ភ្នំពេញៈ លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន ​សែន ​បាន​ថ្លែង​ថា ​នឹង​ស្វែងរក​ទីផ្សារ​ឲ្យ​បាន​កាន់​តែ​ច្រើន​​សម្រាប់​ផលិតផល​កសិកម្ម​​កម្ពុជា ​ពិសេស​អង្ករ​ ដោយ​លោក​អះអាង​ថា​ កម្ពុជា​មិន​អាច​​ពឹង​ផ្អែក​តែ​ទីផ្សារ​មួយ​នោះ​ទេ​។​

ថ្លែង​ក្នុង​ពិធី​បិទ​សន្និបាត​បូក​សរុប​​ការងារ​កសិកម្ម ​រុក្ខា​ប្រមាញ់ និង​នេសាទ​ឆ្នាំ ​២០១៨​​-២០១៩​ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ​សែន ​បាន​ឲ្យ​ដឹង​ថា វិស័យ​កសិកម្ម​កម្ពុជា​កំពុង​បង្ហាញ​ពី​ការ​រីក​ចម្រើន ​ខណៈ​កម្ពុជា​អាច​ផលិត​ស្រូវ​​លើស​រហូត​ជិត​ ៦ ​លាន​តោន ​ដែល​អាច​កែច្នៃ​ជា​អង្ករ​បាន​ជិត ​៤ ​លាន​តោន​។​

ការ​លើក​ឡើង​របស់​លោក​នាយក​រដ្ឋមន្ត្រី​ពេល​នេះ ​ខណៈ​កម្ពុជា​កំពុង​ប្រឈម​នឹង​ការ​ដក​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ ​​(EBA​)​​​​។

បើ​តាម​លោក​នាយក​រដ្ឋមន្ត្រី​ លទ្ធភាព​នៃ​ការ​កែច្នៃ​អង្ករ​កង្វះ​ទីផ្សារ ​និង​ថ្លៃ​ដើម​ផលិត​ខ្ពស់​គឺ​ជា​ឧបសគ្គ​​​ដែល​ធ្វើ​ឲ្យ​ការ​​នាំចេញ​អង្ករ ​និង​ផលិតផល​ផ្សេង​ៗ​​​ទៀត​របស់​​កម្ពុជា​ពិបាក​ប្រកួត​​ជា​មួយ​ប្រទេស​ជិត​ខាង​។ លោក​ថ្លែង​ថា៖ ​«ជាក់​ស្តែង​បច្ចុប្បន្ន​នេះ ការ​នាំចេញ​អង្ករ​របស់​កម្ពុជា​ទៅ​ប្រទេស ​ហ្វីលីពីន ​មិន​អាច​ប្រកួត​ឈ្នះ​តម្លៃ​​អង្ករ​របស់​វៀតណាម និង​ថៃ ឡើយ​»​។​

លោក​បន្ត​ថា ​នៅ​ឆ្នាំ​នេះ​កម្ពុជា​​នឹង​ជំរុញ​ការ​នាំចេញ​ផលិតផល​កសិកម្ម​ទៅ​កាន់​ទីផ្សារ​ឲ្យ​បាន​កាន់​តែ​ច្រើន​។​

លោក​ថ្លែង​ថា​៖ «​​ថ្ងៃ​ស្អែក (ថ្ងៃ​សុក្រ​​នេះ) គម្រោង​នៃ​ការ​លើក​របស់​ខ្ញុំ ​គឺ​ចង់​ស្នើ​ឲ្យ​​កូរ៉េ ជួយ​​ទិញ​ផលិតផល​របស់​កម្ពុជា​​បន្ថែម​ទៀត​។ ​ទីផ្សារ​របស់​​យើង​​​មិន​អាច​ទៅ​​ចំណុះ​លើ​ទីផ្សារ​ណា​មួយ​ដោយ​គេ​ខ្ទប់​​ច្រមុះ​យើង​ឲ្យ​ស្លាប់​នោះ​ទេ​ ហើយ​​នៅ​ឆ្នាំ​នេះ​ខ្ញុំ​នឹង​ដើរ​ទៅ​កាន់​ប្រទេស​អាស៊ី-អឺរ៉ុប​ មួយ​ចំនួន​ទៀត​ ដើម្បី​ទាញ​យក​ផលិតផល​​យើង​​ទៅ​ទីនោះ ហើយ​យើង​នឹង​តម្រង់​ឆ្ពោះ​ទៅ​កាន់​ទីផ្សារ​នៅ​មជ្ឈិម​បូព៌ា​ថែម​ទៀត យើង​បើក​ទីផ្សារ​​កាន់​តែ​ធំ​​​​»​។​

លោក​នាយក​រដ្ឋមន្ត្រី ក៏​​បាន​ជំរុញ​ឲ្យ​ក្រសួង​កសិកម្ម ​និង​ក្រសួង​ពាណិជ្ជកម្ម​ រួមគ្នា​សម្រេច​​ឲ្យ​បាន​នូវ​ការ​នាំចេញ​អង្ករ​​​ទៅ​កាន់​ទីផ្សារ​ចិន​ឲ្យ​បាន​ ៤០ ​ម៉ឺន​តោន ​និង​ប្រទេស ​វៀតណាម ​៣០ ​ម៉ឺន​តោន​។

