ភ្នំពេញៈ ប្រតិបត្តិករនៅក្នុងឧស្សាហកម្មហិរញ្ញវត្ថុ ស្វាគមន៍សេចក្ដីសម្រេចរបស់ធនាគារជាតិនៃកម្ពុជា (NBC) ក្នុងការបន្តទុនបម្រុងកាតព្វកិច្ច (RR) រហូតដល់ចុងឆមាសទី១ ឆ្នាំនេះ ដែលអនុញ្ញាតដល់វិស័យនេះមានមូលនិធិកាន់តែច្រើនក្នុងការផ្ដល់កម្ចីដល់អតិថិជនក្នុងការចូលរួមជំរុញសកម្មភាពសេដ្ឋកិច្ចឲ្យងើបឡើងវិញឆាប់រហ័ស។
សេចក្ដីសម្រេចរបស់ NBC បានធ្វើឡើង បន្ទាប់ពីកិច្ចប្រជុំគណៈកម្មាធិការគោលនយោបាយរូបិយវត្ថុដែលបានដឹកនាំដោយលោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា (NBC) កាលពីថ្ងៃទី ១០ ខែកុម្ភៈ ដើម្បីត្រួតពិនិត្យលើការធ្វើបច្ចុប្បន្នភាពសេដ្ឋកិច្ចរបស់ពិភពលោក វឌ្ឍនភាព និងបញ្ហាប្រឈមនៃម៉ាក្រូសេដ្ឋកិច្ច និងវិស័យហិរញ្ញវត្ថុនៅកម្ពុជា ព្រមទាំងការអនុវត្តរូបិយវត្ថុនៅពេលអនាគត។
លទ្ធផលកិច្ចប្រជុំនេះបានឲ្យដឹងថា៖ «គណៈកម្មាធិការនេះបន្តរក្សាទុនបម្រុងកាតព្វកិច្ចក្នុងអត្រា ៧ ភាគរយសម្រាប់ប្រាក់ដុល្លារ និងរូបិយប័ណ្ណប្រាក់រៀល រហូតដល់ចុងឆមាសទី១ ឆ្នាំនេះ ប្រសិនបើមានការចាំបាច់ណាមួយ»។
លោក Shin Chang-moo ប្រធាននាយកប្រតិបត្តិធនាគារ PPCBank ដែលគ្រប់គ្រងដោយវិនិយោគិនប្រទេសកូរ៉េខាងត្បូង បានឱ្យដឹងថា ការបន្តរក្សាទុនបម្រុងកាតព្វកិច្ច (RR) គឺទាន់ពេលវេលាបំផុតសម្រាប់ NBC ក្នុងការបន្ធូរបន្ថយទុនបម្រុងកាតព្វកិច្ចមកនៅត្រឹម ៧ ភាគរយពីកម្រិតខ្ពស់ ១២,៥ ភាគរយកាលពីដើមឆ្នាំមុន។
លោកបានឱ្យដឹងថា វិធានការនេះគាំទ្រខ្លាំងបំផុតដល់ធនាគារពាណិជ្ជ និងគ្រឹះស្ថានទទួលប្រាក់បញ្ញើ (MDI) ដែលជាអ្នកចូលរួមយ៉ាងសកម្មនៃកម្មវិធីរៀបចំឥណទានឡើងវិញតាមរយៈការផ្គត់ផ្គង់សន្ទនីយភាពចាំបាច់កាន់តែច្រើននៅពេលនោះ។
លោកបានថ្លែងថា៖ «ដោយសារតែការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ច និងវិស័យធនាគារ មិនមានភាពជោគជ័យខ្លាំងនៅដើមឆ្នាំ ២០២១ សេចក្ដីសម្រេចរបស់ NBC ក្នុងការបន្តការបន្ធូរបន្ថយទុនបម្រុងកាតព្វកិច្ច (RR) រហូតដល់ចុងឆមាសទី១ គឺជាការឆ្លើយតបចំពោះតម្រូវការទីផ្សារ។ សូម្បីតែក្នុងករណីការស្ទុះងើបឡើងវិញយ៉ាងរហ័ស និងប្រកបដោយចីរភាពនៃសេដ្ឋកិច្ចជាតិ វិស័យធនាគារនឹងត្រូវការសន្ទនីយភាពបន្ថែម ដើម្បីគាំទ្រដល់ការស្ទុះងើបឡើងវិញនេះ»។
