ភ្នំពេញៈ ធនាគារ​សហគ្រាស​ធុន​តូច និង​មធ្យម​កម្ពុជា (SME Bank) ដែល​គ្រប់គ្រង​ដោយ​រដ្ឋ​ជាមួយ​ប្រភព​ទុន​ដំបូង​ ១០០ ​លាន​ដុល្លារ​កើតចេញ​ពី​ការរួម​បញ្ចូល​គ្នា​រវាង​រដ្ឋ និង​ស្ថាប័ន​ហិរញ្ញវត្ថុ​ឯកជន​បាន​ប្រកាស​ដំណើរការ​សាកល្បង​របស់​ខ្លួន​ចាប់ពី​ថ្ងៃទី​ ៥ ខែវិច្ឆិកា​នេះ​ដោយ​អំពាវនាវ​ឱ្យ​ម្ចាស់​សហគ្រាស​ដាក់​ស្នើ​កម្ចី​ដែល​អាច​ទទួល​បាន​រហូត​ដល់​ ២០ ​ម៉ឺន​ដុល្លារ​សម្រាប់​ទុន​បង្វិល និង​ ៣០ ​ម៉ឺន​ដុល្លារ​សម្រាប់​ទុនវិនិយោគ​។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់ SME Bank ​នៅ​ថ្ងៃ​ព្រហស្បតិ៍​បាន​ជូនដំណឹង​អំពី​ប្រតិបត្តិការ​របស់​ខ្លួន​ចាប់ពី​ថ្ងៃទី​ ៥ ​ខែ​វិច្ឆិកា​តទៅ​ដោយ​បាន​បង្ហាញ​ពី​បេសកកម្ម​ក្នុង​ការផ្ដល់​ហិរញ្ញប្បទាន និង​សេវា​ធនាគារ​ពាណិជ្ជ​ប្រកប​ដោយ​សុវត្ថិភាព និង​និរន្តរភាព ដើម្បី​គាំទ្រ​សហគ្រាស​ធុន​តូច និង​មធ្យម​ជាមួយ​នឹង​គោលបំណង​ក្នុង​ការបង្កើន ការធ្វើ​ពិពិធកម្ម​សេដ្ឋកិច្ច និង​ពង្រីក​ទំហំ​នៃ​ការនាំចេញ​។

ធនាគារ SME Bank បាន​បន្តថា ខ្លួន​នឹង​ខិតខំ​ប្រឹងប្រែង​ក្នុង​ការផ្ដល់​អត្ថប្រយោជន៍​តម្លៃ​បន្ថែម​សំខាន់ៗ​ចំនួន​ ៤ ​ដល់​សហគមន៍ SMEs រួមមាន​ទី​ ១ លទ្ធភាព​ទទួល​បាន​ហិរញ្ញប្បទាន​កាន់តែ​ប្រសើរ និង​មាន​តម្លៃ​ទាប ទី​ ២ ជំនួយ​បចេ្ចកទេស​ដល់​ SMEs ដើម្បី​លើកកម្ពស់​ផលិតភាព និង​ប្រសិទ្ធផល​របស់​ពួកគេ ទី​ ៣ គាំទ្រ​ការប្រឹក្សា​យោបល់​អាជីវកម្ម​ចុង​ខ្សែ និង​ទី​ ៤ ជួយ​សម្រួល​លទ្ធភាព​ចូល​ទីផ្សារ​ក្នុង​តំបន់​។

ធនាគារ​នេះ​បាន​ឱ្យ​ដឹងថា ម្ចាស់​សហគ្រាស​ SMEs អាច​ខ្ចី​បាន​រហូតដល់​ ២០០ ០០០ ​ដុល្លារ​សម្រាប់​ទុន​បង្វិល និង​ ៣០០ ០០០ ​ដុល្លារ​ សម្រាប់​ទុនវិនិយោគ​ដោយមាន​អត្រា​ការប្រាក់​ ៧ ​ភាគរយ​ ក្នុង​ ១ ​ឆ្នាំ និង​រយៈពេល​សង​កម្ចី​ ៧ ​ឆ្នាំ​។

លោក Dexter Tan អគ្គនាយក​ធនាគារ SME Bank បាន​ឱ្យដឹង​កាលពី​ខែមិថុនា​ថា ធនាគារ​នេះ​មាន​បម្រុង​ប្រាក់​ប្រហែល​ ១០ ​ភាគរយ​នៃ​ទុន​សរុប​របស់ខ្លួន​ដល់ SMEs ហើយ​លោក​សង្ឃឹម​ថា​ទុន​ ១០០ ​លាន​ដុល្លារ​នឹងត្រូវ​បញ្ចេញ​ត្រឹម​ចុង​ឆ្នាំនេះ​។

វិស័យ​អាទិភាព​សំខាន់ៗ​ដែល​នឹង​មាន​លទ្ធភាព​ទទួល​បាន​កម្ចី រួមមាន ការផលិត និង​ការកែច្នៃ​អាហារ​, ការផលិត​ទំនិញ​ប្រើប្រាស់​ក្នុង​ស្រុក ការកែច្នៃ​កាកសំណល់ និង​ការផលិត​ទំនិញ​សម្រាប់​វិស័យ​ទេសចរណ៍ ការផលិត​ផលិតផល​សម្រេច គ្រឿងបន្លាស់ ឬ​ការដំឡើង​គ្រឿងបន្លាស់​ដើម្បី​ផ្គត់ផ្គង់​ក្រុមហ៊ុន​ផលិត​ផ្សេងទៀត​, ស្រាវជ្រាវ និង​អភិវឌ្ឍន៍​ជាប់ទាក់ទង​នឹង​ព័ត៌មានវិទ្យា ឬ​ការផ្គត់ផ្គង់​សេវា​មាន​មូលដ្ឋាន​លើ​ព័ត៌មានវិទ្យា និង​ចុងក្រោយ​គឺ សហគ្រាស​ដែល​មាន​ទីតាំង​ស្ថិត​នៅក្នុង​បណ្ដុំ​ SME និង​សហគ្រាស​ដែល​អភិវឌ្ឍ​ជា​បណ្ដុំ​។

ធនាគារ​នេះ​នឹង​ពង្រីក​ផែនការ​កម្ចី​ផ្សេងៗ​ដូចជា ផែនការ​សហគ្រិន​ស្ដ្រី​កម្ពុជា (CWES) និង​ផែនការ​ឌីជីថល និង​ស្វ័យប្រវត្តិកម្ម​កម្ពុជា​ (CDAS) ​នៅពេល​អនាគត​។

បច្ចុប្បន្ន​មាន​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ចំនួន ​៣៣ បាន​ចូលរួម​បណ្តាក់ទុន​ជាមួយ​ធនាគារ SME Bank ធនាគារពាណិជ្ជ​ ២៣ ធនាគារ​ឯកទេស​ ២ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទទួល​ប្រាក់​បញ្ញើ​ ៥ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ ២៕LA