
យានយន្តដែលទិញសេវាកម្មធានារ៉ាប់រងនៅកម្ពុជាបានកើនឡើងជាលំដាប់។ ហ៊ាន រង្សី
ភ្នំពេញៈ បុព្វលាភក្នុងវិស័យធានារ៉ាប់រងនៅកម្ពុជាគិតត្រឹមត្រីមាសទី ៣ ឆ្នាំ ២០២០ សម្រេចបានជិត ២០២ លានដុល្លារ កើនឡើងជាង ៨ ភាគរយធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដោយកំណើនភាគច្រើនបានមកពីធានារ៉ាប់រងទូទៅ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់សមាគមធានារ៉ាប់រងកម្ពុជា។
សេចក្តីប្រកាសព័ត៌មានបានឱ្យដឹងថា គិតត្រឹមត្រីមាសទី ៣ ឆ្នាំ ២០២០ បុព្វលាភធានារ៉ាប់រងសរុបរបស់ទីផ្សារសម្រេចបានប្រមាណ ២០១,៧ លានដុល្លារកើនឡើង ៨,២ ភាគរយពីចំនួន ១៨៦,៣ លានដុល្លារកាលពីរយៈពេល ៩ ខែ ឆ្នាំ ២០១៩។ ក្នុងនោះផលិតផលទីផ្សារធានារ៉ាប់រងទូទៅមានកំណើន ១៨,២ ភាគរយ ទីផ្សារធានារ៉ាប់រងអាយុជីវិតមានកំណើន ២,៨ ភាគរយ ខណៈទីផ្សារធានារ៉ាប់រងខ្នាតតូច ថយចុះជិត ២២ ភាគរយ។
សម្រាប់ទីផ្សារធានារ៉ាប់រងទូទៅគិតត្រឹមចុងត្រីមាសទី ៣ សម្រេចបានបុព្វលាភប្រមាណ ៨៧,៩ លានដុល្លារ កើនឡើង ១៨,២ ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០១៩ ដែលមានតម្លៃ ៧៤,៤ លានដុល្លារ។
កំណើនបុព្វលាភធានារ៉ាប់រងទូទៅនេះ គឺបានមកពីស្ទើរគ្រប់ផលិតផលដែលមានដូចជា ធានារ៉ាប់រងវិស្វកម្ម កើន ៧៤,២ ភាគរយ ធានារ៉ាប់រងលើនាវាយន្តហោះការដឹកជញ្ជូនទំនិញកើន ៣៥,៣ ភាគរយ ធានារ៉ាប់រងសុខភាព កើន ២១,៥ ភាគរយ ធានារ៉ាប់រងទ្រព្យសម្បត្តិ (អគ្គិភ័យ) កើន ១៥,៩ ភាគរយ ធានារ៉ាប់រងយានយន្តកើនឡើង ៧ ភាគរយ និងធានារ៉ាប់រងផ្សេងៗកើន ១៥,១ ភាគរយ។
ចំណែកទីផ្សារធានារ៉ាប់រងអាយុជីវិតគឺបានកើនឡើងតិចតួច ដោយទំហំបុព្វលាភមាន ១០៩,៨ លានដុល្លារ កើនពី ១០៦,៨ លានដុល្លារកាលពីត្រីមាសទី ៣ ឆ្នាំ ២០១៩។
ដោយឡែកទីផ្សារធានារ៉ាប់រងខ្នាតតូចទំហំបុព្វលាភមានត្រឹមតែ ៤,១ លានដុល្លារប៉ុណ្ណោះធ្លាក់ចុះ ២១,៧ ភាគរយ។ ការធ្លាក់ចុះនេះ គឺបណ្តាលមកពីផលប៉ះពាល់នៃការរីករាលដាលជំងឺកូវីដ ១៩។
លោក ហ៊ុយ វ៉ាថារ៉ូ ប្រធានសមាគមធានារ៉ាប់រងកម្ពុជាបានប្រាប់ភ្នំពេញប៉ុស្តិ៍នាថ្ងៃអង្គារថា ទីផ្សារធានារ៉ាប់រងនៅកម្ពុជាក្នុងរយៈពេល ៣ ត្រីមាស ឆ្នាំ ២០២០ នៅតែបន្តសញ្ញាវិជ្ជមានដដែលបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន គ្រាន់តែអត្រាកំណើនមិនកើនឡើងខ្ពស់ដូចឆ្នាំមុន។
លោកបន្ថែមថា មូលហេតុដែលធ្វើឱ្យអត្រាកំណើនរយៈពេល ៩ ខែឆ្នាំនេះមិនកើនខ្ពស់ គឺដោយសារតែផលប៉ះពាល់របស់កូវីដ១៩ ដែលធ្វើឲ្យការធានារ៉ាប់រងលក្ខណៈបុគ្គលជាច្រើនត្រូវធ្លាក់ចុះ។
