ភ្នំពេញៈ ការ​កើន​ឡើង​នៃ​ ការ​ប្រកួត​ប្រជែង​នៅ​ក្នុង​វិស័យ​ហិរញ្ញវត្ថុ​ដ៏​តូច​ចង្អៀត​របស់ កម្ពុជា ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ត្រូវ​បាន​គេ​​មើល​ឃើញ​ថា មាន​ការ​ទិញ​លក់​ភាគ​ហ៊ុន​ ឬ​ទិញ​យក​ទាំង​ស្រុង​នៅ​​ក្នុង​គ្រឹះ​ស្ថាន​ហិរញ្ញ​វត្ថុ​កម្ពុជា​។​

និន្នា​ការ​នេះ​ត្រូវ​បាន​អ្នក ​នៅ​ក្នុងឧស្សាហ​កម្ម​នេះ​លើក​ឡើង​ថា ​ដោយ​សារ​សម្ពាធ​នៃ​ការ​ប្រកួត​ប្រជែង​។​

គ្រឹះ​ស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​ សាមិក បាន​លក់​ភាគ​ហ៊ុន​ទំាង​ស្រុង​ឲ្យ​ទៅ​ធនាគារ​កូរ៉េ NongHyup កាល​ពី​​ចុង​ខែ​​មុន ជា​អ្វី​ដែល​លោក គីង កបក​ល្យាណ ជា​នា​យក​ប្រតិបត្តិ​​បាន​បញ្ជាក់​​ថា​ ជា​ការ​សម្រេច​ចិត្ត​កើត​ចេញ​ពី​​សម្ពាធ​នៃ​​ការ​ប្រកួត​ប្រជែង​ដែល​កាន់​តែ​ខ្លាំង​ឡើង​នៅ​ក្នុង​វិស័យ​នេះ​។

លោក​បញ្ជាក់​ថា ស្ថាន​ភាព​ទី​ផ្សារ​ក្នុង​វិស័យ​មីក្រូ​ហិរញ្ញ​វត្ថុ​​នា​ពេល​បច្ចុប្បន្ន​ត្រូវ​ការ​ម្ចាស់​ភាគ​ហ៊ុន​ដែល​មាន​ដើម​ទុន​រឹង​មាំ​ដើម្បី​បន្ត​ដំណើរ​ក្នុង​ទី​ផ្សារ​នេះ។

លោក​ថ្លែង​​ថា​៖​«​លទ្ធ​ភាព​​របស់​ម្ចាស់​ភាគ​ហ៊ុន​ [​មុន​] មាន​កម្រិត​​​ក្នុង​ការ​ពង្រីក​ការ​វិនិ​យោគ​បន្ថែម​ អ៊ី​ចឹង​យើង​ត្រូវ​បង្ខំ​ចិត្ត​ដើរ​ចេញ ​ហើយ​ទុក​ឲ្យ​ភាគ​ហ៊ុន​ថ្មី​ដែល​គាត់​មាន​លទ្ធ​ភាព​​ផ្នែក​ហិរញ្ញ​វត្ថុ​គ្រប់​គ្រាន់​ច្បាស់​លាស់​ចូល​មក​ប្រកួត​ប្រជែង​ក្នុង​ទីផ្សារ​បច្ចុប្បន្ន​»​។

​គ្រឹះ​ស្ថាន​មួយ​ផ្សេង​ទៀត​គឺ​ អេ ​អឹម ​ខេ ក៏​បាន​ជូន​ដំណឹង​ពី​ការ​​លក់​ភាគ​ហ៊ុន​​នេះ​ដូច​គ្នា។ អេ​អឹម​ខេ បាន​សម្រេច​​លក់​ហ៊ុន ៨០ ភាគ​រយ​ឲ្យ​ទៅ​ធនាគារ​មួយឈ្មោះ ​ធនា​គារ ​ពាណិជ្ជ​ និង​ សន្សំ​ ស៊ាង​ហៃ​។