លោក សាយ សូនី ប្រធានប្រតិបត្តិជាន់ខ្ពស់របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ក៏បានសាទរចំពោះការសម្រេចនេះដែរ ដោយសារតែវាអាចផ្ដល់ឱកាសហិរញ្ញប្បទានសម្រាប់គ្រឹះស្ថានហិរញ្ញវត្ថុ ដើម្បីបង្កើនកម្ចីបានច្រើនដល់អតិថិជន។
លោកអះអាង៖ «យើងពេញចិត្តយ៉ាងខ្លាំងចំពោះការសម្រេចចិត្តរបស់ NBC ក្នុងការបន្តការអនុវត្តទុនបម្រុង កាតព្វកិច្ចចំនួន ៧ ភាគរយលើទាំងប្រាក់ដុល្លារ និងប្រាក់រៀលរហូតដល់ចុងឆមាសទី១ ឆ្នាំ ២០២១។ ការបន្តនេះគឺជាកត្តាជំរុញដ៏សំខាន់មួយក្នុងការផ្ដល់សន្ទនីយភាពកាន់តែច្រើនក្នុងការជំរុញឱ្យធនាគារគាំទ្រដល់សកម្មភាពផ្ដល់កម្ចីរបស់ខ្លួន និងការបន្តនេះនឹងផ្ដល់អត្ថប្រយោជន៍ដល់ការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចកម្ពុជាពីផលប៉ះពាល់ដោយសារតែជំងឺកូវីដ ១៩»។
លោកបញ្ជាក់ថា៖ «ចំណុចទី២ ដរាបណាសេដ្ឋកិច្ចមិនទាន់ស្ទុះងើបឡើងវិញពីផលប៉ះពាល់ដោយសារតែជំងឺកូវីដ ១៩ និងជំងឺនេះនៅតែមាននៅទីនេះ ធនាគារត្រូវតែមានតួនាទីដ៏សំខាន់ក្នុងការស្ដារសេដ្ឋកិច្ច ហើយការបន្តទុនបម្រុងកាតព្វកិច្ចនេះនឹងជួយដល់ធនាគារក្នុងការធ្វើការងារនេះ»។
លោក អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដា ភីអិលស៊ី បានឱ្យដឹងនៅពេលថ្មីៗនេះថា តាមរយៈធនាគារជាតិនៃកម្ពុជា (NBC) ជានិយតករ លោកបានបញ្ជាក់ថា រដ្ឋាភិបាលបានដាក់ចេញវិធានការកាត់បន្ថយប្រកបដោយប្រសិទ្ធភាព និងទាន់ពេលដែលធានាទុនគ្រប់គ្រាន់ សម្រាប់ប្រតិបត្តិករនៅក្នុងវិស័យនេះ។
លោកបន្តថា៖ «ជាផ្នែកមួយនៃការបន្ទូរបន្ថយបទប្បញ្ញត្តិរបស់រដ្ឋាភិបាលសម្រាប់ វិស័យធនាគារ ទុនបម្រុងកាតព្វកិច្ចត្រូវបានកាត់បន្ថយពី ១២ ភាគរយមកនៅត្រឹម ៧ ភាគរយ។ វាមានសារៈសំខាន់ដែលយើងមានសាច់ប្រាក់ដែលមានស្រាប់របស់យើងសម្រាប់ការប្រើប្រាស់បន្ថែម ដែលមានចំនួនរាប់ពាន់លានដុល្លារ ដែលបានដាក់បញ្ចូលទៅក្នុងកំណើនកាលពីឆ្នាំ ២០២០»។
កម្ចីនៅក្នុងធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកើនឡើង ១៤,៨ ភាគរយដល់ ៣៧,៣ ពាន់លានដុល្លារកាលពីចុងឆ្នាំមុន ខណៈដែលប្រាក់បញ្ញើបានកើនឡើង ១៥,៤ ភាគរយដល់ ៣៣,៨ ពាន់លានដុល្លារ។ ទ្រព្យសកម្មសរុបក្នុងវិស័យហិរញ្ញវត្ថុបានកើនដល់ ៥៩,៤ ពាន់លានដុល្លារឆ្នាំ ២០២០៕LA