ក្រុងអូតាវ៉ាៈ លោក Justin Trudeau នាយករដ្ឋមន្ដ្រីប្រទេស កាណាដា កាលពីថ្ងៃពុធបានបដិសេធការចោទប្រកាន់ថា លោកបានលះបង់ឧស្សាហកម្មអាលុយមីញ៉ូមរបស់ប្រទេសកាណាដា ដើម្បីសម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាមេរិកខាងជើងថ្មីមួយ។
កិច្ចព្រមព្រៀងថ្មីនេះដែលបានចុះហត្ថលេខាកាលពីថ្ងៃអង្គារនៅទីក្រុងម៉ិកស៊ិកចែងថា ៧០ ភាគរយនៃដែកថែប និងអាលុយមីញ៉ូមដែលប្រើប្រាស់ក្នុងរថយន្តនៅអាមេរិកខាងជើងត្រូវតែផលិតនៅក្នុងប្រទេស កាណាដា អាមេរិក ឬម៉ិកស៊ិក។
កិច្ចព្រមព្រៀងអាមេរិក ម៉ិកស៊ិក កាណាដា (USMCA) ដែលកែសម្រួលនេះបញ្ជាក់ថា ដែកថែបនោះត្រូវតែជាដែកដែលត្រូវបានរំលាយនៅអាមេរិកខាងជើង។
ប៉ុន្តែនោះមិនមែនជាករណីសម្រាប់អាលុយមីញ៉ូមនោះទេ ដែលអាចបើកចំហទ្វារដើម្បីការប្រើប្រាស់ដែករបស់ប្រទេសចិនដែលកែច្នៃឡើងវិញនៅប្រទេសម៉ិកស៊ិក។ នេះបើយោងតាមឧស្សាហកម្មប្រទេសកាណាដា និងអ្នកប្រឆាំងមួយចំនួននៅក្រុងអូតាវ៉ា។
កិច្ចព្រមព្រៀងថ្មីនេះបញ្ជាក់ថា លក្ខខណ្ឌតម្រូវសម្រាប់អាលុយមីញ៉ូមនឹងត្រូវបានពិចារណាក្នុងពេល ១០ ឆ្នាំក្រោយ។
លោក Yves-Francois Blanchet មេដឹកនាំគណបក្សឯករាជ្យ Bloc Quebecois នៅសភា បានរិះគន់លោក Trudeau ពីបទយល់ព្រមចំពោះលក្ខខណ្ឌនេះ ដោយថ្លែងថា «រយៈពេល ១០ ឆ្នាំក្រោយប្រទេសកាណាដាត្រូវបានហាមឃាត់មិនឲ្យការពារអាលុយមីញ៉ូម ដូចដែកថែបដែរ»។
ប៉ុន្តែលោក Trudeau បានប្រាប់តំណាងរាស្ដ្រថា៖ «កិច្ចព្រមព្រៀងថ្មីនេះតំណាងឲ្យផលចំណេញសម្រាប់កម្មករក្នុងវិស័យអាលុយមីញ៉ូម» ដោយសារលក្ខខណ្ឌតម្រូវអាលុយមីញ៉ូមក្នុងស្រុក ៧០ ភាគរយ មិនត្រូវបានផ្ដល់សិទ្ធិអំណាចនៅឡើយក្នុងកិច្ចព្រមព្រៀង NAFTA ឆ្នាំ ១៩៩៤ ដែលត្រូវបានជំនួសដោយកិច្ចព្រមព្រៀង USMCA នេះ។
លោកបានកត់សម្គាល់ថា រដ្ឋាភិបាលរបស់លោកកាលពីខែឧសភាបានចរចាការលុបចោលពន្ធនាំចូលពិន័យដែលលោកប្រធានាធិបតីអាមេរិកបានដាក់លើអាលុយមីញ៉ូមរបស់កាណាដា និងម៉ិកស៊ិក។
កាណាដាជាប្រទេសផ្គត់ផ្គង់អាលុយមីញ៉ូមឈានមុខគេដល់អាមេរិក ហើយរោងចក្រ ៨ ក្នុងចំណោមរោងចក្រផលិតអាលុយមីញ៉ូម ៩ មានមូលដ្ឋាននៅទីក្រុង Quebec។
ឧស្សាហកម្មអាលុយមីញ៉ូមនេះក៏ជំទាស់នឹងច្បាប់ពាណិជ្ជកម្មថ្មីនេះផងដែរ៕ LA