ការ​ពង្រឹង​លទ្ធភាព​ប្រ​កួត​ប្រជែង ​និង​ការ​ត្រៀម​ខ្លួន​ដើម្បី​ឆ្លើយ​តប​នឹង​លក្ខ​ខណ្ឌ​តម្រូវ​របស់​​ធនាគារ​ជាតិ​ទាក់​ទង​នឹង​ការ​​ដំ​ឡើង​ដើម​ទុន​អប្បប​រមា​​បាន​ធ្វើ​ឲ្យ​គ្រឹះ​ស្ថាន​មី​ក្រូ​ហិរញ្ញ​វត្ថុ​ធំ​ៗ​​ជា​ច្រើន​​ផ្លាស់​ប្តូរ​ភាគ​ហ៊ុន​ជា​បន្ត​បន្ទាប់​​​ ដោយ​ការ​​លក់​ភាគ​ហ៊ុន​ទៅ​ឲ្យ​ធនាគារ​ធំៗ​មួយ​ចំ​នួន​ក្នុង​តំបន់​អា​ស៊ី​។

គ្រឹះ​ស្ថាន​ប្រា​សាក់ គ្រឹះ​ស្ថាន ហត្ថា​កសិករ និង គ្រឹះ​ស្ថាន VisionFund ដែល​បច្ចុប្បន្ន​ប្រតិ​បត្តិ​ការ​ក្រោម​ឈ្មោះ WB Finance បាន​ប្រកាស​លក់​ភាគ​ហ៊ុន​ទាំង​ស្រុង​ ឬ​ភាគ​ហ៊ុន​ភាគ​ច្រើន​​ឲ្យ​ធនាគារ​នៅ​អាស៊ី​។

ការ​ច្របាច់​បញ្ចូល​គ្នា ការ​លក់​ភាគ​ហ៊ុន​ នៅ​ក្នុង​វិស័យ​មីក្រូ​ហិរ​ញ្ញវត្ថុ​កម្ពុជា (MFI) បាន​កើត​ឡើង​ខ្លាំង​​​ក្នុង​រយៈ​ពេល ២ ឆ្នាំ​ចុង​ក្រោយ​នេះ ​ដោយ​សារ​ការ​ប្រកួត​ប្រជែង​ទី​ផ្សារ​ និង​ការ​រឹត​បន្តឹង​ពី​ធនាគារ​ជាតិ​នៃ​កម្ពុជា​ទាក់​ទង​នឹង​​តម្រូវ​ការ​ទុន​អប្ប​បរមា​។ ​នេះ​បើ​យោង​តាម​អ្នក​ជំនាញ​។​​

លោក អិុន ចាន់នី ប្រធាន​នាយក​ប្រតិ​បត្តិ​ធនាគារ​អេ​ស៊ី​លី​ដា​បាន​ឲ្យ​ដឹង​ថា ការ​កើន​ឡើង​​នៃ​​ការ​ប្រកួត​ប្រជែង​ នៅ​ក្នុង​ឧស្សាហ​កម្ម​នេះ​ បាន​ជំរុញ​ឲ្យ​ភាគ​ទុនិក​ដែល​មាន​ស្រាប់​មួយ​​ចំនួន​​ចាក​ចេញ​ពី​ទី​ផ្សារ​ ខណៈ​​ឧស្សាហ​កម្ម​នេះ​ត្រូវ​ការ​ភាគ​ទុនិក​មាន​ដើម​ទុន​កាន់​តែ​រឹង​មាំ។ ​​

លោក​ថ្លែង​ថា​៖ «​កន្លង​មក​ក្រុម​វិនិ​យោគិន​នៅ​ក្នុង​ឧស្សាហ​កម្ម​មី​ក្រូ​ហិរញ្ញ​វត្ថុ​ មិន​ត្រូវ​ការ​​​ការ​ផ្លាស់​ប្តូរ​ដ៏​ធំ​នេះ​ទេ​ ដូច្នេះ​​ភាគ​ទុ​និក​ពី​មុន​​មិន​មាន​បំណង​លក់​ភាគ​ហ៊ុន​របស់​ពួក​គេ​ទេ»។

