ភ្នំពេញៈ ក្រសួងពាណិជ្ជកម្មបានអំពាវនាវដល់អាជីវករ ពាណិជ្ជករ និងបណ្តាសហគ្រាសក្នុងស្រុកទាំងឡាយចូលរួម ពិព័រណ៍នាំចូលអន្តរជាតិចិនលើកទី ៤ (The 4th China International Import Exposition ) ដើម្បីចាប់យកឱកាសសហការ ឬពង្រីកការនាំចេញរបស់ខ្លួនទៅកាន់ទីផ្សារយក្សនៅអាស៊ីមួយនេះ។
សេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្មបានផ្សាយកាលពីថ្ងៃទី ២៨ មេសា ឲ្យដឹងថា ក្នុងព្រឹត្តិការណ៍ពាណិជ្ជកម្មនេះដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ៥ ដល់ទី ១០ ខែវិច្ឆិកា ឆ្នាំ ២០២១ នៅទីក្រុងសៀងហៃ សាធារណៈប្រជាមានិតចិន កម្ពុជានឹងចូលរួមពីចម្ងាយ (Online) ដើម្បីផ្សព្វផ្សាយផលិតផល និងសេវាកម្មតាមប្រព័ន្ធអនឡាញនៅលើឆាកអន្តរជាតិ។
សេចក្តីជូនដំណឹងបន្តថា កម្ពុជាក៏បានចាត់បញ្ជូនក្រុមហ៊ុនដែលមានសាខា ឬតំណាងចែកចាយផលិតផល និងសេវាកម្មនៅប្រទេសចិនស្រាប់ចូលរួមដោយផ្ទាល់ដោយមានស្តង់នៅក្នុងតំបន់ពាណិជ្ជកម្ម។
សេចក្តីជូនដំណឹងបន្ថែមទៀតថាការចូលរួមរបស់កម្ពុជាក្នុងព្រឹត្តិការណ៍ពាណិជ្ជកម្មនេះ ដើម្បីស្វែងរកទីផ្សារសម្រាប់ផលិតផលកម្ពុជា និងផ្សព្វផ្សាយអំពីឱកាសវិនិយោគ និងអូសទាញវិនិយោគិនបរទេសឲ្យមកបណ្តាក់ទុននៅកម្ពុជា។
សេចក្តីជូនដំណឹងបញ្ជាក់ថា៖ «សូមអញ្ជើញក្រុមហ៊ុនឯកជនដែលមានធុរកិច្ចនៅកម្ពុជា និងមានសាខា ឬតំណាងចែកចាយនៅប្រទេសចិនដែលមានបំណងចូលរួមពិព័រណ៍នាំចូលអន្តរជាតិលើកទី ៤ នេះប្រញាប់បំពេញបែបបទ និងផ្ញើគម្រោងរបស់ខ្លួនមកនាយកដ្ឋានកិច្ចការពិព័រណ៍ អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្មនៃក្រសួងពាណិជ្ជកម្មឱ្យបានមុនថ្ងៃទី ៧ ឧសភា ឆ្នាំ ២០២១ ជាការកំណត់ ដើម្បីក្រសួងអាចធ្វើការសម្របសម្រួលជូន»។
សេចក្តីជូនដំណឹងបន្តថា៖ «ក្រុមហ៊ុនឯកជនដែលមានគម្រោងស្វែងរកដៃគូវិនិយោគ ឬត្រូវចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាជាមួយបណ្តាប្រទេសដែលបានចូលរួមព្រឹត្តិការណ៍ក៏សូមប្រញាប់ទាក់ទងមកក្រសួង ផងដែរ»។
លោក លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃពុធនេះថា សភាពាណិជ្ជកម្មកម្ពុជានឹងចាត់ចែងឲ្យសមាជិករបស់ខ្លួនចូលរួមព្រឹត្តិការណ៍តាំងពិព័រណ៍នាំចូលអន្តរជាតិចិន ដើម្បីស្វែងរកដៃគូវិនិយោគបន្ថែមទៀត។
លោក លឹម ហេង ឲ្យដឹងទៀតថា ពិព័រណ៍ពាណិជ្ជកម្មនេះគឺមានសារៈសំខាន់ណាស់ដែលអាចឲ្យកម្ពុជាផ្សារភ្ជាប់ទំនាក់ទំនងពាណិជ្ជកម្មជាមួយដៃគូអន្តរជាតិ ពិសេសពាណិជ្ជកម្មលើឧស្សាហកម្ម កសិពាណិជ្ជកម្ម និងបច្ចេកវិទ្យា ជាដើម។
លោកនិយាយថា៖ «យើងបានទទួលដំណឹងនេះពីក្រសួងពាណិជ្ជកម្មរួចហើយ យើងបាននិងកំពុងផ្សព្វផ្សាយបន្តទៀតដែលជាសមាជិករបស់សភាណិជ្ជកម្មស្វែងរកចាប់ដៃគូ ឬក៏កំពុងតែមានពាណិជ្ជកម្មជាមួយចិនហើយចូលរួមការតាំងពិព័រណ៍ ដើម្បីបង្កើនសហប្រតិបត្តិការបន្ថែមទៀត។ យើងមិនទាន់ដឹងថាសមាជិកយើងចំនួនប៉ុន្មាននឹងចូលរួមនោះរហូតមកដល់ពេលនេះ ព្រោះយើងកំពុងចុះឈ្មោះពួកគេ ដើម្បីអាចចូលរួមតាមអនឡាញ»៕