ភ្នំពេញ: ក្រុមហ៊ុន​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ​ (PPSEZ) បាន​រាយការណ៍​ពី​កំណើន​ការនាំចេញ​ក្នុង​ឆ្នាំ​ ២០១៩ ប្រមាណ​ ១៤ ​ភាគរយ​មាន​តម្លៃ ១ ១៣៩ លាន​ដុល្លារ​ដែល​បានក្លាយ​ជាការ​នាំចេញ​ឈានមុខ​គេ​លំដាប់​ទី​ ២ ក្នុងចំណោម​តំបន់​សេដ្ឋកិច្ច​ពិសេស​ទាំងអស់​នៅ​កម្ពុជា​។

PPSEZ ដែល​គ្រប់គ្រង​លើ​តំបន់​សេដ្ឋកិច្ច​ពិសេស​ប៉ោយប៉ែត​ (PPSEZ) ​ផងដែរ​នោះ​បាន​ឲ្យ​ដឹងថា​កាលពី​ថ្ងៃ​ពុធ​ថា ទំហំ​ពាណិជ្ជកម្ម​មាន​ចំនួន ១,១៣ ​ពាន់​លាន​ដុល្លារ​កាលពី​ឆ្នាំ​ ២០១៩ កើន​ ១៣,៨៨ ​ភាគរយ​ធៀប​នឹង​ឆ្នាំ​ ២០១៨ ហើយ​តំបន់​សេដ្ឋកិច្ច​ពិសេស​នេះ​រក្សាបាន​នូវ​កំណើន​ជាប្រចាំ​នៃ​សកម្មភាព​ពាណិជ្ជកម្ម​ក្នុង​រយៈពេល​ច្រើន​ឆ្នាំ​មកនេះ​។

ក្រុមហ៊ុន​នេះ​បន្តថា​៖ «​កំណើន​នេះ​បាន​ធ្វើឲ្យ​ពួកយើង​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​ ២ ដោយមាន​ចំណែក ២០,១៧ ភាគរយ​នៃ​តម្លៃ​ពាណិជ្ជកម្ម​សរុប​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ដែល​ប្រតិបត្តិការ​ទាំង​ ១៨ នៅក្នុង​ប្រទេស​កម្ពុជា​កាលពី​ឆ្នាំ​ ២០១៩​។ នេះ​ជា​អ្វីដែល​យើង​មាន​មោទនភាព​»​។

លោក Hiroshi Uematsu នាយក​គ្រប់គ្រង PPSEZ បាន​ឲ្យ​ដឹងថា ការរីកចម្រើន​ដ៏ល្អ​នៃ​ប្រតិបត្តិការ​អាជីវកម្ម​កាលពី​ឆ្នាំមុន ដោយសារ​មកពី​កិច្ចសហប្រតិបត្តិការ​ល្អ​របស់​អាជ្ញាធរ​មូលដ្ឋាន​ដែល​បាន​ជួយ​សម្រួល​នីតិវិធី​នាំចេញ​។

លោក​ថ្លែងថា​៖ «​យើង​កំពុង​ទទួល​បាន​កិច្ចសហប្រតិបត្តិការ​ល្អ​ពី​ការិយាល័យ​ច្រកចេញចូល​តែមួយ ជាពិសេស​កិច្ចខិតខំ​ប្រឹងប្រែង​ក្នុង​ការផ្ដល់​សេវា​ល្អ និង​ការជួយ​សម្រួល​ពី​ការិយាល័យ​គយ​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ​»​។

លោក​បន្ថែមថា​៖ «​យើង​មិនដែល​គិតថា វា​គ្រប់គ្រាន់​ទេ​។ យើង​នឹង​បន្ត​ការព្យាយាម​បន្ថែមទៀត​ក្នុងការ​កែលម្អ និង​អភិវឌ្ឍ​សេវា និង​ការជួយ​សម្រួល​របស់​យើង ដើម្បី​ឲ្យ​ក្រុម​វិនិយោគិន​ដែលមាន​ស្រាប់​របស់​យើង​មាន​អារម្មណ៍​ធូរស្រាល​ហើយ​ក្រុម​វិនិយោគិន​ថ្មីៗ​កាន់តែច្រើន​នឹងចូលរួម​»​។

លោក លឹម ហេង អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា​បាន​ឲ្យ​ដឹងថា តំបន់​សេដ្ឋកិច្ច​ពិសេស​ទាំងអស់​នៅ​កម្ពុជា​កំពុង​ដើរតួនាទី​ដ៏សំខាន់​ក្នុងការ​ទាក់ទាញ​ការវិនិយោគ​ផ្ទាល់​ពី​បរទេស​កាន់តែច្រើន​ថែមទៀត​។

លោក​បានផ្តល់​ជា​អនុសាសន៍​ថា ដើម្បី​ទាក់ទាញ​ក្រុម​វិនិយោគិន​កាន់តែ​ច្រើន និង​កាត់បន្ថយ​តម្លៃ​ផលិត​បន្ថែមទៀត រដ្ឋាភិបាល​គួរតែបង្កើត​រដ្ឋបាល​ពិសេស ឬ​តំបន់​ស្វយ័ត​ពិសេស​នៅក្នុង​ខេត្ត​សំខាន់ៗ ដូចជា​ក្រុងព្រះសីហនុ ខេត្ត​នៅតាម​ព្រំដែន​វៀតណាម រួមមាន​ខេត្តស្វាយរៀង កំពត និង​កោះកុង និង​ខេត្ត​នៅតាម​បណ្ដោយ​ព្រំដែន​ថៃ​ដូចជា​ខេត្ត​បាត់ដំបង បន្ទាយមានជ័យ និង​ឧត្តរមានជ័យ​ជាដើម​។

