ភ្នំពេញ: អេសស៊ីជី (SCG) ជាក្រុមហ៊ុនផលិតសម្ភារសំណង់របស់ប្រទេសថៃ បានរាយការណ៍ការធ្លាក់ចុះប្រាក់ចំណូលពីការលក់នៅត្រីមាសទី ៤ ឆ្នាំ ២០២០ ដោយសារតែសេដ្ឋកិច្ចកម្ពុជាបានរងផលប៉ះពាល់ធ្ងន់ធ្ងរពីការផ្ទុះនូវករណីឆ្លងសហគមន៍នៃការរីករាលដាលជំងឺកូវីដ១៩ និងគ្រោះទឹកជំនន់។
យោងតាមលទ្ធផលប្រតិបត្តិការរបស់ក្រុមហ៊ុនសម្រាប់ឆ្នាំ ២០២០ ដែលភ្នំពេញប៉ុស្ដិ៍ទទួលបានកាលពីថ្ងៃពុធ ត្រីមាសទី ៤ ឆ្នាំ ២០២០ ក្រុមហ៊ុនអេសស៊ីជី នៅកម្ពុជាមានទ្រព្យសកម្មសរុបក្នុងតម្លៃ ៤០៩ លានដុល្លារអាមេរិក ដែលកើនឡើង ១៨ ភាគរយ បើធៀបនឹងឆ្នាំ ២០១៩។ ក្រុមហ៊ុនបានរាយការណ៍ប្រាក់ចំណូលបានពីការលក់សម្រាប់ត្រីមាសទី ៤ ឆ្នាំ ២០២០ ចំនួន ៥៩,៧ លានដុល្លារអាមេរិក ដែលរួមបញ្ចូលការលក់ពីប្រតិបត្តិការទាំងអស់នៃអាជីវកម្មផលិតស៊ីម៉ងត៍ និងគ្រឿងសំណង់ ហើយតួលេខនេះបង្ហាញពីការធ្លាក់ចុះ ៣ ភាគរយបើធៀបនឹងឆ្នាំ ២០១៩។ សម្រាប់ឆ្នាំ ២០២០ ទីផ្សារកម្ពុជារបស់ក្រុមហ៊ុន អេសស៊ីជី សម្រេចបានចំណូលពីការលក់ចំនួន ២៥២,៣ លានដុល្លារអាមេរិក។
ក្រុមហ៊ុនថ្លែងថា៖ «នៅត្រីមាសទី ៤ ឆ្នាំ ២០២០ សេដ្ឋកិច្ចកម្ពុជាបានរងនូវផលប៉ះពាល់ធ្ងន់ធ្ងរពីគ្រោះទឹកជំនន់ និងការផ្ទុះនៃជំងឺរាតត្បាតកូវីដ១៩។ គ្រោះទឹកជំនន់បានបណ្ដាលឱ្យផ្លូវថ្នល់ជាច្រើនរងការខូចខាត និងកាត់ផ្ដាច់ដែលនាំឲ្យការដឹកជញ្ជូនស៊ីម៉ងត៍ និងគ្រឿងសំណង់ទទួលរងផលប៉ះពាល់យ៉ាងខ្លាំង»។
ក្រុមហ៊ុននេះបន្តថា៖ «ជាលទ្ធផល ការសាងសង់នៅក្នុងតំបន់ដែលជួបគ្រោះទឹកជំនន់ត្រូវបានអាក់ខានដំណើរការ។ លើសពីនេះទៅទៀត ដោយមានការផ្ទុះឡើងនូវករណីឆ្លងសហគមន៍នៃជំងឺកូវីដ១៩គម្រោងសាងសង់ភាគច្រើនបំផុតនៅក្នុងទីក្រុងភ្នំពេញត្រូវបានផ្អាក។
ក្រុមហ៊ុនបញ្ជាក់ថា៖ «ប្រការនេះបានបង្កផលប៉ះពាល់ដោយផ្ទាល់ទៅលើវិស័យសំណង់ និងអចលនទ្រព្យនៅកម្ពុជា។ ប៉ុន្តែខណៈដែលមានការធ្លាក់ចុះនូវតម្រូវការនៅក្នុងផ្នែកលំនៅឋាន អគារពាណិជ្ជកម្ម និងឧស្សាហកម្ម រដ្ឋាភិបាលបានខិតខំប្រឹងប្រែងជំរុញសេដ្ឋកិច្ចតាមរយៈការបង្កើនការវិនិយោគច្រើនថែមទៀតទៅលើហេដ្ឋារចនាសម្ព័ន្ធ។
លោក Roongrote Rangsiyopash ប្រធាននាយកប្រតិបត្តិក្រុមហ៊ុនអេសស៊ីជី បានឲ្យដឹងថា លទ្ធផលប្រតិបត្តិការអាជីវកម្មនៅឆ្នាំ ២០២០ នៅតែមានភាពធន់ល្អប្រសើរនៅក្នុងអំឡុងពេលដែលក្រុមហ៊ុនជួបការលំបាក ដែលបង្កឡើងដោយវិបត្តិជំងឺកូវីដ១៩ ដោយសារតែការខិតខំប្រឹងប្រែងរួមរបស់បុគ្គលិក អេសស៊ីជី ដែលបានផ្ដោតអាទិភាពសំខាន់បំផុតទៅលើសុវត្ថិភាព និងនិរន្តរភាពនៃអាជីវកម្ម។
លោកថ្លែងថា៖ «ក្រុមហ៊ុនបានដាក់ឲ្យអនុវត្តនូវយុទ្ធសាស្ដ្រថ្មីៗ និងវិធានការអាជីវកម្មបត់បែនរហ័ស ដូចជាការកែសម្រួលផែនការអាជីវកម្មការកែប្រែបរិមាណលក់ និងការបង្កើតច្រកប្រាស្រ័យទាក់ទងសកម្ម និងច្រើនមុខព្រួញ ដើម្បីឆ្លើយតបទៅនឹងឥរិយាបថរបស់អតិថិជនដែលប្រែប្រួល»។
លោកលើកឡើងថា៖ «ដោយអនុវត្តវិធានការសកម្មមុន និងដោយមានការប្ដេជ្ញាចិត្តខ្ពស់ពីសំណាក់បុគ្គលិក អេសស៊ីជីទាំងអស់ ខ្ញុំជឿជាក់ថា អេសស៊ីជី នឹងជម្នះបាននូវភាពមិនប្រាកដប្រជា ដែលបង្កឡើងដោយរលកថ្មីនៃវិបត្តិជំងឺកូវីដ១៩»។
សម្រាប់ប្រតិបត្តិការអាជីវកម្មរបស់អេសស៊ីជីនៅក្នុងអាស៊ានប្រាក់ចំណូលបានពីការលក់នៅក្នុងឆ្នាំ ២០២០ បានធ្លាក់ចុះ ១១ ភាគរយ បើធៀបនឹងឆ្នាំ ២០១៩ ដោយសម្រេចបានចំនួន ៨៣៨ លានដុល្លារអាមេរិក ដែលស្មើនឹង ២៦ ភាគរយនៃចំណូលសរុបពីការលក់របស់ អេសស៊ីជី។ នេះរាប់បញ្ចូលទាំងការលក់ពីប្រតិបត្តិការក្នុងស្រុកនៃទីផ្សារអាស៊ាននីមួយៗ និងពីការនាំចូលមកពីប្រតិបត្តិការនៅក្នុងប្រទេសថៃផងដែរ៕LA