ភ្នំពេញៈ លោកនាយក​រដ្ឋមន្ដ្រី ហ៊ុន សែន បាន​អំពាវនាវ​ឲ្យ​ប្រជាជន​បន្ត​ប្រើប្រាស់​ក្រដាសប្រាក់​ដុល្លារ​អាមេរិក​ប្រភេទ ១ ​ដុល្លារ ២ ​ដុល្លារ និង​ ៥ ​ដុល្លារ​ ដោយ​លើកឡើង​ថា ក្រដាសប្រាក់​ទាំងនេះ​នៅតែ​ចរាចរណ៍​ជាធម្មតា​នៅក្នុង​សេដ្ឋកិច្ច​។

ការអំពាវនាវ​របស់​លោក​នាយក​រដ្ឋមន្ដ្រី​ធ្វើ​ឡើង​បន្ទាប់ពី​សេចក្ដី​ប្រកាស​របស់​ធនាគារជាតិ​នៃ​កម្ពុជា (NBC) កាលពី​ថ្ងៃទី​ ២៨ ខែ​ឧសភា​ថា ខ្លួន​កំពុង​ពិចារណា​មិន​ទទួល​យក​ក្រដាស​ប្រាក់​ដុល្លារ​តម្លៃ​ទាបៗ​ពី​ធនាគារ និង​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ដោយសារ​វា​កំពុង​កើនឡើង​ច្រើន​ក្នុង​ស្ដុក​របស់ខ្លួន និង​មាន​តម្រូវការ​ទាប​។

លោកនាយក​រដ្ឋមន្ដ្រី​បាន​សរសេរ​នៅលើ​ទំព័រ​ហ្វេសប៊ុក​ផ្ទាល់ខ្លួន​កាលពី​ថ្ងៃទី​ ២៩ ខែ​ឧសភា​ថា ក្រដាសប្រាក់​អាមេរិក​តម្លៃ​ទាប​នៅតែ​ចរាចរណ៍​ជាធម្មតា​នៅក្នុង​ប្រទេស​កម្ពុជា​ដូច​ដែល NBC បាន​ពន្យល់​រួចហើយ​នៅក្នុង​សេចក្ដីប្រកាស​របស់​ខ្លួន​។ លោក​សរសេរ​ថា​៖ «​ខ្ញុំ​សូម​បញ្ជាក់ជូន​បងប្អូន​ប្រជា​ពលរដ្ឋ​នៅ​ទូទាំង​ប្រទេស​ឲ្យ​បាន​ជ្រាប​បន្ថែម​លើ​ការប្រកាស​របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា​នៅ​រសៀល​ថ្ងៃទី​ ២៨ ខែ​ឧសភា ឆ្នាំ​ ២០២០ គឺ​បាន​បញ្ជាក់​ច្បាស់​ហើយ​ថា ក្រដាស​ប្រាក់​ដុល្លារ​អាមេរិក​ប្រភេទ ១ ​ដុល្លារ ២ ​ដុល្លារ និង​ ៥ ​ដុល្លារ​ គឺ​នៅតែ​ចាយ​បាន​ធម្មតា​នៅលើ​ទីផ្សារ​ទូទាំង​ប្រទេស​គឺ​មិន​មាន​ការហាមប្រាម​មិន​ឲ្យ​ចាយ​ដូច​ពាក្យ​ចចាមអារ៉ាម​នោះទេ​»​។

លោក​បន្ថែមថា​៖ «​ក្នុង​ករណី​ប្រសិនបើ​មាន​ការបញ្ឈប់​ឲ្យ​ចរាចរណ៍​ចាយលុយ​ក្រដាសប្រាក់​អាមេរិក​ប្រភេទ​ខាងលើ​នេះ​គឺ​ប្រាកដ​ជា​មាន​សេចក្តីប្រកាស​ជា​ផ្លូវការ​ពី​ធនាគារជាតិ​នៃ​កម្ពុជា​មិនខាន​។ សូម​បងប្អូន​ប្រជាពលរដ្ឋ​បន្ត​ប្រើប្រាស់​ក្រដាស​ប្រាក់​អាមេរិក​ប្រភេទ​ ($1, $2, $5) ដោយ​សេរី​ដោយ​គ្មាន​ការ​កាត់ទឹក ឬ​កាត់​ផុក​ [​ភក់​] ​អ្វី​ទាំងអស់​»​។

