ក្រុង​ប៉ារីសៈ ប្រ​ទេស​ បារាំង ​នឹង​​ដើរ​ទៅ​មុខ​ជា​មួយ​នឹង​ច្បាប់​ដក​ហូត​ពន្ធ​លើ​ក្រុម​ហ៊ុន​បច្ចេក​វិទ្យា​ធំ​ៗ​ផ្ទាល់​របស់​ខ្លួន​នៅ​ឆ្នាំ ២០​១៩ បើ​ស​ហ​ភា​ព​អឺ​រ៉ុប​ប​រា​ជ័យ​ក្នុង​ការ​ព្រម​ព្រៀង​គ្នា​អំ​ពី​របៀប​ដែល​ក្រុម​ហ៊ុន​នា​នា​ ដូច​ជា​​ ក្រុម​ហ៊ុន Google និង Facebook បង់​ពន្ធ​នៅ​អឺ​រ៉ុប។

លោក Bruno Le Maire រដ្ឋ​មន្ត្រី​ក្រ​សួង​ហិ​រញ្ញ​វត្ថុ​បា​រាំង​បាន​ប្រាប់​ទូរ​ទស្សន៍ France 2 ថា លោក​នឹង​ទុក​​ពេល​វេ​លា​ឲ្យ​ខ្លួន​ឯង «រហូត​ដល់​ខែ​មី​នា» ដើម្បី​ឈាន​ដល់​កិច្ច​ព្រម​ព្រៀង​មួយ​ជា​មួយ​ស​មា​ជិក​ស​ហ​ភាព​អឺ​រ៉ុប​ផ្សេង​ទៀត​ស្តីពី​ពន្ធ​ឌី​ជី​ថល ដែល​សំ​ដៅ​លើ​ការ​ដក​ហូត​ពន្ធ​លើ​ក្រុម​ហ៊ុន​ធំ​ៗ​ដូច​ជា Google, Apple, Facebook និង Amazon។

លោក​ថ្លែង​ថា បើ​សិន​​ជា​ការ​ចរចា​បរា​ជ័យ «យើង​​នឹង​ធ្វើ​វា​នៅ​ថ្នាក់​ជាតិ​ក្នុង​ឆ្នាំ ២០១៩។ យើង​នឹង​ដក​ហូត​ពន្ធ​លើ​ក្រុម​ហ៊ុន​ធំ​ៗ បើ​រដ្ឋ​នា​នា​នៅ​អឺ​រ៉ុប មិន​ទទួល​យក​ការ​ទទួល​ខុស​ត្រូវ​​របស់​ពួក​គេ»។

កាល​ពី​ថ្ងៃ​អង្គារ ​បា​រាំង និង​អា​ល្លឺ​ម៉ង់ បាន​ឯក​ភាព​គ្នា​លើ​ច្បាប់​ពន្ធ​ឌី​ជី​ថល​នេះ​ដែល​មាន​វិ​សាល​ភាព​តូច​ជាង​មុន ក្នុង​គោល​បំ​ណង​ជម្នះ​​ការ​ប្រ​ឆាំង​ខ្លាំង​ៗ​ចំ​ពោះ​ផែន​ការ​នេះ​ក្នុង​ចំ​ណោម​ប្រ​ទេស​មួយ​ចំ​នួន។

ស្ថិត​ក្រោម​ច្បាប់​ឌី​ជី​ថល​ថ្មី​នេះ ដែល​​ជា​ច្បាប់​​អា​សន្ន​មួយ​ខណៈ​​​រង់​ចាំ​កិច្ច​ព្រម​ព្រៀង​សកល​​នោះ ក្រុម​ហ៊ុន​ឌី​ជី​ថល​ធំ​ៗ នឹង​ត្រូវ​បង់​ពន្ធ ៣ ភាគ​រយ​នៃ​ចំ​ណូល​​ផ្សាយ​​ពា​ណិជ្ជ​កម្ម របស់​ពួក​គេ៕ AFP/KC