លោក​បន្ត​ថា​៖ «​នៅ​ពេល​នេះ​ពួក​គេ​​ប្រឈម​នឹង ​ការ​ប្រកួត​​ប្រជែង​កាន់​តែ​ខ្លាំង​ ដូច្នេះ [​ពួក​គេ] ​ត្រូវ​ការ​​មាន​ភាគ​ទុនិក​ថ្មី​ ដែល​មាន​ទុន​​រឹង​មាំ​»​។​

​លោក​បន្ត​ថា ​ការ​ផ្លាស់​ប្តូរ​ភាគ​​ទុនិក​ នៅ​​ក្នុង​រយៈ​ពេល ២ឆ្នាំ ​ចុង​ក្រោយ​នេះ​ គឺ​ជា​វិធាន​ការ​​ដ៏​ល្អដែល​ឆ្លុះ​បញ្ចាំង​ថាវិស័យ​​មីក្រូ​ហិរញ្ញ​វត្ថុ​កម្ពុជា ​បាន​​ទាក់ទាញ​​ក្នុង​ចំណោម​ធនាគារ​ធំៗ នៅ​ក្នុង​តំបន់​។​

ធនាគារ​កណ្ដាល​របស់​កម្ពុជាកាល​ពី​ខែ​មីនា​ ឆ្នាំ ២០១៦ បាន​​ប្រកាស​​បង្កើន​​មូលធន​អប្បប​រមា​របស់​គ្រឹះ​ស្ថាន​ហិរញ្ញ​វត្ថុ​ ​ដោយ​បង្កើន​​ជាង ១០ ដង​សម្រាប់​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​​។​

​​​ប្រកាស​របស់ NBC បង្ហាញ​ថា​ គ្រឹះ​ស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​ ដែល​​ទទួល​យក​ប្រាក់​បញ្ញើ​ តម្រូវ​ឲ្យ​បង្កើន​មូលធន​អប្បប​រមា​​​ដល់ ៣០ លាន​ដុល្លារ​ ដែល​កើន​ឡើង​ពី ២,៥ លាន​ដុល្លារ​។ MFI មិន​ទទួល​បាន​អា​ជ្ញា​ប័ណ្ណ​ទទួល​យក​ប្រាក់​បញ្ញើ​ ត្រូវតែ​បង្កើន​​ឲ្យ​ដល់ ១,៥ លាន​ដុល្លារ​ ពី​​កម្រិត​លើក​មុន​តែ ៦២​ ៥០០ ដុល្លារ​ប៉ុណ្ណោះ​។​

​លោក គា បូរាណ ប្រធាន​សមា​គម​មីក្រូ​ហិរញ្ញ​វត្ថុ​កម្ពុជា (CMA) បាន​ឲ្យ​ដឹង​ថា ការ​ផ្លាស់​ប្តូរ​បច្ចុប្បន្ន​នៃ​ភាគ​ទុនិក​នៅ​ក្នុង​វិស័យ​នេះ​ គឺ​ជា​ករណី​ធម្មតា​។

ខណៈ​គ្រឹះ​ស្ថាន​ផ្ដល់​កម្ចី​ទាំង​អស់​​ត្រូវ​បាន​បង្កើត​ឡើង​ដោយ មូល​និធិ​អង្គ​ការ​មិន​មែន​​រដ្ឋា​ភិបាល (NGO) និង​​បាន​ប្រតិ​បត្តិ​ការជា ​NGO កាល​ពី​ទសវត្សរ៍ ១​៩៩០ វា​ត្រូវ​បាន​ប្រែ​​​​ក្លាយ​ជា​លក្ខណៈ​ពាណិជ្ជ​កម្ម​​នៅ​ក្នុង​វិស័យ​នេះ​ ហើយ​​គ្រឹះ​​ស្ថាន​ជា​ច្រើន​​​បាន​ផ្លាស់​ប្តូរ​ក្លាយ​ជា​សហ​គ្រាស​ឯក​ជន​​កាល​​ពី​ចុង​ទសវត្សរ៍ ២​០០០​។​ ​លោក​ថ្លែង​ថា​៖​ «​ពេល​នេះ ខ្ញុំ​គិត​ថា វា​ជា​របត់​ថ្មី​ដ៏​សំខាន់​មួយ​ ដែល​ធនាគារ​បរទេស​ជា​ច្រើន​កំពុង​ចូល​មក និង​ទិញ​ភាគ​ហ៊ុន MFI សំខាន់​ៗ​»​។

