ប៉ារីសៈ ប្រទេសបារាំងបានព្រមានកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួននឹងរារាំងការអភិវឌ្ឍរូបិយប័ណ្ណឌីជីថល «លីរ៉ា» របស់ក្រុមហ៊ុន Facebook នៅអឺរ៉ុប ដោយសារវាគំរាមកំហែងដល់ «អធិបតេយ្យភាពរូបិយវត្ថុ» របស់រដ្ឋាភិបាល។
លោក Bruno Le Maire រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុប្រទេសបារាំង បានឲ្យដឹងនៅក្នុងពិធីបើកសន្និសីទអង្គការសម្រាប់ការអភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច (OECD) ស្ដីពីរូបិយប័ណ្ណឌីជីថលថា៖ «ខ្ញុំចង់បញ្ជាក់ឲ្យបានច្បាស់ថា នៅក្នុងលក្ខខណ្ឌទាំងនេះយើងមិនអាចអនុញ្ញាតឲ្យមានការអភិវឌ្ឍ លីរ៉ា នៅលើទឹកដីរបស់អឺរ៉ុបឡើយ»។
ក្រុមហ៊ុន Facebook បានបង្ហាញពីផែនការរូបិយប័ណ្ណឌីជីថល លីរ៉ា កាលពីខែមិថុនាដែលត្រូវបានបង្ហាញ ក្តីបារម្ភដោយរដ្ឋាភិបាលនានា និងក្រុមអ្នករិះគន់របស់បណ្ដាញសង្គមឈានមុខគេមួយនេះ ដែលកេរ្តិ៍ឈ្មោះរបស់ខ្លួនត្រូវបានបំផ្លាញដោយសារជាកន្លែងនៃការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ និងវីដេអូជ្រុលនិយម។
ដោយរំពឹងថានឹងអាចដាក់ឲ្យដំណើរការនៅឆមាសទី ១ ឆ្នាំ ២០២០ លីរ៉ា ត្រូវបានបង្កើតឡើងដើម្បីចៀសវាងការប្រែប្រួលខ្លាំងដែលវាដូចគ្នានឹងរូបិយប័ណ្ណឌីជីថល bitcoin និងរូបិយប័ណ្ណឌីជីថលផ្សេងៗមួយចំនួនទៀត។
ភាពខុសគ្នាដ៏សំខាន់ផ្សេងទៀតគឺថាការគ្រប់គ្រងលើវានឹងមិនត្រូវបានធ្វើវិមជ្ឈការនោះទេ ប៉ុន្តែត្រូវបានប្រគល់ឲ្យសមាគមមិនរកប្រាក់ចំណូលមួយដែលមានមូលដ្ឋាននៅប្រទេសស្វ៊ីស។
ក្រៅពីក្រុមហ៊ុន Facebook ក្រុមអ្នកគាំទ្រ លីរ៉ា រួមមានក្រុមហ៊ុនទូទាត់ឈានមុខគេជាច្រើន ដូចជាក្រុមហ៊ុន Visa ក្រុមហ៊ុន MasterCard និងក្រុមហ៊ុន PayPal ព្រមទាំងក្រុមហ៊ុនហៅតាក់ស៊ីជិះ Lyft និង Uber ផងដែរ។
មន្ដ្រីរបស់ប្រទេសបារាំងបានឲ្យដឹងនៅក្នុងការព្រមានរបស់ពួកគេពីគ្រោះថ្នាក់ ដែល លីរ៉ា បង្កឡើងចាប់តាំងពីផែនការសម្រាប់រូបិយប័ណ្ណឌីជីថលត្រូវបានប្រកាស។ លោកថ្លែងថា៖ «អធិបតេយ្យភាពរូបិយវត្ថុរបស់បណ្ដាប្រទេសជាច្រើនកំពុងស្ថិតក្នុងភាពគ្រោះថ្នាក់»។
ក្ដីបារម្ភមួយគឺលទ្ធភាពដែលរូបិយប័ណ្ណនេះ អាចជួយប្រជាជនបោះបង់ចោលរូបិយប័ណ្ណជាតិនៅពេលមានវិបត្តិដែលធ្វើឲ្យស្មុគស្មាញដល់កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការគ្រប់គ្រងសេដ្ឋកិច្ច។
ក្រុមហ៊ុន Facebook បានផ្សព្វផ្សាយ លីរ៉ា ថាជាឱកាសមួយក្នុងការទូទាត់ពាណិជ្ជកម្ម និងសេវាហិរញ្ញវត្ថុអនឡាញសម្រាប់ប្រជាជន «ដែលគ្មានលទ្ធភាពនៅក្នុងការទទួលបានសេវាធនាគារ» ជាង ១ ពាន់លាននាក់ ក្រុមមនុស្សពេញវ័យគ្មានគណនីធនាគារ ឬអ្នកដែលប្រើប្រាស់សេវានៅក្រៅប្រព័ន្ធធនាគារដូចជាកម្ចីនៅថ្ងៃបើកប្រាក់ខែ។
រូបិយប័ណ្ណ លីរ៉ា និង Calibra ដែលជាហោប៉ៅប្រាក់ឌីជីថលថ្មីមួយដែលនឹងដំណើរការសេវានេះសន្យាថា នឹងផ្ដល់ដល់ក្រុមហ៊ុន Facebook នូវឱកាសក្នុងការបង្កើតសេវាហិរញ្ញវត្ថុនៅក្នុងការផ្ដល់ជូន ដើម្បីពង្រីកពាណិជ្ជកម្មផ្ទាល់របស់ខ្លួន និងអនុញ្ញាតឲ្យក្រុមហ៊ុនខ្នាតតូចកាន់តែច្រើនទិញការផ្សព្វផ្សាយពាណិជ្ជកម្មនៅលើបណ្ដាញសង្គមមួយនេះ។
ប៉ុន្តែក្រុមមន្ដ្រីបានលើកឡើងការបារម្ភអំពីថា តើរូបិយប័ណ្ណនេះនឹងត្រូវគ្រប់គ្រងដូចម្ដេច ជាពិសេសថា តើវានឹងគោរពតាមបទប្បញ្ញត្តិដោយរបៀបណាអំពីការប្រយុទ្ធប្រឆាំងនឹងការលាងលុយ និងហិរញ្ញប្បទានភេរវកម្ម៕ LA