
បុគ្គលិកធនាគារមួយនៅទីក្រុងភ្នំពេញ កំពុងរាប់លុយក្រដាសប្រាក់ដុល្លារ។ ហេង ជីវ័ន
ភ្នំពេញៈ ប្រជាជនកម្ពុជាទៅធ្វើការនៅក្រៅប្រទេសបានបន្តផ្ញើប្រាក់ត្រឡប់មកផ្ទះវិញកាន់តែច្រើនជាងមុនដោយទឹកប្រាក់សរុបមានរហូតដល់ ១,៤០០ លានដុល្លារ ក្នុងឆ្នាំ ២០១៨ ដែលភាគច្រើនជាទឹកប្រាក់ផ្ញើត្រឡប់ពីប្រទេស ថៃ និង កូរ៉េខាងត្បូង។ នេះបើយោងតាមទិន្នន័យរបស់ធនាគារជាតិនៃកម្ពុជា (NBC)។
ចំនួនទឹកប្រាក់កាលពីឆ្នាំ ២០១៨ មានការកើនឡើង ១១ ភាគរយធៀបនឹងទឹកប្រាក់កាលពីឆ្នាំ ២០១៧។
យោងតាមរបាយការណ៍ស្ថិតិជញ្ជីងទូទាត់របស់ NBC ដែលបានកត់ត្រាការផ្ទេរប្រាក់របស់ប្រជាជនធ្វើការនៅក្រៅប្រទេសមកតាមគ្រឹះស្ថានហិរញ្ញវត្ថុ បានបង្ហាញថា ក្នុងចំណោមទឹកប្រាក់ផ្ញើមកសរុប ទឹកប្រាក់ដែលពលរដ្ឋកម្ពុជាផ្ញើមកពីថៃមានចំណែករហូតដល់ ៦៨ ភាគរយ ស្របពេលពី កូរ៉េមានចំនួន ២១,៥ ភាគរយ។ ទឹកប្រាក់ដែលពលករកម្ពុជាផ្ញើមកផ្ទះវិញពីប្រទេស ជប៉ុន មានចំណែក ៣,៣ ភាគរយនៃបរិមាណសរុប ខណៈ ពីម៉ាឡេស៊ីមានចំណែក ២,៥ ភាគរយ។
លោក ង៉ែត ជូ អ្នកស្រាវជ្រាវ និងអ្នកប្រឹក្សាយោបល់ផ្នែកអាជីវកម្មឯករាជ្យបានឲ្យដឹងកាលពីម្សិលមិញថា កំណើនទឹកប្រាក់ផ្ញើមកផ្ទះ ឆ្លុះបញ្ចាំងពីកំណើនលំហូរចេញនៃប្រជាជនកម្ពុជា ដើម្បីស្វែងរកការងារធ្វើនៅបរទេស ជាពិសេសប្រទេស ថៃ និងកូរ៉េ។ លោក ជូ ថ្លែងថា៖ «នៅក្នុងរយៈពេលខ្លី កំណើនទឹកប្រាក់ផ្ញើមកផ្ទះពីការធ្វើការក្រៅប្រទេសនេះជួយប្រជាជនកម្ពុជាក្នុងការសម្រួលជីវភាពគ្រួសាររបស់ពួកគេ ដោយសារថា ការពឹងផ្អែកលើកសិកម្មតែមួយមុខ ដូចមានភាពលំបាកជាងមុនណាស់សម្រាប់ពួកគេ»។
ប៉ុន្តែលោកបន្ថែមថា លំហូរចេញក្នុងចំនួនច្រើននៃកម្មករចំណាកស្រុក មិនមែនជាការល្អសម្រាប់សេដ្ឋកិច្ចនៅក្នុងរយៈពេលវែងនោះទេដោយសារកម្ពុជាមិនអាចទទួលបានអត្ថប្រយោជន៍អតិបរមាពីសក្តានុពលរបស់ខ្លួនក្នុងនាមជាប្រទេសមួយមានកម្លាំងពលកម្មច្រើន។
លោកថ្លែងថា៖ «ពលរដ្ឋកម្ពុជាយើងកំពុងជួយដោយផ្ទាល់ដល់ប្រទេសផ្សេងទៀត ដើម្បីជំរុញកំណើនសេដ្ឋកិច្ចរបស់ពួកគេ ដោយសារតែយើងកំពុងធ្វើការងារដែលប្រជាជនគេមិនចង់ធ្វើ ឬក៏អាចឲ្យគេយកពេលទៅធ្វើការងារផ្សេងដែលទទួលបានប្រាក់ខែខ្ពស់ជាង»។
លោកបន្ថែមថា៖ «យើងមានធនធាន ប៉ុន្តែមិនទាន់ប្រើប្រាស់ធនធានរបស់យើងឲ្យបានល្អ។ យកល្អយើងគួរស្វែងរកយុទ្ធសាស្ដ្រផ្សេងក្នុងការប្រើប្រាស់កម្លាំងពលកម្មយើងឲ្យបានកាន់តែច្រើន និងដើម្បីធ្វើឲ្យប្រសើរឡើងជំនាញរបស់ពួកគេ ដើម្បីបង្កើនកំណើនសេដ្ឋកិច្ចកាន់តែធំ»។
