
បុគ្គលិកក្រុមហ៊ុន Manulife ប្រាប់អតិថិជនរបស់ខ្លួនទាក់ទងនឹងសេវាធានារ៉ាប់រង។ ភ្នំពេញ ប៉ុសិ៍្ត
ភ្នំពេញៈ ប្រាក់ចំណូលសរុបនៅក្នុងវិស័យធានារ៉ាប់រងនៅកម្ពុជា ក្នុងឆ្នាំ ២០១៨ បានកើនឡើងជិត ៣០ ភាគរយ បើធៀបនឹងឆ្នាំ ២០១៧ ដែលភាគច្រើនបានមកពីកំណើនក្នុងវិស័យធានារ៉ាប់រងអាយុជីវិត។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់សមាគមធានារ៉ាប់រងកម្ពុជា។
សេចក្តីប្រកាសព័ត៌មានកាលពីម្សិលមិញបានឲ្យដឹងថា ក្នុងឆ្នាំ ២០១៨ ប្រាក់បុព្វលាភរ៉ាប់រងដុល ដែលទទួលបាននៅក្នុងវិស័យធានារ៉ាប់រងនៅកម្ពុជាមានចំនួន ១៩៦,៤ លានដុល្លារ កើនពីចំនួន ១៥១,៦ លានដុល្លារ កាលពីឆ្នាំ ២០១៧។
ទិន្នន័យបង្ហាញថា វិស័យធានារ៉ាប់រងអាយុជីវិតមានកំណើនរហូតដល់ ៥០,៦ ភាគរយ ខណៈការធានារ៉ាប់រងទូទៅមានកំណើន ១៥ ភាគរយ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន។
គិតត្រឹមឆ្នាំ ២០១៨ មានក្រុមហ៊ុនធានារ៉ាប់រងទូទៅសរុប ១២ និងក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ៨ ដែលកំពុងមានប្រតិបត្តិការអាជីវកម្មនៅកម្ពុជា។ សមាគមធានារ៉ាប់រងកម្ពុជាបានឲ្យដឹងថា កំណើនប្រាក់ចំណូលជាមធ្យមប្រចាំឆ្នាំចាប់ពីឆ្នាំ ២០១៣ ដល់ឆ្នាំ ២០១៨ ស្ថិតក្នុងអត្រា ១៥,៧ ភាគរយសម្រាប់វិស័យធានារ៉ាប់រងទូទៅ និង ១២០,៥៥ ភាគរយសម្រាប់វិស័យធានារ៉ាប់រងអាយុជីវិត។
លោក ហ៊ុយ វ៉ាថារ៉ូ ប្រធានសមាគមធានារ៉ាប់រងកម្ពុជា បាននិយាយថា វិស័យធានារ៉ាប់រងនៅកម្ពុជាបានបន្តរីកចម្រើនជារៀងរាល់ឆ្នាំ ដោយកំណើននេះមានការរួមចំណែកពីធានារ៉ាប់រងយានយន្ត ធានារ៉ាប់រងទ្រព្យសម្បត្តិ ឬអគ្គិភ័យ និងធានារ៉ាប់រងគ្រោះថ្នាក់បុគ្គល និងសុខភាព។ លោកបន្តថា កាលពីឆ្នាំ ២០១៨ វិស័យធានារ៉ាប់រងនៅកម្ពុជាបានផ្តល់សំណងជាទឹកប្រាក់ជាង ២២,៣ លានដុល្លារ។
លោកបន្តថា៖ «ដោយសារប្រជាជនខ្មែរកាន់តែច្រើនឡើងយល់ដឹងពីសារៈសំខាន់នៃការធានារ៉ាប់រង ហេតុនេះវិស័យនេះនឹងនៅតែបន្តរីកចម្រើនខ្លាំងក្នុងឆ្នាំ ២០១៩ និងនៅឆ្នាំបន្តបន្ទាប់ទៀត»។
លោកបន្តថា សមិទ្ធផលនៃវិស័យធានារ៉ាប់រងកាលពីឆ្នាំ ២០១៨ ធ្វើឲ្យលោកកាន់តែមានទំនុកចិត្តចំពោះការវិវឌ្ឍរបស់វិស័យនេះនៅកម្ពុជា។
លោក Robert Elliott អនុប្រធាននៃសមាគមធានារ៉ាប់រងកម្ពុជាបានឲ្យដឹងថា ពេលដែលក្រុមគ្រួសារកាន់តែច្រើនទទួលបានការការពារពីក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតនោះ អនាគតហិរញ្ញវត្ថុរបស់ពួកគាត់នឹងមានសុវត្ថិភាព និងកាន់តែប្រសើរ។
លោកបានឲ្យដឹងទៀតថា ក្នុងឆ្នាំ ២០១៨ វិស័យធានារ៉ាប់រងអាយុជីវិត បានផ្ដល់សំណងជាទឹកប្រាក់ជាង ២,៣ លានដុល្លារទៅកាន់អតិថិជននៅនៅក្នុងប្រទេស កម្ពុជា ខណៈកាលពីឆ្នាំ ២០១៧ វិស័យនេះបានផ្តល់សំណងដែលមានទឹកប្រាក់តែជាង ១ លានដុល្លារប៉ុណ្ណោះ៕