ក្រុង​ប៉ារីសៈ ប្រភព​ពី​ប្រធានាធិបតី​បារាំង​បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ពុធ​ថា​ ប្រទេស​ បារាំង ​កំពុង​ពន្លឿន​​ការ​​រៀបចំ​ខ្លួន​​សម្រាប់​ «ការ​ចាក​ចេញ​របស់​អង់គ្លេស​ពី​សហភាព​អ៊ឺរ៉ុប (Brexit)​ ដោយ​គ្មាន​កិច្ច​ព្រមព្រៀង» បន្ទាប់​ពី​សមាជិក​សភា​របស់​អង់គ្លេស​​ដ៏​ច្រើន​លើស​លប់​បាន​បោះ​ឆ្នោត​ច្រាន​ចោល​កិច្ច​ព្រមព្រៀង​ Brexit។

ប្រភព​នេះ​​ឲ្យ​ដឹង​​​ថា៖ «សេណា​រី​យោ​ដែល​យើង​មិន​ចង់​​បាន ​គឺ Brexit ដោយ​​គ្មាន​កិច្ច​ព្រមព្រៀង ​ហើយ​​ហានិភ័យ​​​កើន​ឡើង​កាន់​តែ​ខ្លាំង កាល​ពី​ម្សិលមិញ​»។ ប្រភព​ដដែល​​​បន្ថែម​​ថា៖ «នាយក​រដ្ឋមន្ត្រី​​បារាំង​នឹង​ជួប​ប្រជុំ​ជា​មួយ​រដ្ឋមន្ត្រី​សំខាន់​ៗ​​​ដែល​​ពាក់ព័ន្ធ​ដើម្បី​វាយ​តម្លៃ​ទៅ​លើ​ការ​ត្រៀម​ខ្លួន និង​ពន្លឿន​​ការ​រៀបចំ​ខ្លួន​ទាំង​នេះ» ។

រដ្ឋមន្រ្តី​នានា​បាន​កំណត់​ពេល​​ប្រជុំ​រួច​ហើយ​ដើម្បី​សម្រេច​​ទៅ​លើ​ការ​ឆ្លើយ​តប​របស់​បារាំង​ចំពោះ​​​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​​ច្រាន​ចោល​ពី​សភា​អង់គ្លេស​។

ប្រទេស​ បារាំង ​ក៏​ដូច​ទៅ​នឹង​​ប្រទេស​នៅ​ក្នុង​តំបន់​អឺរ៉ុប​ដទៃ​ទៀត​ដែរ បាន​និង​​​កំពុង​រៀបចំ​សេណា​រីយ៉ូ​មួយ​សម្រាប់​ទប់ទល់​​នឹង​ Brexit ​ដោយ​គ្មាន​កិច្ច​ព្រមព្រៀង​ ហើយ​ក៏​បាន​ជ្រើសរើស​មន្រ្តី​ភ្នាក់ងារ​គយ​បន្ថែម​ទៀត​ផង​ដែរ​ដើម្បី​ដាក់​ពង្រាយ​នៅ​តាម​កំពង់​ផែ​នានា​។

ទន្ទឹម​នឹង​នេះ​ដែរ ​ក្រុម​សហជីព​​និយោជក​បារាំង​ ហៅ​កាត់​ថា ​MEDEF បាន​អំពាវ​នាវ​ដល់​ធុរកិច្ច​ដទៃ​ទៀត​ឲ្យ​ត្រៀម​ខ្លួន​សម្រាប់​រឿង​ដ៏​ «អាក្រក់​បំផុត​» ដែល​នឹង​កើត​ឡើង​ ។

លោក​ Geoffroy Roux de Bezieux ប្រធាន​​សហជីព​​និយោជក​បារាំង​ MEDEF​ ថ្លែង​​ថា​៖ «​ការ​បោះ​ឆ្នោត​ច្រាន​ចោល​​កាល​ពី​ម្សិលមិញ​បាន​ធ្វើ​ឲ្យ​មាន​​ភាព​មិន​ច្បាស់​លាស់​បន្ថែម​លើ​ភាព​មិន​ច្បាស់​លាស់​»។

ក្រសួង​ហិរញ្ញវត្ថុ​បារាំង​បាន​ឲ្យ​ដឹង​ថា ​មាន​ក្រុមហ៊ុន​បារាំង​ប្រមាណ​ ៣០ ០០០​ ក្រុមហ៊ុន​ដែល​បាន​នាំចេញ​ផលិតផល​របស់​ពួក​គេ​ទៅ​កាន់​ចក្រភព​អង់គ្លេស​ ដោយ​ក្នុង​នោះ​ទំនិញ​មាន​តម្លៃ​ប្រហែល​ ៣១ ពាន់​លាន​អឺរ៉ូ ​(៣៥,៤ ពាន់​លាន​ដុល្លារ​) នៅ​ឆ្នាំ ​២០១៧។

សហព័ន្ធ​អ្នក​នាំចេញ​ស្រា​របស់​បារាំង​ (FEVS) បាន​សម្តែង​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​អំពី​ស្ថានភាព​នេះ​។

អង់គ្លេស​ គឺ​ជា​ទីផ្សារ​ធំ​បំផុត​ទី​ពីរ​បន្ទាប់​ពី​សហរដ្ឋ​អាមេរិក​សម្រាប់​​ការ​នាំ​ចេញ​ស្រា​បារាំង ​ហើយ​បារាំង​ គឺ​ជា​អ្នក​នាំចូល​ស្រា​អង់គ្លេស​ដ៏​ធំ​ផង​ដែរ​។

លោក​ Antoine Leccia ប្រធាន​សហព័ន្ធ FEVS បាន​ថ្លែង​ថា​៖ «​ការ​បោះ​ឆ្នោត​ច្រាន​ចោល​កិច្ច​ព្រមព្រៀង Brexit ​ធ្វើ​ឲ្យ​ខួច​ប្រយោជន៍​ធំ​ណាស់​​​ចំពោះ​​ទំនាក់ទំនង​ពាណិជ្ជកម្ម​ជា​ប្រវត្តិ​សាស្ត្រ​ប្រកប​ដោយ​ផ្លែ​ផ្កា​រវាង​ប្រទេស​យើង​ទាំង​ ២»។ លោក​ក៏​បាន​អំពាវ​នាវ​ឲ្យ​មេ​ដឹកនាំ​ចក្រភព​អង់គ្លេស​និង​សហភាព​អឺរ៉ុប​ «ត្រូវ​​​ធ្វើ​អ្វី​ៗ​គ្រប់​បែប​យ៉ាង​ដើម្បី​​​ស្វែង​រក​ដំណោះ​ស្រាយ​នយោបាយ​ឲ្យ​បាន​នៅ​ត្រឹម​ថ្ងៃ​ទី ២៩​ មីនា​។

ក្រុម​អ្នក​តំណាង​រាស្ត្រ​បារាំង​ចាប់​តាំង​ពី​ខែ​វិច្ឆិកា​មក​ ​បាន​និង​កំពុង​​ពិភាក្សា​គ្នា​អំពី​​ផល​វិបាក Brexit ​ដែល​អាច​ផ្តល់​អំណាច​ដល់​រដ្ឋាភិបាល​ឲ្យ​ចេញ​ក្រឹត្យ​គ្រា​អាសន្ន​​មួយ​​​បើ​ចាំ​បាច់​៕ AFP/NS