ភ្នំពេញៈ ការរៀបចំ​បង្កើត​បណ្តាញ​ទីក្រុង​ឆ្លាតវៃ អាស៊ាន ជប៉ុន និង​ការបង្កើត​វេទិកា​សាធារណៈ​ឯកជន​ស្តីពី​ការអភិវឌ្ឍ​នគរូបនីយកម្ម​អាស៊ាន-ជប៉ុន នៅ​កម្ពុជា​អាច​នឹង​លេច​រូបរាង​ឆាប់ៗ បន្ទាប់ពី​សំណើ​នេះ​ទទួល​បាន​ការយល់ព្រម​ជាគោលការណ៍​ពី​រដ្ឋាភិបាល​កម្ពុជា​។ នេះ​បើ​តាម​លិខិត​មួយ​របស់​ទីស្តីការ​គណៈរដ្ឋមន្ត្រី​។

លិខិត​របស់​ទីស្តីការ​គណៈរដ្ឋមន្ត្រី​ផ្ញើ​ទៅ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​ដែល​ចុះហត្ថលេខា​កាលពី​ថ្ងៃទី​ ១ ខែ​មីនា​ហើយ​ត្រូវ​បាន​ផ្សព្វផ្សាយ​កាលពី​ថ្ងៃ​ម្សិលមិញ​បាន​ឲ្យ​ដឹងថា រាជរដ្ឋាភិបាល​យល់ព្រម​ជាគោលការណ៍​ជូន​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​ក្នុង​ការបង្កើត​បណ្តាញ​ទីក្រុង​ឆ្លាតវៃ អាស៊ាន-ជប៉ុន និង​ការបង្កើត​វេទិកា​សាធារណៈ ឯកជន​ស្តីពី​ការអភិវឌ្ឍ​នគរូបនីយកម្ម​អាស៊ាន-ជប៉ុន​។

ទីក្រុង​ធំៗ ៣ ​របស់​កម្ពុជា​រួមមាន​រាជធានី​ភ្នំពេញ សៀមរាប និង​ក្រុង​បាត់ដំបង​ត្រូវ​បាន​ដាក់​ក្នុង​បណ្តាញ​ទីក្រុង​ឆ្លាត​វៃ​អាស៊ាន​។ បណ្តាញ​ទីក្រុង​ឆ្លាតវៃ​មាន​បំណង​បង្កើន​ការតភ្ជាប់​ក្នុង​តំបន់ ហើយ​ត្រូវ​បាន​បង្កើតឡើង​ដោយ​មាន​ទីក្រុង​ចំនួន​ ២៦ ពី​ប្រទេស​នៅក្នុង​តំបន់​អាស៊ាន​។

លោក ជា សុផារ៉ា រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ កាលពី​ថ្ងៃទី​ ២៧ ខែ​កុម្ភៈ​នៅក្នុង​វេទិកា​សាធារណៈ ឯកជន ស្តីពី «​ការអភិវឌ្ឍ​នគរូបនីយកម្ម​កម្ពុជា-ជប៉ុន​» បាន​សម្តែង​ការគាំទ្រ​ចំពោះ​គំនិត​ផ្តួចផ្តើម​របស់​រដ្ឋាភិបាល​ជប៉ុន​ក្នុង​ក្របខ័ណ្ឌ​នៃ​បណ្តាញ​ទីក្រុង​ឆ្លាតវៃ​អាស៊ាន និង​ការរៀបចំ​វេទិកាសាធារណៈ​ឯកជន​ស្តីពី​ការអភិវឌ្ឍ​នគរូបនីយកម្ម អាស៊ាន-ជប៉ុន​។

ទីក្រុង​ឆ្លាតវៃ​សំដៅ​ដល់​ការអភិវឌ្ឍ​ទីក្រុង​ប្រកប​ដោយ​​ភាពវៃឆ្លាត​មាន​និរន្តរភាព​ដោយ​យក​បច្ចេកវិទ្យា​ជា​ចម្បង ដើម្បី​ដោះស្រាយ​ផលប៉ះពាល់​ពី​ការរីកចម្រើន​ដ៏ឆាប់រហ័ស​នៃ​ការធ្វើ​នគរូបនីយកម្ម ដូចជា​ការកកស្ទះ​ចរាចរណ៍ គុណភាព​ទឹក ខ្យល់ សន្តិសុខ និង​សុវត្ថិភាព​ជាដើម​៕LA