ភ្នំពេញៈ ធានារ៉ាប់រងកសិកម្មបានដើរតួនាទីដ៏សំខាន់មួយ ក្នុងការធានាសន្ដិសុខហិរញ្ញវត្ថុសម្រាប់ប្រជាកសិករ ហើយវាក៏ជាបញ្ហាដ៏សំខាន់សម្រាប់ប្រទេសដែលពឹងផ្អែកលើកសិកម្ម ដូចជាកម្ពុជា។
ក្រុមហ៊ុនធានារ៉ាប់រង Forte ជាក្រុមហ៊ុនមួយនៅក្នុងទីផ្សារធានារ៉ាប់រងកម្ពុជា ដែលបានផ្ដល់សេវាធានារ៉ាប់រងនេះរួចហើយ ក្នុងគម្រោងសាកល្បងសម្រាប់វិស័យចាប់តាំងពីឆ្នាំ ២០០៤ មក។
លោក យក់ ចំរើនរិទ្ធិ នាយកគ្រប់គ្រប់ក្រុមហ៊ុនធានារ៉ាប់រង Forte Insurance (Cambodia) Plc បានផ្តល់បទសម្ភាសជាមួយអ្នកយកព័ត៌មានកាសែតភ្នំពេញប៉ុស្ដិ៍ ដើម្បីពន្យល់អំពីរបៀបនៃការធានារ៉ាប់រងកសិកម្ម ការផ្ដល់អត្ថប្រយោជន៍ដល់វិស័យនេះ និងបញ្ហាប្រឈមនៅពីក្រោយបញ្ហានេះ។
តើហេតុអ្វីយើងចាំបាច់ត្រូវការ ការធានារ៉ាប់រងកសិកម្ម?
ការធានារ៉ាប់រងកសិកម្មមានភាពពេញនិយមនៅតាមបណ្ដាប្រទេសអភិវឌ្ឍន៍ ដែលមានសក្ដានុពលខ្ពស់នៅក្នុងវិស័យកសិកម្ម ហើយវាត្រូវបានអនុវត្តប្រកបដោយជោគជ័យដូចជានៅអាមេរិក សហភាពអឺរ៉ុប ថៃ ឥណ្ឌា និងវៀតណាម ដែលធានាដល់ផលិតកម្មខ្ពស់ សន្ដិសុខកសិកម្ម និងហិរញ្ញវត្ថុ សម្រាប់កសិកររបស់ពួកគេ។ ការធានារ៉ាប់រងកសិកម្ម បានបែងចែកជា ២ ប្រភេទ ទី១ ការធានារ៉ាប់រងផ្នែករុក្ខាប្រមាញ់ និងទី២ ការធានារ៉ាប់រងដំណាំកសិកម្ម។
ដូចដែលយើងបានដឹងហើយថា ទីផ្សារធានារ៉ាប់រង នឹងការពារនូវរាល់ហានិភ័យដែលបានកើតឡើងដោយមិនបានរំពឹងទុក និងធានាហិរញ្ញវត្ថុសម្រាប់ផលវិបាកនៅពេលក្រោយ។ ដូច្នេះ ការធានារ៉ាប់រងកសិកម្ម គឺដើរតួនាទីដ៏សំខាន់មួយក្នុងការធានាការខូចខាតខ្លាំងណាមួយលើការផលិតកសិកម្ម ហានិភ័យដោយសារអាកាសធាតុមិនទៀងទាត់ ហើយវាគាំទ្រការផលិតកសិកម្ម ដែលអនុវត្តតាមគោលនយោបាយរដ្ឋ ដោយ ការលើកកម្ពស់ ការផលិតខ្ពស់ព្រមទាំងការធានាសន្ដិសុខហិរញ្ញវត្ថុសម្រាប់កសិករ។
តើអ្វីជាអត្ថប្រយោជន៍ នៃការធានារ៉ាប់រងកសិកម្ម?
ខណៈប្រទេសយើងពឹងផ្អែកលើទឹកភ្លៀងច្រើន ហើយប្រជាជន ៦០ ទៅ ៧០ ភាគរយ គឺជាកសិករ ដូច្នេះការធានារ៉ាប់រងកសិកម្ម នឹងផ្ដល់អត្ថប្រយោជន៍ដល់កសិកររបស់យើង។ វានឹងសងដល់កសិករ នៅពេលណាដែលដំណាំកសិកម្មរបស់ពួកគេ ឬកសិដ្ឋានរបស់ពួកគេខូចខាតដោយគ្រោះថ្នាក់ធម្មជាតិ វានឹងធ្វើឲ្យកសិករមានការស្ងប់ចិត្តសម្រាប់ដំណាំពួកគេ។
តើអ្នកបានធ្វើអ្វីខ្លះហើយនៅក្នុងវិស័យកសិកម្ម របស់កម្ពុជាមកដល់ពេលនេះ?
