ក្រុង​ប៉េកាំងៈ របាយការណ៍​មួយ​បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា ក្រុមហ៊ុន Huawei ​អាច​​​បង្ហាញ​​​ប្រព័ន្ធ​ប្រតិបត្តិការ​ផ្ទាល់​របស់​​ខ្លួន​សម្រាប់​ទូរស័ព្ទ​ស្មាតហ្វូន និង​កុំព្យូទ័រ​យួរ​ដៃ​​ក្នុង​​ប្រទេស ចិន នៅ​​រដូវ​ស្លឹក​ឈើ​ជ្រុះ​ខាង​មុខ បន្ទាប់​ពី​អាមេរិក​​បាន​ដាក់​ក្រុមហ៊ុន​នេះ​ក្នុង​បញ្ជី​ខ្មៅ។​

លោក Richard Yu ប្រធាន​ផ្នែក​គ្រឿង​អេឡិចត្រូនិក​ប្រើប្រាស់​​​​របស់​ក្រុមហ៊ុន​​ Huawei ​បាន​​ប្រាប់​បណ្ដាញ​ទីភ្នាក់ងារ​ព័ត៌មាន​ CNBC របស់​អាមេរិក​ថា ជំនាន់​ប្រព័ន្ធ​ប្រតិបត្តិការ​សម្រាប់​ទីផ្សារ​អន្តរជាតិ អាច​រួច​រាល់​នៅ​ត្រីមាស​ទី១ ឬ​ត្រីមាស​​​ទី២​ ឆ្នាំ ​២០២០។

ក្រុមហ៊ុន​ទូរគមនាគមន៍​ដ៏​ធំ​របស់​ចិន​នេះ​​បាន​ទទួល​រង​ផល​​ប៉ះពាល់​យ៉ាង​ខ្លាំង​​​នៅ​សប្ដាហ៍​នេះ​ដោយសារ​​​​​ការ​សម្រេច​ចិត្ត​របស់​ក្រុមហ៊ុន Google ​បញ្ឈប់​ការ​សហការ​​មួយ​ផ្នែក​ជាមួយ​ឧបករណ៍​អេឡិចត្រូនិក​របស់​ក្រុមហ៊ុន​ Huawei ពី​​ប្រព័ន្ធ​ប្រតិបត្តិការ​ Android OS របស់​ខ្លួន​ បន្ទាប់​ពី​​អាមេរិក​​ចេញ​បញ្ជា​​ហាម​ឃាត់​​​​ការ​លក់​ ឬ​ផ្ទេរ​បច្ចេកវិទ្យា​អាមេរិក​ដល់​ក្រុមហ៊ុន​មួយ​នេះ​។

លោក​ Richard Yu បាន​ថ្លែង​​​ថា​៖ «ថ្ងៃ​នេះ ​ក្រុមហ៊ុន Huawei យើង​នៅ​តែ​ប្ដេជ្ញា​ចិត្ត​ចំពោះ​​​ប្រព័ន្ធ​ប្រតិបត្តិការ​ Windows របស់​ក្រុមហ៊ុន Microsoft និង​ប្រព័ន្ធ​ប្រតិបត្តិការ Android ​របស់​ក្រុមហ៊ុន Google​»។​ ​លោក​បន្ត​ថា​៖ «​ប៉ុន្តែ​បើ​​យើង​មិន​អាច​ប្រើ​​ប្រព័ន្ធ​ប្រតិបត្តិការ​នោះ​បាន ​ក្រុមហ៊ុន Huawei នឹង​រៀបចំ​ផែនការ​ B ដើម្បី​​ប្រើប្រាស់​ប្រព័ន្ធ​ OS ផ្ទាល់​​របស់​យើង»។​

កាសែត Global Times របស់​​រដ្ឋ​ចិន បាន​រាយការណ៍​កាល​​ពី​ថ្ងៃ​ចន្ទ​ថា ប្រព័ន្ធ​ប្រតិបត្តិការ HongMeng កំពុង​ដំណើរការ​សាកល្បង ហើយ​នឹង​ជំនួស​​ប្រព័ន្ធ​ប្រតិបត្តិការ​ Android ជា​បណ្ដើរៗ។

លោក Yu ថ្លែង​​ថា​៖ «​យើង​មិន​ចង់​ធ្វើ​ដូច​នេះ​ទេ តែ​យើង​នឹង​​​បង្ខំ​ចិត្ត​ធ្វើ​ដូច​នោះ ដោយសារ​តែ​អាមេរិក»​៕AFP/LA