តាម​របាយការណ៍​​ក្រសួង​កសិកម្ម ​រុក្ខា​ប្រមាញ់ និង​នេសាទ ​បាន​បង្ហាញ​ថា ឆ្នាំ ​២០១៨-​២០១៩ ​កម្ពុជា​ផលិត​ស្រូវ​បាន ​១០,៨៧ ​លាន​តោន​ លើស​ឆ្នាំ​មុន ​៣,៣​៧ ភាគរយ ​និង​សល់​ស្រូវ​លើស​ ៥,៨ ​លាន​តោន ​ដែល​អាច​​កិន​ជា​​អង្ករ​បាន​​ជាង ៣,៧ លាន​តោន​​។

លោក ​ហ៊ុន ​ឡាក់ ​អនុ​ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​បាន​និយាយ​ថា ជា​ការ​ល្អ​បើ​កម្ពុជា​អាច​ទទួល​​បាន​ទីផ្សារ​ថ្មី​ៗ​សម្រាប់​នាំចេញ​ផលិតផល​របស់​ខ្លួន​។ លោក​​ថ្លែង​ថា៖ ​«ប្រសិន​បើ​យើង​អាច​បើក​ទីផ្សារ​បរទេស​ថ្មី​បន្ថែម​បាន​ អ្នក​វិនិយោគ​ផ្តោត​លើ​វិស័យ​ធំៗ​សម្រាប់​ការ​នាំចេញ​ និង​ចូល​មក​វិនិយោគ​នៅ​កម្ពុជា​កាន់​តែ​ច្រើន​»​។​

លោក​បន្ត​ថា ក្រៅ​ពី​វិស័យ​ស្រូវ​អង្ករ ​កម្ពុជា​នៅ​​មាន​ផលិតផល​កសិកម្ម ​និង​កសិ​ឧស្សហកម្ម​ជា​ច្រើន​សម្រាប់​នាំចេញ។ ​ការ​ពឹង​លើ​ទីផ្សារ​ក្នុង​ស្រុក និង​ទីផ្សារ​ក្រៅ​ប្រទេស​តិចតួច មិន​អាច​ធ្វើ​ឲ្យ​វិស័យ​កសិកម្ម​នៅ​កម្ពុជា​​មាន​ភាព​រឹងមាំ​​ទេ​។​

លោក​ថ្លែង​ថា៖​ «​ការ​ជួយ​ស្វែង​រក​ទីផ្សារ​ថ្មី​បន្ថែម​ពី​​ថ្នាក់​ដឹកនាំ​ គឺ​ជា​ក្តី​ប្រាថ្នា​ដ៏​ចម្បង​សម្រាប់​វិស័យ​ឯកជន​»។​

លោក ​ច័ន្ទ​ សុផល​ នាយក​មជ្ឈមណ្ឌល​សិក្សា​គោល​នយោបាយ​​​ឲ្យ​ដឹង​ថា​ កម្ពុជា​គឺ​ជា​ប្រទេស​ដែល​មាន​សក្តានុពល​​សម្រាប់​​ការ​នាំចេញ​ទំនិញ​ផ្សេងៗ​ទៅ​​ប្រទេស ​កូរ៉េ និង​​បណ្តា​ប្រទេស​នៅ​តំបន់​មជ្ឈិមបូព៌ា​។ ទោះ​បី​យ៉ាង​​ណា ដើម្បី​អាច​​ទទួល​បាន​​ទីផ្សារ​ថ្មីៗ​ កម្ពុជា​​​ក៏​​ត្រូវ​មាន​យន្តការ​នៅ​ក្នុង​ការ​រឹតបន្តឹង​ផ្នែក​គុណភាព​ផង​ដែរ​។​

លោក​ថ្លែង​ថា​៖ ​«​​ជា​ធម្មតា​​ពេល​​យើង​​​​ធ្វើ​ពិពិធកម្មការ​នាំចេញ​ទំនិញ​បាន​ច្រើន វា​នឹង​ជួយ​ដល់​ផលិត​​កម្ម​ក្នុង​ស្រុក និង​​សេដ្ឋកិច្ច​​ជាតិ​កាន់​​តែ​រីក​ចម្រើន​»​​។

តួលេខ​នៃ​ការ​នាំចេញ​អង្ករ​បង្ហាញ​ថា ក្នុង​​ឆ្នាំ ​២០១៨ ​កន្លង​​មក​ កម្ពុជា​នាំចេញ​អង្ករ​បាន​ចំនួន​ជាង​ ៦២,៦ ម៉ឺន​តោន ​ខណៈ​កាល​ពី​ឆ្នាំ ​២០១​៧ បាន​ ៦៣,៥ ​​ម៉ឺន​តោន​៕LA