ភ្នំពេញៈ លោកនាយក​រដ្ឋមន្ដ្រី ហ៊ុន សែន កាលពី​ថ្ងៃ​ព្រហស្បតិ៍​អំពាវនាវ​ឲ្យ​កសិករ​ផ្លាស់ប្តូរ​ការដាំ​ដំណាំ​កសិកម្ម​ផ្សេងទៀត​ជាជាង​គ្រាន់តែ​ដាំដុះ​ស្រូវ​នៅក្នុង​រដូវប្រាំង ដោយសារ​តែ​បញ្ហា​នៃ​ការធ្លាក់ចុះ​កម្រិត​ទឹកនឹង​ប៉ះពាល់​គុណភាព​ស្រូវ និង​អាច​បណ្តាល​ឲ្យ​តម្លៃ​ធ្លាក់ចុះ​។

ការអំពាវនាវ​នេះ​ត្រូវបាន​ធ្វើឡើង​ក្នុង​អំឡុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​នៅ​ទីក្រុង​ភ្នំពេញ​កាលពី​ម្សិលមិញ ដោយ​លោក​បាន​លើក​ឡើង​ថា ដើម្បី​គេចផុត​ពី​ការប៉ះពាល់​ដល់​ទិន្នផល​ដែល​មិនបាន​រំពឹងទុក​ណាមួយ និង​ការធ្លាក់ចុះ​តម្លៃ​នៅ​អំឡុងពេល​ប្រមូលផល​នៃ​រដូវប្រាំង​នេះ​ប្រជាកសិករ​គួរតែ​ផ្លាស់ប្តូរ​ពី​ការដាំដុះ​ស្រូវ​ទៅ​ដាំដុះ​ដំណាំ​កសិកម្ម​ផ្សេងទៀត​ដូចជា​អំពៅ​ដែល​ធន់​នឹង​ទឹក​។

លោក​ថ្លែងថា​៖ «​យោងតាម​របាយការណ៍​បាន​ពី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ ការប្រមូលផល​ស្រូវ​រដូវវស្សា​ជិត​បញ្ចប់​ហើយ​រហូត​មក​ដល់​ពេលនេះ​យើង​បាន​ប្រមូល​ទិន្នផល​ស្រូវ​លើ​ផ្ទៃដី​ជាង​ ២ ​លាន​ហិកតា​លើ​ផ្ទៃដី​សរុប​ជាង​ ២,៧ ​លាន​ហិកតា​»​។

លោក​បាន​បន្ថែមថា​៖ «​ខ្ញុំ​សង្ឃឹមថា ទិន្នផល​ស្រូវ​នៅ​រដូវវស្សា​នេះ​នឹង​មិន​រង​ផលប៉ះពាល់​ដោយ​កង្វះ​ទឹក​នោះទេ​។ ប៉ុន្តែ​ស្រូវ​នៅក្នុង​រដូវប្រាំង​នឹង​ប្រឈម​កង្វះ​ទឹក​នោះ​ជា​មូលហេតុ​ដែល​កាលពី​សប្ដាហ៍​មុន ខ្ញុំ​បានចេញ​សារាចរ​ណែនាំ​មួយ​ដល់​កសិករ​ត្រូវ​ធ្វើ​ស្រូវ​ម្ដង​ក្នុង​រដូវប្រាំង ហើយ​បន្ទាប់មក​គួរតែ​ផ្លាស់ប្តូរ​ទៅ​ដាំ​ដំណាំ​កសិកម្ម​ផ្សេងទៀត​»​។

សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា (CRF) កាលពី​សប្ដាហ៍​មុន​បាន​ឲ្យ​ដឹងថា បញ្ហា​គុណភាព​ស្រូវ​មិនល្អ​បាន​កាត់បន្ថយ​តម្លៃ​នៅតាម​តំបន់​មួយ​ចំនួន​ដែល​ប្រឈម​នឹង​កង្វះ​ទឹក​។

លោក លុន យ៉េង អគ្គលេខាធិការរង​ CRF បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាលពី​ថ្ងៃ​ពុធ​ថា ការធ្លាក់ចុះ​គុណភាព​គឺ​ដោយសារ​តែ​ភាពរាំងស្ងួត​។ លោក​បន្តថា​៖ «​តម្លៃ​ស្រូវ​មាន​គុណភាព​ល្អ ស្រូវ​ផ្កាម្លិះ ផ្ការំដួល គឺ​ដូចគ្នា​កាលពី​ឆ្នាំ​មុន ដែលមាន​តម្លៃ​ប្រហែល ១ ២០០ ​រៀល​​ ក្នុង​ ១ ​គីឡូក្រាម ខណៈ​ស្រូវ​សែន​ក្រអូប​មាន​តម្លៃ​ ១០០០ ​រៀល​»​។ លោក​លើកឡើងថា​៖ «​រោង​ម៉ាស៊ីនកិនស្រូវ​មិន​ចង់​បន្ទាប​តម្លៃ​ស្រូវ​នោះទេ ប៉ុន្តែ​ពួកគេ​មិន​មាន​ជម្រើស ដោយសារ​តែ​គុណភាព​ស្រូវ​មិនល្អ​»​។

លោកនាយក​រដ្ឋមន្ដ្រី​បាន​ឲ្យ​ដឹងថា ចំពោះ​តំបន់​ណាមួយ​ដែល​មិនមាន​ទឹក​គ្រប់គ្រាន់ កសិករ​គួរតែ​ផ្លាស់ប្តូរ​ទៅ​ដាំដុះ​ដំណាំ​កសិកម្ម​ផ្សេងៗ​ដែល​អាច​ផ្ដល់​ទិន្នផល​កាន់តែ​ប្រសើរ និង​អាច​ទទួល​បាន​តម្លៃ​កាន់តែ​ប្រសើរ​។

លោក​បញ្ជាក់ថា​៖ «​ពិត​ហើយ យើង​បាន​អំពាវនាវ​ឲ្យ​វិស័យ​ឯកជន​មិន​ត្រូវ​ទម្លាក់​តម្លៃ​ស្រូវ​នោះទេ ប៉ុន្តែ​យើង​មិន​កំណត់​តម្លៃ​ឲ្យ​វិស័យ​ឯកជន​នោះទេ ព្រោះ​ប្រទេស​យើង​ជា​ប្រទេស​ដែល​ប្រកាន់​យក​របប​សេដ្ឋកិច្ច​ទីផ្សារសេរី​»​។

របាយការណ៍​ផ្លូវការ​មួយ​បង្ហាញថា នៅ​រយៈពេល​​ ១១ ​ខែ​ដំបូង​ឆ្នាំនេះ ការនាំ​ចេញ​អង្ករ​ទៅ​ទីផ្សារ​អន្តរជាតិ​មាន​ចំនួន​សរុប ៥១៤ ១៤៩ តោន​។ ចំនួន​នេះ​កើន​ ៣,៤ ​ភាគរយ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​មុន​៕LA