ក្រុងប៉ារីសៈ ប្រធានាធិបតី​បារាំង Emmanuel Macron ឲ្យ​ដឹងថា ប្រទេស​លោក​ខាងលិច​រួមទាំង​អាល្លឺម៉ង់​ផងដែរ គួរ​ពិភាក្សា​គ្នា​អំពី​មធ្យោបាយ​នានា ដើម្បី​ជំរុញ​សេដ្ឋកិច្ច​របស់​ខ្លួន​នៅ​កិច្ចប្រជុំ​របស់​ក្រុម​ប្រទេស G7 ដែល​នឹង​រៀបចំ​ធ្វើ​ឡើង​នៅ​ចុង​សប្តាហ៍​នេះ​ក្នុង​គ្រា​ដែល​មាន​ការភ័យខ្លាច​ពី​ការដើរ​ថយក្រោយ​នៃ​សេដ្ឋកិច្ច​។

លោក​បាន​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​នៅ​ទីក្រុង​ប៉ារីស​ថា​៖ «​យើង​ចាំបាច់​សួរ​ខ្លួនឯង​អំពី​សំណួរ​ដែល​ប្រទេស​នានា​មាន​តម្រូវការ​កម្មវិធី​ជំរុញ​ថវិកា​។ វា​ជា​បញ្ហា​មួយ​សម្រាប់​អឺរ៉ុប​សម្រាប់​ប្រទេស​បារាំង​សម្រាប់​ប្រទេស​អាល្លឺម៉ង់ និង​ប្រទេស​ផ្សេងទៀត​»​។

បារាំង​ចង់​ឲ្យ​អាល្លឺម៉ង់​បង្កើន​ការចំណាយ​សាធារណៈ​របស់​ខ្លួន ដើម្បី​ប្រយុទ្ធ​នឹង​ការធ្លាក់ចុះ​សេដ្ឋកិច្ច​របស់​ប្រទេស​នេះ ប៉ុន្តែ​រដ្ឋាភិបាល​ក្រុង​ប៊ែរឡាំង ជំទាស់​យ៉ាង​ខ្លាំង​ទៅនឹង​គំនិត​បង្កើន​ការខ្ចីប្រាក់ និង​បំណុល​សាធារណៈ​របស់​បារាំង​។

កិច្ចប្រជុំ​របស់​ក្រុម​ប្រទេស​ដែល​មាន​ឧស្សាហកម្ម និង​សេដ្ឋកិច្ច​រីកចម្រើន​ទាំង ៧ (G7) នឹង​ជួបប្រជុំគ្នា​នៅ​ក្នុង​ពេលវេលា​ដ៏ពិបាក​មួយ​សម្រាប់​ទំនាក់ទំនង​របស់លោក Macron ជាមួយ​លោកស្រី​អធិការបតី​អាល្លឺម៉ង់ Angela Merkel ដែល​គ្រោង​នឹង​ចាក​ចេញ​ពី​តំណែង​នៅ​ឆ្នាំ​ ២០២១ ប៉ុន្តែ​ជា​មនុស្ស​ដែល​លោក​ប្រធានាធិបតី​បារាំង​ចង់​ឲ្យ​យក​មក​ធ្វើ​ជា​សម្ព័ន្ធមិត្ត​ម្នាក់​ក្នុង​ការ​ធ្វើ​កំណែទម្រង់​សហភាព​អឺរ៉ុប​។

ភាពតានតឹង​បាន​ផ្ទុះ​ឡើង​ជុំវិញ​ការចាកចេញ​របស់​ចក្រភព​អង់គ្លេស​ពី​សហភាព​អឺរ៉ុប (Brexit) ដែល​អាល្លឺម៉ង់​ជាទូទៅ​ចង់​បាន​ការចាកចេញ​របស់​អង់គ្លេស​ដោយ​រក្សាទុក​អង់គ្លេស​ក្នុង​ទីផ្សារ​តែមួយ​ដដែល ខណៈ​បារាំង​មិន​ចង់បាន​បែបនេះ​ទាំង​ស្រុង ហើយ​អាល្លឺម៉ង់​ក៏​ចង់​ឲ្យ​មាន​គោលនយោបាយ​ថវិកា​មួយ​ផងដែរ ដែល​លោកស្រី Merkel មិន​សប្បាយ​ចិត្ត​ជុំវិញ​ការសម្រេចចិត្ត​របស់​បារាំង​ដែល​បង្កើន​ឱនភាព​ថវិកា​របស់​ខ្លួន​៕ KC