ក្រុងរីយ៉ាដៈ ប្រធានាធិបតី​រុស្ស៊ី វ៉ា្លឌីមៀរ ពូទីន កាលពី​ថ្ងៃ​ចន្ទ​បាន​ចុះ​កិច្ចព្រមព្រៀង​ដ៏សំខាន់​មួយ​ជាមួយ​ប្រទេស ​អារ៉ាប៊ី សាអ៊ូឌីត​ ក្នុង​អំឡុង​ដំណើរ​ទស្សនកិច្ច​ដ៏សំខាន់​សម្រាប់​កិច្ចប្រជុំ​អង្គការ OPEC និង​ក្រុម​ប្រទេស​ផលិត​ប្រេង​ផ្សេងទៀត (OPEC+) សំដៅ​ធ្វើឲ្យ​មាន​ស្ថិរភាព​តម្លៃ​ប្រេង និង​ស្វែងរក​ការធ្វើឲ្យ​ស្ងប់ស្ងាត់​ភាពតានតឹង​ក្នុង​តំបន់​ជាមួយ​ប្រទេស ​អ៊ីរ៉ង់​។

ដំណើរ​ទស្សនកិច្ច​របស់​លោក ពូទីន ធ្វើឡើង​បន្ទាប់ពី​មាន​ការវាយប្រហារ​លើ​ទីតាំង​ប្រេង​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​ដែល​ប្រទេស ​អារ៉ាប៊ី សាអ៊ូឌីត និង​អាមេរិក​បាន​ស្ដីបន្ទោស​លើ​ប្រទេស​ អ៊ីរ៉ង់​ ដែល​ជា​សម្ព័ន្ធមិត្ត​មួយ​របស់​ទីក្រុង​ម៉ូស្គូ​។

បន្ទាប់ពី​ការចរចា​រវាង​លោក ពូទីន និង​ព្រះមហាក្សត្រ Salman ប្រទេស​ អារ៉ាប៊ី សាអ៊ូឌីត ប្រទេស​ទាំង​ ២ ​បាន​ចុះកិច្ចព្រមព្រៀង និង​កិច្ចសន្យា​ចំនួន​ប្រហែល​ ២០ មាន​តម្លៃ​ច្រើន​ពាន់​លាន​ដុល្លារ​ស្តីពី​អាកាសចរណ៍ វប្បធម៌ សុខភាព បច្ចេកវិទ្យា​ទំនើប និង​កសិកម្ម​។

កិច្ចព្រមព្រៀង​សំខាន់​ក្នុង​ចំណោម​កិច្ចព្រមព្រៀង​ទាំងនេះ​គឺជា​កិច្ចព្រមព្រៀង​ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការ​ក្នុង​ចំណោម​អង្គការ OPEC និង​ប្រទេស​នានា ពោល​គឺជា​ប្រទេស​សមាជិក​របស់​អង្គការ​ប្រទេស​នាំចេញ​ប្រេង និង​ប្រទេស​ ១០ ​ទៀត​ដែល​មិនមែន​ជា​សមាជិក​របស់ OPEC​។

ទីក្រុង​ម៉ូស្គូ មិនមែន​ជា​សមាជិក​របស់​អង្គការ OPEC នោះ​ទេ ប៉ុន្តែ​ទីក្រុង​នេះ​បាន​ធ្វើ​ការងារ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​អង្គការ​នេះ ដើម្បី​ដាក់​កំណត់​ការផ្គត់ផ្គង់​ប្រេង និង​ជំរុញ​កំណើន​តម្លៃ បន្ទាប់ពី​ធ្លាក់​ចុះថ្លៃ​ខ្លាំង​កាលពី​ឆ្នាំ​ ២០១៤ ដែល​បានធ្វើឲ្យ​អន្តរាយ​ដល់​សេដ្ឋកិច្ច​របស់​ប្រទេស ​រុស្ស៊ី និង​ប្រទេស​ អារ៉ាប៊ី សាអ៊ូឌីត​ ដែល​ជា​សមាជិក​ដ៏សំខាន់​មួយ​របស់​អង្គការ​នេះ​។

ព្រះអង្គម្ចាស់ Abdulaziz bin Salman ជា​រដ្ឋមន្ដ្រី​ក្រសួង​ថាមពល​របស់​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​បាន​ឲ្យ​ដឹង​នៅក្នុង​ពិធី​ចុះហត្ថលេខា​នេះ​ថា កិច្ចព្រមព្រៀង​កាលពី​ថ្ងៃ​ចន្ទ​ព្យាយាម «​ពង្រឹង​កិច្ចសហប្រតិបត្តិការ និង​ការពង្រឹង​ស្ថិរភាព​ទីផ្សារ​ប្រេង​»​។

លោក Dmitri Peskov អ្នកនាំពាក្យ​វិមាន​ក្រឹម​ឡាំង​បាន​ប្រាប់​ក្រុម​អ្នកយក​ព័ត៌មាន​ថា លោក ពូទីន និង​ក្រុមមន្ដ្រី​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​ក៏​បាន​ពិភាក្សា​គ្នា​ពី «​កិច្ចសហប្រតិបត្តិការ​យោធា និង​បច្ចេកវិទ្យា​ផងដែរ​»​។

កាលពី​ខែ​ តុលា ឆ្នាំ​ ២០១៧ ប្រទេស​ រុស្ស៊ី និង​អារ៉ាប៊ី សាអ៊ូឌីត បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​ដែល​បើកផ្លូវ​ឲ្យ​ទីក្រុង​រីយ៉ាដ​ទិញ​ប្រព័ន្ធ​មីស៊ីល​ប្រឆាំង​យន្តហោះ S-400 ដ៏មាន​ឥទ្ធិពល​របស់​ទីក្រុង​ម៉ូស្គូ​។

ប៉ុន្តែ​ការលក់​នេះ​មិន​ដែល​សម្រេច​បាន​នោះទេ ដោយសារ​ប្រទេស​ អារ៉ាប៊ី សាអ៊ូឌីត ទីបំផុត​បាន​ជ្រើសរើស​ទិញ​ប្រព័ន្ធ​អាមេរិក​ជំនួស​វិញ​។

កាលពី​ថ្ងៃ​ចន្ទ​លោក ពូទីន ថ្លែង​ថា​៖ «​រុស្ស៊ី​ភ្ជាប់​សារៈសំខាន់​ជាពិសេស​ជាមួយ​ការអភិវឌ្ឍ​ចំណង​មិត្តភាព និង​ទំនាក់ទំនង​ដែល​ផ្ដល់​ប្រយោជន៍​ឲ្យ​គ្នា​ទៅវិញ​ទៅមក​ជាមួយ​អារ៉ាប៊ី សាអ៊ូឌីត​»៕ LA