ភ្នំពេញៈ សន្ទស្សន៍ថ្លៃទីផ្សារភាគហ៊ុនកម្ពុជា (CSX) នាចុងឆ្នាំ ២០១៨ នេះបានបង្ហាញពីកំណើនជាង ២២ ភាគរយ បើធៀបទៅនឹងដើមឆ្នាំ ដែលបានជំរុញឲ្យសន្ទស្សន៍ថ្លៃបានកើនឡើងដល់ ៤១៦,៣ ពិន្ទុនៅពេលបិទការជួញដូរកាលពីថ្ងៃសុក្រ ដែលកើនឡើងពី ៣៤០,២២ ពិន្ទុធៀបនឹងដើមឆ្នាំ។ នេះបើតាមសេចក្តីប្រកាសរបស់ផ្សារមូលបត្រកម្ពុជា។
អ្នកនៅក្នុងវិស័យនេះមានសុទិដ្ឋិនិយមថា និន្នាការនៃការយល់ដឹងពីទីផ្សារមូលបត្រដ៏ក្មេងខ្ចីរបស់កម្ពុជានឹងជំរុញ ទៅរកកំណើននាពេលអនាគតដ៏ខ្លីខាងមុខ។
ក្នុងអំឡុងពេល ៨ ខែនៃឆ្នាំ ២០១៨ តួលេខថ្លៃភាគហ៊ុនទាំងអស់ ដែលបានចុះបញ្ជីនៅ CSX ឬហៅថា សន្ទស្សន៍ CSX បានប្រែប្រួលស្ថិតក្រោមកម្រិត ៣៥០ ពិន្ទុប៉ុណ្ណោះ ដោយគិតជាមធ្យមប្រមាណ ៣៣៤ ពិន្ទុ។ ទោះបីជាយ៉ាងណា កាលពីថ្ងៃសុក្រ សន្ទស្សន៍ផ្សារហ៊ុនបានកើនឡើងដល់ ៤២១,៤២ ពិន្ទុ មុនពេលធ្លាក់មក ៤១៦,៣០ ពិន្ទុពេលបិទផ្សារ។
លោកស្រី គឹម សុផានីតា ប្រធានស្តីទីនាយកដ្ឋានប្រតិបត្តិការទីផ្សារក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា បានឲ្យដឹងថា និន្នាការសន្ទស្សន៍ថ្លៃផ្សារហ៊ុនបានចាប់ផ្តើមកើនឡើងជាបន្តបន្ទាប់តាំងពីចុងត្រីមាសទី ៣ ដោយនៅមុនពេលនោះសន្ទស្សន៍ថ្លៃទីផ្សារស្ថិតនៅចន្លោះជាង ៣០០ ពិន្ទុតែប៉ុណ្ណោះ។
លោកស្រីថ្លែងថា៖ «យើងមានសុទិដ្ឋិនិយមយ៉ាងខ្លាំងចំពោះដំណើរការរបស់ផ្សារហ៊ុននាពេលនេះ ពិសេសក្នុងរយៈពេលចុងក្រោយនេះយើងឃើញមានប្រជាជនខ្មែរជាច្រើនបានមកបើកគណនេយ្យសម្រាប់ជួញដូរ។ នេះជាអ្វីដែលយើងចង់បាន។ កំណើនចុះបញ្ជីនឹងធ្វើឲ្យការជួញដូរកើនឡើងកាន់តែលឿន»។
សេចក្តីប្រកាសរបស់ CSX បង្ហាញថា ការកើនឡើងខ្ពស់នៃសន្ទស្សន៍នេះដោយសារមានហេតុផលចម្បងៗ ៣ រួមមាន ការកើនឡើងនៃចំនួនគណនីជួញដូរ ដែលបានកើនឡើងទ្វេដងពីប្រមាណ ៩ ៨៩១ នាក់ទៅជាង ២០ ០០០ នាក់នៅអំឡុងពេលពីខែកក្កដា ដល់ខែវិច្ឆិកា។
ក្រុមហ៊ុនចុះបញ្ជីភាគច្រើនបានបង្ហាញលទ្ធផលប្រាក់ចំណេញ និងទិន្នផលភាគលាភខ្ពស់គួរឲ្យទាក់ទាញ ពិសេសភាគហ៊ុនរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងកំពង់ផែស្វយ័តភ្នំពេញ ដែលជាកត្តាដ៏សំខាន់ក្នុងការជំរុញសន្ទស្សន៍ថ្លៃភាគហ៊ុន។
ការសហការជាមួយស្ថាប័នពាក់ព័ន្ធរបស់ផ្សារមូលបត្រកម្ពុជា ក្នុងការទាក់ទាញទាំងវិនិយោគិនក្នុងស្រុក និងក្រៅស្រុកតាមរយៈការធ្វើសិក្ខាសាលា និងជួបជជែកពិភាក្សាផ្ទាល់ជាមួយវិនិយោគិនទាំងក្នុង និងក្រៅប្រទេស ក៏ជាផ្នែកមួយដែលជំរុញកំណើននៅក្នុងទីផ្សារមូលបត្រកម្ពុជាផងដែរ។
លោក អីុវ រ៉ាណ្ណារិទ្ធិ នាយកប្រតិបត្តិក្រុមហ៊ុន RHB Indochina Securities Plc បាននិយាយថា កំណើនសន្ទស្សន៍ថ្លៃទីផ្សារភាគហ៊ុនជាង ២០ ភាគរយនាពេលនេះ មានន័យថា តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនដែលចុះបញ្ជីទាំង ៥ ជារួមបានកើនឡើងជាង ២០ ភាគរយបើធៀបទៅនឹងដើមឆ្នាំ។ ទោះជាយ៉ាងណា កម្រិតនៃការកើនឡើងសន្ទស្សន៍ថ្លៃរបស់ក្រុមហ៊ុននីមួយៗមិនដូចគ្នាទេ។
លោកថ្លែងថា៖ «ដោយសារកំណើនសេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករថា នឹងមានកំណើនជាង ៧ ភាគរយនោះ ដូច្នេះខ្ញុំរំពឹងថាសន្ទស្សន៍តម្លៃភាគហ៊ុននៅកម្ពុជា ក៏នឹងបន្តកើនឡើងបន្ថែមទៀតដែរ»។
បច្ចុប្បន្នមានក្រុមហ៊ុន ៥ ដែលបានចុះបញ្ជីនៅផ្សារមូលត្រកម្ពុជារួមមាន រដ្ឋាករទឹកស្វយ័តភ្នំពេញ ក្រុមហ៊ុន ហ្រ្គេន ធ្វីន កំពង់ផែស្វយ័តភ្នំពេញ តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ និងកំពង់ផែស្វយ័តក្រុងព្រះសីហនុ៕ LA