សម្រាប់​បណ្ដា​ខេត្ត​ផ្សេងទៀត គួរតែ​អនុញ្ញាត​ឲ្យ​មាន​អនុគណៈកម្មាធិការ​ខេត្ត​ដែលមាន​ស្រាប់​នៃ​ក្រុមប្រឹក្សា​ទទួល​អភិវឌ្ឍន៍​កម្ពុជា​ (CDC) ​អាច​អនុម័ត​គម្រោង​វិនិយោគ​ណាមួយ​ដែលមាន​ទុនវិនិយោគ​ជាង ២ ​លាន​ដុល្លារ​អាមេរិក​។

លោក​និយាយថា​៖ «​តាមរយៈ​ការធ្វើ​ដូច្នេះ វិនិយោគិន​ដែលមាន​ស្រាប់ និង​វិនិយោគិន​ក្នុងស្រុក​ថ្មី និង​វិនិយោគិន​បរទេស​អាច​ទទួលបាន​សេវា​រដ្ឋបាល​ដោយ​ងាយស្រួល​នៅក្បែរ​រោងចក្រ​របស់​ពួកគេ​ ឬ​ឧស្សាហកម្ម​ដែល​ចង់​ដាក់​ពាក្យសុំ​បង្កើត​រោងចក្រ​ថ្មី ឬ​ការនាំចេញ និង​ការ​នាំចូល​»​។

បើតាម​លោក Hiroshi Uematsu រហូតមកដល់​ពេលនេះ រោងចក្រ​ជាច្រើន​នៅ PPSEZ នៅតែ​កំពុង​ប្រតិបត្តិការ ទោះបី​ជា​ការរីករាលដាល​កូវីដ​ ១៩ ក៏ដោយ​។ ទោះជា​យ៉ាងណា ប្រសិន​បើ​ការរីក​រាលដាល​នេះ​បន្ត​រយៈពេល​យូរ​នឹង​មាន​រោងចក្រ​ជាច្រើន​បិទទ្វារ​ជាមិនខាន​។

លោក​បញ្ជាក់ថា​៖ «​យើង​សន្មត​ថា​ភាគច្រើន​នៃ​រោងចក្រ​នៅ PPSEZ នៅតែ​កំពុង​ប្រតិបត្តិការ​ជាធម្មតា ហើយ​នោះ​ជា​អ្វីដែល​យើង​ឮ​ពី​អ្នកជួល​របស់​យើង​។ ទោះយ៉ាងណា​ដោយសារ​តែ​ស្ថានភាព​ទីផ្សារ​បច្ចុប្បន្ន​នៅលើ​ពិភពលោក អាច​មាន​រោងចក្រ​មួយចំនួន​ដែល​ចាំបាច់​ត្រូវ​បិទ​ប្រតិបត្តិការ​របស់​ពួកគេ បន្ទាប់ពី​រយៈពេល​ ២-៣ ​ខែ​ទៅមុខ​»​។

លោក​ថ្លែងថា​៖ «​យើង​មិន​រំពឹងថា​នឹង​មាន​ក្រុម​វិនិយោគិន​ថ្មីៗ​នោះទេ រហូត​ដល់​កូវីដ​១៩ នឹង​ត្រូវ​បាន​ទប់ស្កាត់​បាន​លើ​ពិភពលោក​។ នៅក្នុង​ពេលវេលា​ដ៏ពិបាក​បែប​នោះ វា​មាន​សារៈសំខាន់​ក្នុង​ការធ្វើ​ផែនការ​សកម្មភាព​ឲ្យ​មាន​ភាពងាយស្រួល​តាម​ដែល​យើង​អាច​ធ្វើបាន និង​អនុវត្ត​ផែនការ​ទាំងនោះ​យ៉ាង​រហ័ស​។ យើង​បានរៀបចំ​ផែនការ​ធ្វើ​ឲ្យ​រស់រាន​ឡើងវិញ​របស់​យើង​រួចហើយ​ក្នុងអំឡុង​ពេលវេលា​ដ៏ពិបាក​នេះ​។ យើង​ក៏​នឹង​បង្កើត​ផែនការ​សកម្មភាព​របស់​យើង​ឆ្ពោះទៅ​ដំណាក់កាល​បន្ទាប់​នៃ​សកម្មភាព​អាជីវកម្ម​របស់​យើង​នៅ​ក្រោយ​កូវីដ​១៩»​។

យោងតាម​រដ្ឋមន្ដ្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ការនាំចេញ​របស់​ប្រទេស​កម្ពុជា​តាមរយៈ​តំបន់​សេដ្ឋកិច្ច​ពិសេស (SEZ) ​កាលពី​ឆ្នាំមុន​បាន​កើនឡើង​ប្រហែល ២៧ ​ភាគរយ​ជាមួយ​នឹង​តម្លៃ​សរុប​ការនាំចេញ​បាន​កើនឡើង ២ ៦៨៨ ​លាន​ដុល្លារ​កាលពី​ឆ្នាំមុន​។ ក្រុមហ៊ុន​ចំនួន​ ៤៦៥ ដែល​ប្រតិបត្តិការ​នៅក្នុង SEZ ទាំង ៥៤ ​កន្លែង​របស់​ប្រទេស​កម្ពុជា​ដែល​ផ្ដល់​ការងារ​ជាង ១០០០០០ ​នាក់​៕LA