ភ្នំពេញៈ ធនាគារ SME ដែលជាសហគ្រាសរដ្ឋថ្មីមួយមានដើមទុនដំបូង ១០០ លានដុល្លារសម្រាប់ផ្តល់កម្ចីដល់សហគ្រាសខ្នាតតូច និងមធ្យម អាចនឹងបើកដំណើរការនៅចុងឆ្នាំនេះ ខណៈដែលរដ្ឋាភិបាលបានអនុម័តកញ្ចប់ថវិការួចរាល់ដើម្បីដំណើរការគម្រោងនេះ។ នេះបើយោងតាមមន្រ្តីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (MEF)។
ថ្លែងប្រាប់ក្រុមអ្នកយកព័ត៌មានកាលពីម្សិលមិញ លោក វង្សី វិស្សុត រដ្ឋលេខាធិការប្រចាំការនៃក្រសួងសេដ្ឋកិច្ច បានឲ្យដឹងថា រដ្ឋាភិបាលបានលៃលកកញ្ចប់ថវិកា ១០០ លានដុល្លាររួចហើយក្នុងការដាក់ឲ្យដំណើរការគម្រោងនេះ តែក្រុមការងារកំពុងរៀបចំនីតិវិធីសំខាន់ៗមួយចំនួនទៀតដើម្បីបើកដំណើរការធនាគារនេះជាផ្លូវការ។
លោកបន្តថា ធនាគារថ្មីនេះនឹងផ្តោតលើការជួយជ្រោមជ្រែងវិស័យកែច្នៃកសិផល អភិវឌ្ឍន៍ សហគ្រាសតូច និងមធ្យម ដែលផ្សារភ្ជាប់នឹងវិនិយោគផ្ទាល់ពីបរទេសវិស័យទេសចរណ៍ និងក្រុមហ៊ុនបង្កើតថ្មីក្នុងវិស័យបច្ចេកវិទ្យា។
លោកបញ្ជាក់ថា៖ «រាល់វិស័យណាដែលជាចន្ទល់ថ្មីសម្រាប់ជំរុញកំណើនសេដ្ឋកិច្ចនឹងត្រូវបានការគាំទ្រដោយធនាគារ SME»។
គំនិតផ្តួចផ្តើមបង្កើតធនាគារ SME ត្រូវបានលើកឡើងដំបូងដោយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីខែធ្នូ ឆ្នាំ ២០១៧ ក្នុងគោលដៅជំរុញសកម្មភាពផលិត និងលទ្ធភាពនាំចេញ។
ការសម្រេចនេះធ្វើឡើងបន្ទាប់ពីម្ចាស់សហគ្រាសជាច្រើនបានលើកឡើងពីលទ្ធភាពទទួលបានហិរញ្ញប្បទានទាប ហើយតែងអំពាវនាវជាញឹកញាប់ឲ្យរដ្ឋាភិបាលផ្តល់ប្រាក់កម្ចីមានការប្រាក់ទាប៕