ភ្នំពេញៈ បេឡាជាតិ​របប​សន្តិសុខ​សង្គម (បសស) នៅ​ថ្ងៃ​ចន្ទ​នេះ​បាន​ចុះ​អនុស្សរណៈ​នៃ​ការ​យោគ​យល់​គ្នា​មួយ​ជា​មួយ​អង្គភាព​ធានា​រ៉ាប់រង​សុខភាព​ហ្វីលីពីន (Philhealth) ដើម្បី​ចែក​រំលែក​បទពិសោធការងារ និង​ស្វែងយល់​ពី​គ្នា​ទៅ​មក។

ពិធីចុះ​ហត្ថលេខា​នេះ ​​ត្រូវ​បាន​ធ្វើ​ក្រោមវត្តមាន​​របស់​លោក អ៊ិត សំហេង រដ្ឋ​មន្ត្រី​ក្រសួង​​ការងារ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ និង​លោក​វេជ្ជបណ្ឌិត Robert M. Salvador ដែល​សមាជិក​ក្រុម​ប្រឹក្សាភិបាល​របស់ Philhealth នៅ​សណ្ឋាគារ​សាន់វ៉េ។

លោក អ៊ិត សំហេង បាន​ឲ្យ​ដឹង​តាម​រយៈ​សុន្ទរកថា​ដែលបាន​ថ្លែងក្នុង​ពិធី​នេះ​ថា ការ​ចុះ​អនុស្សរណៈ​​នេះ​​ផ្តល់​ឱកាស​​ឲ្យ​អង្គភាព​ទាំង​ពីរ​ស្វែង​យល់​ពី​ទស្សនៈ​ផ្សេងៗ ដូច​ជា​ការ​ដក​ស្រង់ និង​ចែក​រំលែក​នូវ​បទ​ពិសោធ​​លើ​បញ្ហា​ដែល​ពាក់​ព័ន្ធឲ្យគ្នា​ទៅ​វិញ​ទៅ​មក។

Phil-Health ដែល​បានបង្កើតឡើងនៅឆ្នាំ ១៩៩៥ ជា​អង្គភាព​មួយ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់​គ្រង​​របស់​រដ្ឋាភិបាល​ហ្វីលីពីន ដែល​ផ្តល់​​សេវា​ថែទាំ​សុខភាព​បាន​ទូលំ​ទូលាយ​ដល់​ប្រជាជន​​ហ្វីលីពីន​ទាំង​អស់​តាម​រយៈ​កម្មវិធី​ធានា​រ៉ាប់រង​សុខភាព ជា​ពិសេស​ជន​ក្រៅ​សង្គម អ្នក​ជំងឺ ចាស់​ជរា ជនពិការ ស្ត្រី និង​កុមារ​ព្រម​ទាំង​ផ្តល់​សេវា​ថែទាំ​សុខ​ភាព​ដោយ​ឥត​គិត​ថ្លៃ​ដល់​ទុភ៌តជន៕

លោក សម វិទ្យា បានឲ្យដឹងថា NSSF នឹងបញ្ជូនអ្នកជំនាញកម្ពុជា ២រូប ទៅរៀនសូត្រពីក្រុមហ៊ុន PhilHealth នៅប្រទេស ហ្វីលីពីន បន្ទាប់ពីការចុះហត្ថលេខានេះ។ អ្នកជំងឺប្រហែល ៨ ៧២៧ នាក់ បានទទួលការព្យាបាលផ្នែកវេជ្ជសាស្ដ្រ ស្ថិតក្រោមកម្មវិធីថែរក្សាសុខភាពរបស់ NSSF នៅឆមាសទី១ឆ្នាំនេះ។

ក្នុងអំឡុងពេលចាប់ពីខែមករា ដល់ខែមិថុនា NSSF បានចំណាយ ១៤ លានដុល្លារ ដើម្បីផ្ដល់ដល់សេវាផ្នែកវេជ្ជសាស្ដ្រដល់មន្ដ្រីរាជការ មន្ដ្រីសាធារណៈដែលចូលនិវត្តន៍ និងអតីតយុទ្ធជន ដែលជាទិសដៅស្នូលស្ថិតក្រោមកម្មវិធីនេះ៕LA