ភ្នំពេញៈ ធនាគារ​សហគ្រាស​ធុន​តូច​ និង​មធ្យម​កម្ពុជា (SME Bank) ដែល​គ្រប់គ្រង​ដោយ​រដ្ឋ​អាច​នឹង​ដំណើរការ​នៅ​ចុង​ឆ្នាំ​នេះ​តាម​ការ​គ្រោង​​ទុក ​ខណៈ​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ ​បាន​ប្រកាស​ជ្រើសរើស​​រក​បុគ្គលិក​​សម្រាប់​តំណែង​​ជា​ថ្នាក់​ដឹកនាំ​ជាន់​ខ្ពស់​​មួយ​​ចំនួន​សម្រាប់​ធនាគារ​​​ថ្មី​នេះ​។​

សេចក្ដី​ប្រកាស​ការងារ​របស់​ MEF​ បង្ហាញ​ថា ​ក្រសួង​នេះ​កំពុង​ស្វែងរក​បេក្ខជន ​ដើម្បី​បំពេញ​មុខ​តំណែង​ ដូច​ជា​​អគ្គនាយក​ ប្រធាន​ផ្នែក​​ប្រតិបត្តិការ ​ប្រធាន​ផ្នែក​បច្ចេកវិទ្យា ​ប្រធាន​ផ្នែក​​ធនធាន​មនុស្ស ​និង​ប្រធាន​ផ្នែក​​ហានិភ័យ​​។​

សេចក្ដី​ប្រកាស​នេះ​មិន​បាន​ជូន​ដំណឹង​ពី​កាល​បរិច្ឆេទ​ ដែល​ធនាគារ ​SME Bank ​នឹង​ត្រូវ​ដំណើរ​ការ​នោះ​ទេ ​ប៉ុន្តែ​ផ្ដល់​កាល​បរិច្ឆេទ​សម្រាប់​ការ​ដាក់​ពាក្យ​រហូត​ដល់​ថ្ងៃ​ទី ​៣០​ ខែ ​​មេសា​។​

គំនិត​ផ្ដួច​ផ្ដើម​​សម្រាប់​ការ​បង្កើត​ធនាគារ ​SME ​bank ​ត្រូវ​បាន​បង្ហាញ​ដោយ​​លោក​នាយក​រដ្ឋមន្ដ្រី ​ហ៊ុន ​សែន​ កាល​ពី​ខែ​ធ្នូ ឆ្នាំ ​២០១៧ ​នៅ​ក្នុង​ក្ដី​សង្ឃឹម​ថា ​ធនាគារ​នេះ​នឹង​បង្កើន​រោងចក្រ​កែច្នៃ​ក្នុង​ស្រុក​ និង​ពង្រឹង​សមត្ថភាព​​នាំចេញ​។

ថ្លែង​នៅ​ក្នុង​វេទិកា​ ​រដ្ឋាភិបាល​វិស័យ​​ឯកជន​លើក​ទី​១៨​ កាល​ពី​ចុង​ខែ​មីនា លោក​នាយក​រដ្ឋមន្ដ្រី​ បាន​ឲ្យ​ដឹង​ថា រដ្ឋាភិបាល​បាន​សម្រេច​លៃ​ប្រាក់​ទុក ​១០០ ​លាន​ដុល្លារ​ ដើម្បី​ដំណើរការ​ធនាគារ​នេះ ​ហើយ​ធនាគារ​នេះ​ត្រូវ​បាន​រំពឹង​ថា ​នឹង​ដំណើរការ​នៅ​ចុង​ឆ្នាំ​នេះ​។ ​

លោក​បាន​បញ្ជាក់​​​ថា៖ «​ការ​រៀបចំ​ដាក់​ឲ្យ​ដំណើរការ​នៅ​ក្នុង​ឆ្នាំ ២០១៩ ​នេះ​នូវ​ធនាគារ​សហគ្រាស​ធុន​តូច​ និង​មធ្យម​ (SME​ Bank) ដែល​មាន​កញ្ចប់​ទឹក​ប្រាក់​ដំបូង ប្រមាណ​ ១០០ ​លាន​ដុល្លារ​ចេញ​ពី​ប្រាក់​សន្សំ​របស់​រាជ​រដ្ឋាភិបាល​នឹង​គាំទ្រ​ដល់​សហគ្រាស​ធុន​តូច​​ និង​មធ្យម​ ដែល​មាន​សក្តានុពល​ក្នុង​ការ​ពង្រីក​អាជីវកម្ម​ និង​បង្កើត​ការងារ»​។

ធនាគារ​ថ្មី​នេះ​នឹង​ផ្ដល់​អាទិភាព​ដល់​​ការ​អភិវឌ្ឍ​កសិ​ពាណិជ្ជកម្ម​កម្ពុជា ​និង ​SME ដែល​​ជាប់​ទំនាក់​ទំនង​នឹង​ការ​​វិនិយោគ​ផ្ទាល់​ពី​បរទេស ​វិស័យ​ទេសចរណ៍ ​និង​ក្រុមហ៊ុន​បង្កើត​ថ្មី​ ផ្នែក​បច្ចេកវិទ្យា​៕​LA​​