
បុគ្គលិក កំពុងធ្វើការនៅក្នុងបន្ទប់ជួញដូរផ្សារហ៊ុនកម្ពុជាកន្លងមក។ ហុង មិនា
ភ្នំពេញៈ ប្រាក់ចំណេញរបស់ក្រុមហ៊ុនចុះបញ្ជីក្នុងផ្សារហ៊ុនភាគច្រើនសុទ្ធតែបង្ហាញពីកំណើននៅក្នុងត្រីមាសទី៤ ឆ្នាំ ២០១៨ ដែលបង្ហាញពីកំណើនប្រតិបត្តិការល្អរបស់ក្រុមហ៊ុនទាំងនោះ។
ប្រាក់ចំណេញសុទ្ធរបស់ក្រុមហ៊ុន ភ្នំពេញអេសអ៊ីហ្សិត ភីអិលស៊ី ដែលចុះបញ្ជីក្នុងផ្សារមូលបត្រកម្ពុជា (CSX) នៅត្រីមាសទី៤ ឆ្នាំ ២០១៨ បានកើនឡើងជិត ៤៥០ ភាគរយបើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០១៧ ខណៈដែលប្រាក់ចំណេញរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុកើនឡើងតែជាង ៩ ភាគរយ។ នេះបើយោងតាមរបាយការណ៍ដែលក្រុមហ៊ុននីមួយៗបានផ្ញើទៅកាន់ផ្សារហ៊ុន។
ក្រុមហ៊ុនរោងចក្រកាត់ដេរសម្លៀកបំពាក់ ហ្រ្គេនធ្វីន របស់តៃវ៉ាន់ ទទួលបានចំណូលសរុបចំនួនជាង ៣៨,៩៤ លានដុល្លារ កើនឡើង ១១៧,៩៧ ភាគរយ ខណៈប្រាក់ចំណេញសុទ្ធក្នុងត្រីមាសទី៤ នេះកើនឡើង ១១៣,៩៨ ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០១៧ រហូតដល់ ២៦៤ ៥៨៧ដុល្លារ។ រយៈពេល ១២ ខែ ឆ្នាំ ២០១៨ ក្រុមហ៊ុននេះទទួលបានចំណូលសរុប ១២០ លានដុល្លារ។
របាយការណ៍របស់ក្រុមហ៊ុនភ្នំពេញ អេសអ៊ីហ្សិត ភីអិលស៊ី កាលពីល្ងាចថ្ងៃម្សិលមិញ បានឲ្យដឹងថា ក្នុងត្រីមាសទី៤ ឆ្នាំ ២០១៨ ក្រុមហ៊ុនទទួលបានប្រាក់ចំណេញប្រហែល ៥,១៥ លានដុល្លារកើនឡើង ៤៤៥,២៣ ភាគរយបើធៀបនឹងត្រីមាសទី៤ ឆ្នាំ ២០១៧ ខណៈចំណូលសរុបរបស់ប្រតិបត្តិករតំបន់សេដ្ឋកិច្ចពិសេសមួយនេះទទួលបានជាង ១០ លានដុល្លារ កើនឡើង ២០១,៥៦ ភាគរយក្នុងរយៈពេលនេះ។
សេចក្តីថ្លែងការណ៍របស់ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនភ្នំពេញ អេសអ៊ីហ្សិត ភីអិលស៊ី បានឲ្យដឹងថា នេះជាលើកទី១ ហើយដែលក្រុមហ៊ុនអាចទទួលបានប្រាក់ចំណេញបន្ទាប់ពីខាតបង់ចំនួន ៣ ត្រីមាសជាប់ៗគ្នា ដែលកត្តាចម្បងជួយឲ្យមានកំណើនដ៏ច្រើននេះ គឺដោយសារភាពជោគជ័យនៃប្រតិបត្តិការនៃការទិញ និងការជួលដី។
ជាមួយគ្នានេះ ក្រុមហ៊ុនបានប្រកាសថា ក្រុមហ៊ុននឹងខិតខំប្រឹងប្រែងដើម្បីផ្តល់នូវភាពជោគជ័យជាបន្តទៅទៀត ដោយផ្អែកលើយុទ្ធសាស្រ្តមួយចំនួនរួមទាំងការទិញដីបន្ថែម និងការពង្រីកបន្ថែមនូវសេវាកម្មពាក់ព័ន្ធផ្សេងៗ។
ជាមួយគ្នានេះ របាយការណ៍របស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ក៏បានឲ្យដឹងដែរថា ក្នុងត្រីមាសទី៤ ឆ្នាំ២០១៨ ក្រុមហ៊ុនទទួលបានប្រាក់ចំណេញប្រហែល ២៧៩ ៩៨៦ ដុល្លារកើនឡើង ៩,៦៣ ភាគរយ លើប្រាក់ចំណូលជាង ១៨ លានដុល្លារ ដែលកើនឡើង ២០,០៥ ភាគរយ។
របាយការណ៍ដដែលបានឲ្យដឹងថា កំណើនប្រាក់ចំណូលរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ គឺដោយសារបរិមាណទំនិញ និងកុងតឺន័រឆ្លងកាត់នៅក្នុងត្រីមាសទី៤ ឆ្នាំ ២០១៨ បានកើនរហូតដល់ ១៣៧ ៧០៩ TEU ពីចំនួន ១៨ ៨១៩ TEU កាលពីត្រីមាសទី៤ ឆ្នាំ ២០១៧។
សម្រាប់តម្លៃការជួញដូរកាលពីថ្ងៃម្សិលមិញ ភាគហ៊ុនរបស់ក្រុមហ៊ុនភ្នំពេញ អេសអ៊ីហ្សិត ភីអិលស៊ី បានធ្លាក់ចុះ ១,០២ ភាគរយ មកនៅត្រឹម ២ ៩១០ រៀល រីឯភាគហ៊ុនរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុធ្លាក់ចុះ ០,៦៣ ភាគរយ មកនៅត្រឹម ១២ ៥៨០ រៀល និងកំពង់ផែភ្នំពេញ ធ្លាក់ចុះ ០,២១ ភាគរយ មកនៅ ៩ ៤៨០រៀល។
ភាគហ៊ុនរបស់ក្រុមហ៊ុនកាត់ដេរ ហ្រ្គេនធ្វីន កើនឡើង ៩,៦៣ ភាគរយ ដល់ ៤ ៧៨០ រៀល និងភាគហ៊ុនរបស់រដ្ឋាករទឹកភ្នំពេញ កើន ០,៣៦ ភាគរយ ដល់ ៥ ៦០០ រៀល៕LA