ទីក្រុងបាងកកៈ ទីភ្នាក់ងារ​អាកាសចរណ៍​បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​សុក្រ​ថា ជើង​ហោះហើរ​ដឹក​អ្នកដំណើរ​ទាំងអស់​ត្រូវ​បាន​ហាមឃាត់​ការចុះចត​នៅក្នុង​ប្រទេស​នេះ ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​វីរុស​កូរ៉ូណា​ថ្មី​។

ភ្នាក់ងារ​បាងកក​ប៉ុស្តិ៍ ដោយ​ដកស្រង់​ពី​សារព័ត៌មាន Reuter រាយការណ៍​ថា អាជ្ញាធរ​អាកាសចរណ៍​ថៃ​បាន​ឲ្យ​ដឹង​នៅក្នុង​បទបញ្ជា​មួយ​ដែល​ចេញផ្សាយ​កាលពី​យប់​ថ្ងៃ​សុក្រ​ថា ការហាមឃាត់​នេះ​ចាប់ផ្ដើម​អនុវត្ត​កាលពី​ព្រឹក​ថ្ងៃ​សៅរ៍ ហើយ​នឹង​ដំណើរការ​រហូតដល់​យប់​ថ្ងៃ​ចន្ទ​។

យោងតាម​បទបញ្ជា នរណា​ម្នាក់​មកដល់​តាម​ជើង​ហោះហើរ​ដែល​បានចេញ​ដំណើរការ​មុនពេល​បទបញ្ជា​នេះ​បានចាប់ផ្ដើម​អនុវត្ត​នឹង​ត្រូវ​ដាក់​ឲ្យ​ដាច់​ដោយឡែក​រយៈពេល​ ១៤ ​ថ្ងៃ​ ពេលមកដល់​ប្រទេស​ ថៃ​។

តាម​សេចក្តីរាយការណ៍​របស់​ភ្នាក់ងារ​ព័ត៌មាន​ Reuters ដែល​បាន​ស្រង់​ផ្សាយ​ដោយ​បាងកក​ប៉ុស្តិ៍​មាន​មូលដ្ឋាន​នៅ​ប្រទេស​ថៃ មន្ដ្រី​ការិយាល័យ​អន្ដោប្រវេសន៍​បាន​អះអាង​ថា បទបញ្ជា​នេះ​ធ្វើឡើង​តែ​ប៉ុន្មាន​ម៉ោង បន្ទាប់ពី​ការភ្ញាក់ផ្អើល​មួយ​នៅ​ព្រលាន​យន្តហោះ​សុវណ្ណ​ភូមិ នៅពេល​ជនជាតិ​ថៃ​ជាង​ ១០០ ​នាក់​ បាន​មក​ដល់​តាម​ជើងហោះហើរ​ផ្សេងៗ​គ្នា​កាលពី​ថ្ងៃ​សុក្រ​។

មន្ដ្រី​នោះ​បន្តថា​៖ «​មន្ដ្រី​សុខភាព​សាធារណៈ​បានអនុញ្ញាត​ឲ្យ​ពួកគេ​ត្រូវដាក់​ខ្លួនឯង​ដាច់​ពី​គេ​នៅ​ក្នុងផ្ទះ​។ មាន​ការភ្ញាក់ផ្អើល​មួយ​ដោយសារ​តែ​ពួកគេ​មិនបាន​ដឹងថា ពួកគេ​ត្រូវ​បាន​ដាក់​ឲ្យ​នៅ​ដាច់​ពី​គេ​ឡើយ​»​។

ប្រទេស​ថៃ​បាន​រាយការណ៍ វីរុស​កូរ៉ូណា​ ១ ៩៧៨ ​ករណី និង​មនុស្ស​ ១៩ ​នាក់​បាន​ស្លាប់ ​រហូតមក​ដល់ពេល​នេះ​ចង់​គេច​ផុតពី​ការនាំ​ចូល​ជំងឺ​បន្ថែមទៀត​។

ចាប់តាំងពី​ថ្ងៃទី​ ១ ខែមីនា មាន​ការកើនឡើង​ចំនួន​ប្រជាជន​ដែល​បាន​ឆ្លង​ជំងឺ​នៅ​បរទេស​មុនពេល​ត្រឡប់មកផ្ទះ​។ អាជ្ញាធរ​បានដាក់​មនុស្ស​ជិត​ ២ ០០០ ​នាក់ ​ដែល​បាន​ទំនាក់ទំនង​ជាមួយ​ពួកគេ​ដាច់​ដោយឡែក​ពី​គេ​៕ LA