យើងគឺជាក្រុមហ៊ុនធានារ៉ាប់រងមួយ នៅក្នុងទីផ្សារធានារ៉ាប់រងដែលធ្វើការងារលើការធានារ៉ាប់រងផ្នែកកសិកម្ម។ ក្រុមហ៊ុន Forte មានចក្ខុវិស័យរយៈពេលវែងសម្រាប់ការផ្ដល់ការធានារ៉ាប់រងកសិករនេះ។ ចាប់តាំងពីឆ្នាំ ២០១៥ ក្រុមហ៊ុន Forte បានសាកល្បងគម្រោងធានារ៉ាប់រងដំណាំកសិកម្ម ដែលផ្ដល់អត្ថប្រយោជន៍ដល់ប្រជាកសិករ ២០០ គ្រួសារដោយប្រមូលការបង់បុព្វលាភប្រហែល ៥ ២០០ ដុល្លារក្នុងមួយរដូវ និងផ្តល់ប្រាក់សំណងប្រហែល ៧ ០០០ ដុល្លារ ដែលមានមូលដ្ឋាននៅខេត្តបាត់ដំបង បន្ទាយមានជ័យ ពោធិ៍សាត់ សៀមរាប និងកំពង់ធំដែលបានផ្ដោតលើការផលិតស្រូវ។
យើងផ្ដល់ការធានារ៉ាប់រងដំណាំ ដូចជាកៅស៊ូ ស្វាយចន្ទី និងពោត ខណៈធ្លាប់លក់ឲ្យ ៦០ គ្រួសារ សម្រាប់ការចាប់ផ្ដើមដំបូង ហើយនៅពេលនេះមានតែគ្រួសារ ៣ ប៉ុណ្ណោះដែលនៅប្រើប្រាស់សេវា។
ការសងរបស់យើងគឺផ្អែកតាមការវិភាគស្ថិតិ លើសន្ទស្សន៍អាកាសធាតុ ដែលយើងដំឡើងមជ្ឈមណ្ឌលអង់តែន ដើម្បីព្យាករការប្រែប្រួលអាកាសធាតុ ដែលយើងបង្ហាញកសិករ ឲ្យយល់ដឹងពីការងាររបស់យើង និងបង្កើនទំនុកចិត្តទៅដល់ពួកគេ។ យើងបានសងដោយពឹងផ្អែកលើសន្ទស្សន៍ទិន្នផល និងសន្ទស្សន៍ប្រាក់ចំណូលដំណាំរបស់ពួកគេ ខណៈតម្លៃផលិតផលកសិកម្មនឹងប្រែប្រួល។
តើអ្វីជាបញ្ហាប្រឈម បន្ទាប់ពីគម្រោងសាកល្បង នៃការធានារ៉ាប់រងដំណាំកសិកម្មនេះ?
តាំងពីបានចូលក្នុងវិស័យនេះមក យើងមិនទាន់ទទួលបានប្រាក់ចំណេញនៅឡើយទេ ដោយការសងសំណង គឺខ្ពស់ជាងការទទួលបានបុព្វលាភ។ ប៉ុន្តែយើងរីករាយក្នុងការសង ដោយសារតែកសិករមានការយល់ដឹងយឺតយ៉ាវអំពីផលិតផល។ ប៉ុន្តែយើងប្រឈមនឹងបញ្ហាជាច្រើន ខណៈគម្រោងសាកល្បងរបស់យើងនៅតែមាន។
យើងបានរកឃើញថា ការយល់ដឹងអំពីអត្ថប្រយោជន៍ធានារ៉ាប់រង នៅតែមានកម្រិត កង្វះការអប់រំរបស់ប្រជាកសិករ ខណៈវាមានការជួយជ្រោមជ្រែងបន្តិចបន្តួចពីរដ្ឋាភិបាល និងភាគីពាក់ព័ន្ធ ដូច្នេះវាពិបាកក្នុងការបង្កើនទំនុកចិត្តនៅក្នុងទីផ្សារនេះ។ ហេដ្ឋារចនាសម្ព័ន្ធព្យាករណ៍អាកាសធាតុនៅមានកម្រិត ដែលពិបាកសម្រាប់ពួកយើងជាក្រុមហ៊ុនធានារ៉ាប់រង ក្នុងការព្យាករ ហើយកសិករពិបាកក្នុងការទទួលបានព័ត៌មានអាកាសធាតុផងដែរ។
តើធ្វើដូចម្ដេច ដើម្បីទទួលបានជោគជ័យក្នុងវិស័យនេះ?
រដ្ឋាភិបាល គឺអ្នកដើរតួនាទីដ៏សំខាន់ក្នុងការធ្វើឲ្យការធានារ៉ាប់រងកសិកម្មកើតឡើង និងមានស្ថិរភាពសម្រាប់វិស័យនេះ វាពិបាកនៅក្នុងការដំណើរការដោយរលូន ដោយមិនមានការឧបត្ថម្ភធនរបស់រដ្ឋាភិបាល។ រដ្ឋាភិបាលនឹងដើរតួនាទីវិជ្ជមានសម្រាប់កសិករក្នុងការបង្កើនទំនុកចិត្ត និងធានាគុណភាពសម្រាប់សេវារបស់យើង ហើយប្រជាកសិករនឹងមានអារម្មណ៍ថា មានសុវត្ថិភាព ដោយសារតែហិរញ្ញវត្ថុរបស់ពួកគេមានសន្ដិសុខ។
ខណៈវិស័យនេះចាំបាច់ត្រូវមានកិច្ចសហការពីភាគីពាក់ព័ន្ធ ដូចជាមីក្រូហិរញ្ញវត្ថុ ធនាគារ និងពាណិជ្ជករ វានឹងដំណើរការកាន់តែល្អប្រសើរ ប្រសិនបើវិស័យនេះទាំងមូលរួមគ្នា។
ខ្ញុំជឿជាក់ថា វានឹងកើតឡើង ដោយសាររដ្ឋាភិបាលបញ្ជាក់រួចហើយអំពីការធានារ៉ាប់រងកសិកម្ម នៅក្នុងគោលនយោបាយអភិវឌ្ឍន៍កសិកម្ម ដោយសារតែវានឹងធានាសន្ដិសុខហិរញ្ញវត្ថុសម្រាប់កសិកម្ម ការផលិតខ្ពស់ និងបង្កើនទំហំការនាំចេញ៕LA