ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងទៅចូលរួមកិច្ចប្រជុំ «ត្រួតពិនិត្យឡើងវិញជាសកលលើជំនួយសម្រាប់ពាណិជ្ជកម្ម ឆ្នាំ ២០១៩» នៅអង្គការពាណិជ្ជកម្មអន្តរជាតិពិភពលោក (WTO) នៅសប្តាហន៍នេះ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានក្រសួងការបរទេសកម្ពុជា។
កិច្ចប្រជុំនេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី ៣ ដល់ ៥ ខែ កក្កដា នៅទីក្រុងហ្ស៊ឺណែវ ប្រទេស ស្វ៊ីស ក្រោមប្រធានបទ «គាំទ្រពិពិធកម្ម និងការលើកកម្ពស់សេដ្ឋកិច្ច សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាប័ន្នតាមរយៈជំនួយសម្រាប់ពាណិជ្ជកម្ម»។
កិច្ចប្រជុំនេះ ធ្វើឡើងក្នុងគោលបំណងពិនិត្យមើលពីរបៀបជំនួយពាណិជ្ជកម្មអាចទ្រទ្រង់ប្រកបដោយប្រសិទ្ធភាពដល់ការធ្វើពិពិធកម្មសេដ្ឋកិច្ច។
មន្ត្រីជាន់ខ្ពស់ដែលនឹងរួមដំណើរជាមួយនាយករដ្ឋមន្ត្រី រួមមាន លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងមន្ត្រីជាន់ខ្ពស់មួយចំនួនទៀត។
លោក ហ៊ុន សែន ក៏នឹងឡើងថ្លែងសុន្ទរកថា បង្ហាញពីកំណើនសេដ្ឋកិច្ចកម្ពុជាផងដែរ។
យោងតាមសេចក្តីប្រកាសព័ត៌មាន លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងប្រកាសជាផ្លូវការនូវយុទ្ធសាស្ត្រសមាហរណកម្មពាណិជ្ជកម្មរបស់កម្ពុជា ឆ្នាំ ២០១៩-២០២៣។
ក្រៅពីកិច្ចប្រជុំនេះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏នឹងថ្លែងសុន្ទរកថានៅកិច្ចប្រជុំលើកទី៤១ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ដើម្បីឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តក្នុងការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាផងដែរ៕LA