លោកថ្លែងថា៖ «កូវីដ១៩ បានធ្វើឱ្យមានផលប៉ះពាល់ទៅគ្រប់វិស័យ។ ទោះជាយ៉ាងណាសម្រាប់វិស័យធានារ៉ាប់រងនៅកម្ពុជា គឺនៅតែរក្សាបាននូវភាពវិជ្ជមានដដែលគ្រាន់តែមិនកើនខ្ពស់ដូចមុន» ។
ទិន្នន័យរបស់សមាគមធានារ៉ាប់រងកម្ពុជាបានឲ្យដឹងថា មកដល់ពេលនេះសមាគមធានារ៉ាប់រងកម្ពុជាមានក្រុមហ៊ុនជាសមាជិក ៣១ ក្រុមហ៊ុនក្នុងនោះក្រុមហ៊ុនធានារ៉ាប់រងទូទៅមាន ១៥ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ១០ ក្រុមហ៊ុនធានារ៉ាប់រងខ្នាតតូច ៥ និងក្រុមហ៊ុនធានារ៉ាប់រងបន្ត ១។
លោក យក់ ចំរើនឫទ្ធិ ប្រធានអគ្គនាយកក្រុមហ៊ុន Forte Insurance បាននិយាយថា សម្រាប់រយៈពេល ៩ ខែដើមឆ្នាំ ២០២០ នេះបុព្វលាភដែល Forte Insurance ទទួលបានគឺមានកំណើនប្រមាណ ១៧ ភាគរយធៀបនឹងរយៈពេល ៩ ខែឆ្នាំមុន ខណៈកាលពីឆ្នាំ ២០១៩ អត្រាកំណើនប្រហែល ២០ ភាគរយ។
លោកបន្ថែមថា វិស័យដែលទទួលរងផលប៉ះពាល់ខ្លាំងពីការផ្ទុះឡើងនៃជំងឺកូវីដ ១៩ រួមមាន ធានារ៉ាប់រងលើការធ្វើដំណើរ ធានារ៉ាប់រងលើការដឹកជញ្ជូនទំនិញ អចលនទ្រព្យ និងការសាងសង់ ខណៈធានារ៉ាប់រងផ្នែកសុខភាព មានសម្ទុះកើនឡើង។
លោកអះអាងថា៖ «ក្នុងអំឡុងកូវីដ ១៩ នេះបុព្វលាភអាចមានការធ្លាក់ចុះច្រើនលើការធានារ៉ាប់រងលក្ខណៈបុគ្គល ប៉ុន្តែការធានារ៉ាប់រងលើសុខភាព និងយានយន្តបានកើនឡើង»។
នាយកប្រតិបត្តិក្រុមហ៊ុន BIMA Cambodia លោកស្រី អំ គីមតុល បានប្រាប់ថា ការរីករាលដាលនៃជំងឺកូវីដ ១៩ បានធ្វើឲ្យសកម្មភាពរបស់ក្រុមហ៊ុនលោកស្រីនៅក្នុងរយៈពេល ៩ ខែដើមឆ្នាំ ២០២០ ធ្លាក់ចុះខ្សោយបន្តិចបើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០១៩។
លោកស្រីបន្តថា ការធ្លាក់ចុះនោះ ដោយសារអតិថិជនរបស់ក្រុមហ៊ុនភាគច្រើនជាក្រុមអ្នកធ្វើការនៅតាមរោងចក្រ ឬអាជីវកម្មតូចៗ ដែលពួកគាត់ត្រូវបាត់បង់ប្រាក់ចំណូលក្នុងអំឡុងពេលវិបត្តិកូវីដ។
លោកស្រីនិយាយថា៖ «ដោយសារ BIMA Cambodia ជាក្រុមហ៊ុនធានារ៉ាប់រងខ្នាតតូចដែលមានអតិថិជនភាគច្រើនជាអ្នកមានប្រាក់ចំណូលទាប ហេតុនេះផលប៉ះពាល់ពីវិបត្តិជំងឺកូវីដ១៩ នេះ ពិតជាកើតមានចៀសមិនផុត»។
ក្នុងរយៈពេល ៩ ខែដើមឆ្នាំ ២០២០ នេះបុព្វលាភរបស់ក្រុមហ៊ុន BIMA- Cambodia ធ្លាក់ចុះចន្លោះពី ៥ ទៅ ៧ ភាគរយធៀបនឹង ៩ ខែឆ្នាំ ២០១៩។ នេះបើតាមលោកស្រី អំ គីមតុល។
របាយការណ៍សមាគមធានារ៉ាប់រងកម្ពុជាឲ្យដឹងថា ក្នុងរយៈពេល ៩ ខែឆ្នាំ ២០២០ នេះទឹកប្រាក់សំណងដែលក្រុមហ៊ុនធានារ៉ាប់រងបានទូទាត់ទៅកាន់អតិថិជនមានចំនួនសរុប ២១,៧ លានដុល្លារ ក្នុងនោះសំណងដែលបានទូទាត់ដោយក្រុមហ៊ុនធានារ៉ាប់រងទូទៅមាន ១៦,១ លានដុល្លារ ធានារ៉ាប់រងអាយុជីវិតមាន ៤,៧ លានដុល្លារ និងធានារ៉ាប់រងខ្នាតតូចមាន ០,៧៥ លានដុល្លារ៕ LA