ណាស់ ព្រោះ​ការទទួល​បាន​កម្ចី​របស់​សហគ្រាស​ធុន​តូច និង​មធ្យម បច្ចុប្បន្ន​នៅ​មាន​កម្រិត​នៅឡើយ​។ លោក​បន្តថា​៖ «​ធនាគារ​នេះ​នឹង​បង្កលក្ខណៈ​ងាយស្រួល​ដល់​សហគ្រាស​ធុន​តូច និង​មធ្យម​ដែល​ស្វែងរក​កម្ចី​ជាមួយ​អត្រា​ការប្រាក់​ទាប​។ យើង​អរគុណ​រដ្ឋាភិបាល​តែងតែ​ជួយ SME»​។

របាយការណ៍​របស់​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ (IFC) បានចេញ​ផ្សាយ​កាលពី​ខែសីហា​បាន​ឲ្យ​ដឹងថា សហគ្រិន​ស្ត្រី​របស់​ប្រទេស​កម្ពុជា​បាន​បន្ត​ជួប​ការលំបាក​ដោយសារ​តែ​លទ្ធភាព​នៅ​មាន​កម្រិត​ក្នុង​ការទទួល​បាន​កម្ចី​សម្រាប់​ពង្រីក​អាជីវកម្ម​។ របាយការណ៍​បង្ហាញ​ថា​មាន​តែ ៣ ភាគរយ​ប៉ុណ្ណោះ​ដែលមាន​លទ្ធភាព​ទទួល​បាន​ឥណទាន​ផ្លូវការ​ពី​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ និង​ធនាគារ​។

របាយការណ៍​នេះ​បាន​ប៉ាន់ប្រមាណ​ថា តម្រូវការ​សម្រាប់​ឥណទាន​ពី​សហគ្រិន​ស្ត្រី​បច្ចុប្បន្ន​មាន ៤,២ ពាន់​លាន​ដុល្លារ​ ស្មើនឹង​ជិត​ ៦៣ ភាគរយ​ នៃ​ថវិកា ​៦,៧ ​ពាន់​លាន​ដុល្លារ​ របស់​កម្ពុជា​សម្រាប់​ឆ្នាំ​ ២០១៩​។

ការស្ទង់មតិ​មួយ​ដោយ​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម​ក្នុង​ចំណោម​សហគ្រាស​ ៧១ នាពេល​ថ្មីៗ​នេះ​នៅក្នុង​ប្រទេស​កម្ពុជា​បាន​រកឃើញថា ពួកគេ​ត្រូវការ​ជំនួយ​សម្រាប់​ការស្រាវជ្រាវ​ទីផ្សារ ការអភិវឌ្ឍ​សេវា ការវេចខ្ចប់ បច្ចេកវិទ្យា ធនធាន​មនុស្ស លទ្ធភាព​ទទួល​បាន​ការងារ និង​ហិរញ្ញវត្ថុ ការចុះបញ្ជី​អាជីវកម្ម និង​ពន្ធ​ព្រមទាំង​ដើម្បី​កែលម្អ​ស្តង់ដា​អនាម័យ​។

ទន្ទឹមនឹងនេះ​រដ្ឋាភិបាល​ក៏​នឹង​បញ្ចេញ​សាច់ប្រាក់​ ៥០ លាន​ដុល្លារ ដើម្បី​គាំទ្រ​ដល់​សហគ្រាស​ធុន​តូច និង​មធ្យម​ក្នុង​​វិស័យ​កសិកម្ម​ផងដែរ​។ មូលនិធិ​នេះ​នឹង​ផ្តល់​ជា​កម្ចី​ក្នុង​អត្រា​ការប្រាក់​ទាប​តាមរយៈ​ធនាគារ​អភិវឌ្ឍន៍​ជនបទ (RDB)៕