ក្រុងម៉ូស្គូៈ លោក​ប្រធានាធិបតី​រុស្ស៊ី វ្ល៉ាឌីមៀ ពូទីន និង​ប្រធានាធិបតី​ចិន​លោក ស៊ី ជីនភីង កាលពី​ថ្ងៃ​ចន្ទ​បានដាក់​ដំណើរការ​បំពង់​បង្ហូរ​ឧស្ម័ន​ទី​ ១ ​ដែល​តភ្ជាប់​ប្រទេស​ទាំង​ ២​។

ការដាក់​ដំណើរការ​បំពង់​ឧស្ម័ន​ដ៏ធំ Power of Siberia ដែល​តភ្ជាប់​ប្រទេស​រុស្ស៊ី ដែល​ជា​ប្រទេស​នាំចេញ​ឧស្ម័ន​ធំ​បំផុត​ក្នុង​ពិភពលោក និង​ប្រទេស​ចិន​ដែល​ជា​ប្រទេស​នាំចូល​ឧស្ម័ន​ធំ​បំផុត​របស់​រុស្ស៊ី​បាន​កើតមានឡើង​បន្ទាប់ពី​មាន​ការ​ចរចា​ដ៏តានតឹង​រយៈពេល​ជាច្រើន​ឆ្នាំ និង​ធ្វើ​ការងារ​លើ​លក្ខខណ្ឌ​ដ៏លំបាក​នានា​។

លោក ពូទីន បាន​ថ្លែង​ក្នុង​អំឡុង​ពិធី​ដាក់​ដំណើរការ​ដែល​មាន​ចាក់​បញ្ចាំង​តាម​ទូរទស្សន៍​ដែល​បង្ហាញ​រូប​មេដឹកនាំ​ទាំង​ ២ ​ថា​៖ «​ថ្ងៃនេះ​គឺជា​ថ្ងៃ​ក៏គួរ​ឲ្យ​កត់សម្គាល់​ជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​មួយ​មិន​ត្រឹម​តែ​សម្រាប់​ទីផ្សារ​ថាមពល​ពិភពលោក​ឡើយ ប៉ុន្តែ​ដំបូង​ឡើយ​គឺ​សម្រាប់​យើង និង​សម្រាប់​អ្នក​សម្រាប់​ប្រទេស រុស្ស៊ី និង​ប្រទេស​ ចិន​»​។

លោក ស៊ី បាន​ថ្លែង​ថា​គម្រោង​នេះ «​បម្រើ​ជា​គំរូ​មួយ​នៃ​កិច្ចសហប្រតិបត្តិ​ការផ្តល់​ប្រយោជន៍​ទៅវិញ​ទៅមក​រវាង​ប្រទេស​ទាំង​ ២»​។

ក្នុង​សុន្ទរកថា​ដែល​ថ្លែង​តាម​កញ្ចក់​ទូរទស្សន៍​រុស្ស៊ី​ថា​៖ «​ការអភិវឌ្ឍ​ទំនាក់ទំនង​ចិន​ និង​រុស្ស៊ី​ គឺជា​អាទិភាព​គោលនយោបាយ​ការបរទេស​មួយ​សម្រាប់​ប្រទេស​យើង​ទាំង​ ២»​។

លោក Alexei Miller ប្រធាន​ក្រុមហ៊ុន​ឧស្ម័ន​រុស្ស៊ី Gazprom ដែល​ដំណើរការ​គម្រោង​នេះ​បាន​ថ្លែងថា មនុស្ស​ជិត​ ១ ​ម៉ឺន​នាក់​បាន​ធ្វើ​ការងារ​លើ​ការសាងសង់​បំពង់​ឧស្ម័ន​ដ៏ធំ​នេះ​។

ក្នុង​អំឡុង​ពិធី​ដាក់​ដំណើរការ​នេះ កម្មករ​ត្រូវ​បាន​បញ្ជាក់​ឲ្យ​បើក​ក្បាល​វ៉ាន​ដើម្បី​បង្ហាញ​ឧស្ម័ន​ឆ្លងកាត់​ព្រំដែន​ចូល​ទៅក្នុង​ប្រទេស​ចិន​។

លោក Miller បាន​ថ្លែងថា​៖ «​ឧស្ម័ន​កំពុង​ហូរ​ទៅ​ប្រព័ន្ធ​បំពង់​បង្ហូរ​របស់​ចិន​»៕ KC