ទំហំពិតនៃលំហូរប្រាក់ផ្ញើមកកម្ពុជាពីការធ្វើការនៅក្រៅប្រទេស អាចមានចំនួនច្រើនជាងនេះ ដោយសារពលរដ្ឋចំណាកស្រុកមួយចំនួន ជាពិសេសអ្នកដែលធ្វើការនៅប្រទេស ថៃ និងមានស្រុកកំណើតតាមខេត្តនៅជិតប្រទេសនេះ តែងផ្ញើប្រាក់មកផ្ទះតាមរយៈបណ្ដាញក្រៅផ្លូវការ។
មិនមានការស្រាវជ្រាវលម្អិតណាមួយនៅឡើយថា តើប្រាក់ផ្ញើមកផ្ទះពីពលរដ្ឋចំណាកស្រុកត្រូវបានប្រើប្រាស់ដូចម្ដេចនៅក្នុងប្រទេស កម្ពុជា។ ប៉ុន្តែមានប្រព័ន្ធព័ត៌មានរាយការណ៍ថា ប្រាក់ដែលផ្ញើមកពីពលករចំណាកស្រុកនៅបរទេស គឺជាប្រភពដ៏សំខាន់មួយនៃមូលធនសម្រាប់គ្រួសារកម្ពុជាដែលទទួលប្រាក់ផ្ញើទាំងនោះ និងអាចត្រូវបានប្រើប្រាស់លើការចាយវាយប្រចាំថ្ងៃ ការវិនិយោគលក្ខណៈគ្រួសារ ឬប្រភពដ៏សំខាន់មួយនៃប្រាក់ចំណូលសម្រាប់ការសងកម្ចី។
យោងតាមទិន្នន័យស្ថាប័នរដ្ឋាភិបាល ប្រជាពលរដ្ឋកម្ពុជាទៅធ្វើការស្របច្បាប់នៅថៃមានជាង ១ លាននាក់ គិតមកត្រឹមដំណាច់ឆ្នាំ ២០១៨ ខណៈនៅប្រទេស កូរ៉េ ត្រូវបានប៉ាន់ស្មានថាអាចមានប្រមាណ ៥៤ ០០០ នាក់។ ពលរដ្ឋទៅធ្វើការនៅប្រទេសផ្សេងៗទៀតដូចជា ម៉ាឡេស៊ី ជប៉ុន ជាដើមនៅមានចំនួនតិចតួចនៅឡើយ។
ក្នុងចំណោមគោលដៅការងារក្រៅប្រទេស កូរ៉េខាងត្បូង ត្រូវបានគិតថា ជាគោលដៅមានភាពទាក់ទាញជាងគេដោយសារមានប្រាក់បៀវត្សរ៍ខ្ពស់។
លោក អ៊ឹម តារា ជាកសិករមួយរូបនៅខេត្តកណ្ដាល ដែលប្អូនប្រុសរបស់លោកកំពុងធ្វើការងារនៅប្រទេស កូរ៉េខាងត្បូង បានឲ្យដឹងនៅក្នុងបទសម្ភាសតាមទូរស័ព្ទថា ប្រាក់ដែលបានផ្ញើមកផ្ទះរបស់ប្អូនប្រុសរបស់លោក ពីប្រទេស កូរ៉េ បានជួយកែលម្អជីវភាពរស់នៅឪពុកម្ដាយរបស់លោក។
លោក តារា ឲ្យដឹងថា ប្អូនប្រុសរបស់លោកទទួលប្រាក់ឈ្នួលប្រហែល ១ ៥០០ ដុល្លារក្នុង ១ ខែ ពីការងាររបស់គេក្នុងវិស័យកសិកម្ម និងតែងតែផ្ញើប្រាក់មកផ្ទះជាញឹកញាប់ ដើម្បីជួយសម្រាប់ការចំណាយមួយចំនួនរបស់ឪពុកម្ដាយរបស់លោក។
លោកថ្លែងថា៖ «តាមរយៈទឹកប្រាក់ដែលប្អូនខ្ញុំបានផ្ញើមកផ្ទះ ឪពុកម្ដាយខ្ញុំអាចសាងសង់ផ្ទះថ្មីមួយ និងអាចចាយវាយប្រចាំថ្ងៃបានស្រួលជាងមុន»។
លោកបន្ថែមថា ការមានប្អូនប្រុសធ្វើការងារនៅបរទេស បានជួយកាត់បន្ថយហានិភ័យគ្រួសារ និងមានភាពប្រសើរជាងឆ្ងាយ ជាជាងមានសមាជិកគ្រួសារទាំងអស់ បន្តពឹងផ្អែកលើការធ្វើស្រែចម្ការនៅក្នុងប្រទេស។
លោកបញ្ជាក់ថា៖ «ប្អូនខ្ញុំ អាចសន្សំប្រាក់មួយចំនួនមកពីការងារ ហើយគិតថាអាចមានគ្រួសារល្អនឹងគេនៅពេលគាត់ត្រឡប់មកវិញ»៕LA