ភ្នំពេញៈ ប្រាក់​ចំណូល​​​របស់​កំពង់ផែ​ស្វយ័ត​រាជធានី​ភ្នំពេញ (PPAP​) ដែល​ជា​ក្រុមហ៊ុន​​រដ្ឋ ​ចុះ​បញ្ជី​នៅ​ផ្សារ​មូលបត្រ​កម្ពុជា ក្នុង​ត្រីមាស​ទី៤ ​ឆ្នាំ ​២០១៨ បាន​កើន​ឡើង​ជិត​ ១៦ ភាគរយ បើ​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​​ឆ្នាំ ​២០១៧។ នេះ​​បើ​តាម​ព័ត៌មាន​នៅ​​គេហទំព័រ​របស់​ផ្សារ​មូលបត្រ​កម្ពុជា (CSX) កាល​ពី​​ថ្ងៃ​ម្សិលមិញ។​

របាយការណ៍​​​ការ​ត្រួត​ពិនិត្យ​លើ​ព័ត៌មាន​ហិរញ្ញវត្ថុ​សង្ខេប​បណ្តោះ​អាសន្ន​ ជូន​ចំពោះ​ភាគហ៊ុនិក​​ PPAP​ ដែល​​ធ្វើ​ការ​ត្រួត​ពិនិត្យ​ដោយ​ក្រុមហ៊ុន​សវនកម្ម BDO ​បង្ហាញ​ថា ក្នុង​ត្រីមាស​ទី​៤ ឆ្នាំ​២០១៨​ (គិត​ត្រឹម​ថ្ងៃ​ទី ​៣១ ខែ​ធ្នូ ឆ្នាំ ​២០១៨) ​កំពង់ផែ​​ រក​ចំណូល​បាន​ ២២ ២១១ ១៨៦ ០០០​​ រៀល (៥ ៤៨៧ ២៥៦ ​​ដុល្លារ​) កើន ​១៥,៦៤ ភាគរយ បើ​ធៀប​​នឹង​រយៈ​ពេល​ដូច​គ្នា​​ឆ្នាំ ២០១៧ ដែល​​មាន​ ១៩ ២០៦ ៥៧១​ ០០០ ​​រៀល (៤ ៧៥៨ ៦៨១ ​​ដុល្លារ)។​

ព័ត៌មាន​ខាង​លើ​បាន​ឲ្យ​ដឹង​ទៀត​ថា ក្នុង​ត្រីមាស​ទី​៤ ប្រាក់​ចំណេញ​សុទ្ធ​របស់​​កំពង់ផែ​ស្វយ័ត​ភ្នំពេញ​បាន​​កើន​ឡើង​ចំនួន ៦២,​៩៤ ​ភាគរយ ដោយ​កើន​ពី​ចំនួន ៥ ២៥៩ ៥៤៣ ០០០រៀល (១ ២៩៩ ៦១៥ ​ដុល្លារ) ទៅ​ដល់​ ៨ ៥៦៩ ៧១៩​ ០០០ រៀល​ (២ ១១៧ ៥៤៨ ដុល្លារ)។

ខ្លឹមសារ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​បាន​លើក​ឡើង​ថា ការ​កើន​ឡើង​ប្រាក់​ចំណូល​ក្នុង​ត្រី​មាស​ទី​៤ ឆ្នាំ ​២០១៨ គឺ​ដោយសារ​កំពង់ផែ​​ទទួល​បាន​កំណើន​​​នៃ​ការ​ចេញ​ចូល​របស់​កុងតឺន័រ ចំណូល​ពី​ការ​ជួល និង​ចំណូល​ការ​ប្រាក់​។

សម្រាប់​ចំណូល​រយៈ​ពេល​ ១២ ​ខែ​ ក្នុង​ឆ្នាំ​ ២០១៨ គឺ​មាន ​២០ ៧២២ ៩២៨ ​ដុល្លារ កើន​ឡើង​ពី​ ១៨ ៨៥៦ ២៩៦ ​ដុល្លារ​​ក្នុង​ឆ្នាំ ​២០១៧​៕​