លោក​​បន្ថែម​ថា ​ទោះ​បីជា MFI កម្ពុជា​ កំពុង​ជម្នះ​នឹង​ការ​កម្រិត​អត្រា​ការ​ប្រាក់​ក៏​ដោយ​ ក៏​ក្រុម​វិនិ​យោ​គិន​បរទេស​ នៅ​តែ​មាន​ទំនុក​ចិត្ត​លើ​សក្ដា​នុពល​​របស់​វិស័យ​នេះ​។ ​

លោក​បញ្ជាក់​ថា៖ ​«​ពួក​គេ​អាច​​មាន​មូល​ធន​រឹង​មាំ​ និង​ប្រភព​មូល​ធន​ មាន​អត្រា​ការ​ប្រាក់​ទាប ដូច្នេះ​​មាន​សង្ឃឹម​ថា ការ​ផ្លាស់​ប្តូរ​នេះ​ នឹង​មាន​ផល​ប៉ះ​ពាល់​វិជ្ជ​មាន​​លើ​ឧស្សាហ​កម្ម​នេះ​»​។​

​ប៉ុន្តែលោក ស៊ាន ធនិន្ទ សាស្ដ្រា​​ចារ្យ​​សេដ្ឋកិច្ច​នៅ​សាកល​​វិទ្យា​ល័យ​កម្ពុជា​ និង​ជា​អ្នក​ជំនាញ​នៅ​ក្នុង​វិស័យ​ហិរញ្ញ​វត្ថុ​កម្ពុជា ​បាន​ឲ្យ​ដឹង​នៅ​ពេល​ថ្មី​ៗ​នេះ​ថា ការ​ផ្លាស់​ប្តូរ​ក្នុង​ការ​គ្រប់​គ្រង​ នឹង​​ផ្លាស់​ប្តូរ​គំរូ​អាជីវ​កម្ម​របស់ MFI ដោយ​ជំរុញ​វា​ឆ្ពោះ​ទៅ​សេវា​ធនាគារ​សម្រាប់ SME ឬ​ផ្នែក​កម្ចី​ពាណិជ្ជ​កម្ម​។​

​​លោក​ថ្លែង​ថា៖ «​នៅ​ពេល MFI ជាច្រើន​ផ្លាស់​ប្តូរ​ការ​ផ្ដោត​របស់​ពួក​គេ​ពី​មីក្រូ និង​កម្ចី​ខ្នាត​តូចទៅ​ជា​កម្ចី​មធ្យម​គ្រួសារ​មាន​ប្រាក់​ចំណូល​ទាប​ នឹង​​ចាក​ចេញ​ដោយ​មាន​ជម្រើស​កាន់​តែ​តិច​សម្រាប់​ទទួល​បាន​​ហិរញ្ញប្ប​ទាន​។​ ​

លោក​លើក​ឡើង​ថា​៖ «​បន្ទាប់មក​ពួក​គេ​អាច​នឹង​ងាក​​ទៅ​វិស័យ​​ក្រៅ​ផ្លូវ​ការ ដូច​ជា​អ្នក​ផ្ដល់​ប្រាក់​កម្ចី​ឯកជន​ ជា​មួយ​នឹង​​កម្ចី​អត្រា​ការ​ប្រាក់​កាន់​តែ​ខ្ពស់​»៕​LA