សេចក្ដី​ប្រកាស​របស់ NBC ឲ្យ​ដឹងថា ធនាគារជាតិ​ទុកពេល ៣ ​ខែ​ដល់​ធនាគារ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ចាប់ពី​ថ្ងៃទី​ ១ ខែ​មិថុនា ដល់​ថ្ងៃទី​ ៣១ ខែកញ្ញា ត្រូវ​យក​ក្រដាសប្រាក់​ទាំងអស់​នោះមក​ដូរ​នៅ​ធនាគារជាតិ​នៃ​កម្ពុជា ដើម្បី​ដឹកជញ្ជូន​ទៅ​បរទេស​ដោយ​មិន​គិត​តម្លៃ​សេវា​។ បន្ទាប់ពី​ពេល​កំណត់​នេះ​ពួកគេ​នឹង​គិត​តម្លៃ​សេវា​ជាមិនខាន​។

សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​កាលពី​ថ្ងៃទី​ ២៩ ខែ​ឧសភា បានចេញ​សេចក្ដីប្រកាស​ព័ត៌មាន​មួយ​ដល់​សាធារណជន​ថា សមាគម​គាំទ្រ​គំនិត​ផ្តួចផ្ដើម​ដែល​បាន​ធ្វើឡើង​ដោយ NBC ថា​នឹង​ជំរុញ​ឲ្យ​មាន​ការប្រើប្រាស់​រូបិយប័ណ្ណ​ក្នុង​ស្រុក​យ៉ាង​ទូលំទូលាយ​។

សេចក្ដី​ប្រកាស​ព័ត៌មាន​បាន​បន្តថា​៖ «​ជាមួយ​គ្នា​នេះ​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​ស្នើ​សមាជិក​ទាំងអស់​អនុវត្ត​យ៉ាង​ទូលំទូលាយ និង​ប្រកាស​ដល់​សាធារណជន​ថា ក្រដាសប្រាក់ ១ ​ដុល្លារ ២ ​ដុល្លារ និង​ ៥ ​ដុល្លារ​នៅតែ​ទទួល​យក​ដោយ​ពឹង​ផ្អែកលើ​តម្លៃ​សេដ្ឋកិច្ច​។ សមាគម​ក៏ជំរុញ​ឲ្យ​សាធារណជន​ប្រើប្រាស់​រូបិយប័ណ្ណ​ក្នុងស្រុក (​ប្រាក់រៀល​) យ៉ាង​ទូលំទូលាយ​»​។

លោក ប៊ុន មុនី សមាជិក​ក្រុមប្រឹក្សាភិបាល CMA និង​ជា​អគ្គនាយក Vithey Microfinance Plc បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាលពី​ថ្ងៃអាទិត្យ​ថា សមាជិក​របស់ CMA នៅ​តែ​ទទួល​យក​ក្រដាសប្រាក់​ទាំងនេះ និង​អំពាវនាវ​ឲ្យ​ប្រជាជន​កុំ​ភ័យខ្លាច​ពី​ពាក្យ​ចចាមអារ៉ាម​ថា គ្រឹះស្ថាន​ហិរញ្ញវត្ថុ​បញ្ឈប់​ការទទួល​យក​ក្រដាសប្រាក់​ទាំងនេះ​។

លោក​ថ្លែងថា​៖ «​លោក​នាយករដ្ឋមន្ដ្រី និង​ធនាគារជាតិ​នៃ​កម្ពុជា​បាន​ប្រកាស​យ៉ាងច្បាស់​លាស់​ដល់​សាធារណជន​ឲ្យ​ប្រើប្រាស់​ក្រដាសប្រាក់​អាមេរិក​ទាំងនោះ​ជាធម្មតា ហើយ​យើង​មើល​មិន​ឃើញ​សមាជិក​ណាមួយ​របស់​យើង​មិន​ទទួល​យក​វា​នោះទេ​»​។

របាយការណ៍​របស់​ធនាគារជាតិ​នៃ​កម្ពុជា​ប្រចាំ​ឆ្នាំ​ ២០១៩ បាន​ឲ្យ​ដឹងថា ចំណែក​ប្រាក់រៀល​កំពុង​ចរាចរណ៍​នៅ​កម្ពុជា​បាន​កើនឡើង​ប្រហែល ៣៣ ​ភាគរយ​ ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំមុន ខណៈ​ប្រាក់​បញ្ញើ​ជា​ប្រាក់រៀល​បាន​កើនឡើង ៣៧ ​ភាគរយ​។

របាយការណ៍​នេះ​បាន​កត់សម្គាល់​ឃើញ​ការកើនឡើង​ជាប្រចាំ​តម្រូវការ​រូបិយប័ណ្ណ​ក្នុង​ស្រុក​ជាមួយ​នឹង​អនុបាត​ប្រាក់បញ្ញើ​ជា​ប្រាក់​ដុល្លារ​បាន​ធ្លាក់​ចុះមក​នៅត្រឹម ៨២,៩ ​ភាគរយ​ កាលពី​ឆ្នាំមុន​ធៀប​ ៨៤,៨ ​ភាគរយ កាលពី​ឆ្នាំ​ ២០១៨៕LA