ក្រុង​ប៉ារីសៈ ក្រសួង​កសិកម្ម​បារាំង​​បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ចន្ទ​ថា​ ប្រទេស បារាំង ​​នឹង​ចាប់​ផ្ដើម​​សម្លាប់​សត្វ​ជ្រូក​ព្រៃ​ដែល​រស់​នៅ​ជិត​ព្រំដែន​​ប្រទេស​ ​បែលហ្សិក ដើម្បី​បង្ការ​ការ​រីក​រាល​ដាល វីរុស​ប៉េស្ដ​ជ្រូក។

ក្រសួង​កសិកម្ម​​ បាន​ឲ្យ​ដឹង​ថា ប្រតិបត្តិ​ការ​នេះ​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​សប្ដាហ៍​ខាង​មុខ​នេះ និង​ចូល​រួម​ដោយ​អ្នក​បរ​បាញ់​ និង​មន្ដ្រី​រុក្ខា​ប្រមាញ់​ជា​ច្រើន​។​

វីរុស​នេះ ត្រូវ​បាន​រាយ​ការណ៍​ជា​​លើក​ដំបូង​នៅ​ក្នុង​ប្រទេស​ បែលហ្ស៊ិក កាល​ពី​ថ្ងៃ​ទី​ ១៣ ខែ​​កញ្ញា នៅ​ជិត​ព្រំដែន​ជា​មួយ​​ប្រទេស​លុច​សំបួ និង​​បារាំង​។​

លោក Thierry Coste ដែល​​ធ្វើ​ការងារ​នៅ​សហព័ន្ធ​ប្រមាញ់​ជាតិ​ (FNC) របស់​​បារាំង បាន​ប្រាប់ AFP ​ថា​​៖ «​ការ​រីក​រាល​ដាល​ជំងឺ​នេះ​ទៅ​​ក្នុង​ប្រទេស​ បារាំង នឹង​ជា​​គ្រោះ​មហន្តរាយ​មួយ​សម្រាប់​កសិករ​ចិញ្ចឹម និង​អ្នក​ប្រមាញ់​សត្វ​»។​

ជំងឺ​នេះ​ត្រូវ​បាន​រក​ឃើញ​ដំបូង​នៅ​ក្នុង​ប្រទេស​ ប៉ូឡូញ កាល​ពី​ឆ្នាំ ២០១៤ នៅ​ពេល​វា​ឆ្លង​តាម​ជ្រូកព្រៃ​ ដែល​បាន​ចូល​​មក​ពី​ប្រទេស​ បេឡារុស ដែល​ជា​ប្រទេស​ជិត​ខាង។

កាល​ពី​សប្ដាហ៍​មុន អាជ្ញាធរ​របស់​ប្រទេស​ ​ប៉ូឡូញ បាន​បដិសេធ​ផែនការ​ ដើម្បី​បោស​សម្អាត​​ជ្រូក​ព្រៃ​ស្ទើរ​តែ​ទាំង​អស់​ ដោយ​សារ​តែ​មាន​​ញត្តិ​ប្រឆាំង​នឹង​ការ​សម្លាប់​ចំនួន​ច្រើន ​ដែល​​បាន​ទាក់​ទាញ​ឲ្យ​មាន​ការ​ចុះ​ហត្ថលេខា​រាប់​ម៉ឺន​នាក់​។​

លោក Henryk Kowalczyk រដ្ឋមន្ដ្រី​ក្រសួង​បរិស្ថាន​ ប្រទេស​ បារាំង​ បាន​ប្រាប់​ទូរទស្សន៍ TVN ថា៖​«មិន​មាន​បទ​បញ្ជា​ត្រូវ​បាន​​ផ្ដល់​​​ដើម្បី​សម្លាប់​សត្វ​ជ្រូក​ព្រៃ​នោះ​ទេ​»។​ លោក​​បាន​បន្ថែម​ថា កូតា​បរបាញ់​​ជ្រូក​ព្រៃ ត្រូវ​បាន​កំណត់​​​ដូច​ដែល​​ធ្វើ​ឡើង​ជា​រៀង​រាល់​ឆ្នាំ​។​

ជំងឺ​ប៉េស្ដ​ជ្រូក​អា្រហ្វិក មិន​បង្ក​គ្រោះ​ថ្នាក់​ដល់​មនុស្ស​នោះ​ទេ ប៉ុន្តែ​បណ្ដាល​ឲ្យ​មាន​ជំងឺ​គ្រុន​​​ក្ដៅ​លើ​សត្វ​ជ្រូក​ស្រុក និង​សត្វ​ជ្រូក​ព្រៃ ដែល​នៅ​​ជិត​ទី​បំផុត​ត្រូវ​ស្លាប់​ក្នុង​រយៈ​ពេល​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ៕​ AFP/LA