ភ្នំពេញៈ កំពង់ផែ​ស្វយ័ត​ក្រុងភ្នំពេញ​ (PPAP) ​បាន​រាយការណ៍​អំពី​ភាព​ល្អប្រសើរ​នៃ​ប្រតិបត្តិការ​អាជីវកម្ម​របស់ខ្លួន​ក្នុង​ឆមាស​ទី​ ១ ឆ្នាំ​នេះ ទោះបី​ជា​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩ កំពុង​ធ្វើឲ្យ​ប៉ះពាល់​ដល់​សកម្មភាព​ពាណិជ្ជកម្ម​ក្នុង​តំបន់ និង​ពិភពលោក​ក៏ដោយ​។

យោងតាម​របាយការណ៍​របស់ PPAP ផ្ញើ​ទៅ​ក្រុមហ៊ុន​ផ្សារមូលបត្រ​កម្ពុជា​កាលពី​ថ្ងៃ​សុក្រ​ឲ្យ​ដឹងថា ប្រាក់ចំណូល​កំពង់ផែ​នេះ​មាន​ចំនួន​ជាង ១២,៨៦ ​លាន​ដុល្លារ​ នៅក្នុង​ឆមាស​ទី​ ១ ធៀប​នឹង ១១,៦៩ ​លាន​ដុល្លារ​ ក្នុង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន កើនឡើង​ជាង​ ១០ ​ភាគរយ​។ ចំណែក​ប្រាក់ចំណេញ​ដុល​របស់​កំពង់ផែ​បាន​កើនឡើង ១៤ ​ភាគរយ​ ក្នុងតម្លៃ ៨,៩០៣ ​លាន​ដុល្លារ​ ធៀប​នឹង ៧,៨០១ ​លាន​ដុល្លារ​។

លោក ហ៊ី បាវី អគ្គនាយក PPAP បាន​ឲ្យ​ដឹង​កាលពី​ខែមិថុនា ​ថា ទោះបី​ជា​ការរីករាលដាល​ជំងឺ​កូវីដ​១៩ កំពុង​ធ្វើឲ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ក្នុង​តំបន់ និង​ពិភពលោក ប៉ុន្តែ​កំពង់ផែ​នេះ​បាន​បង្កើន​កិច្ចខិតខំ​ប្រឹងប្រែង​ទ្វេដង​ដើម្បី​លើកកម្ពស់​ប្រតិបត្តិការ​អាជីវកម្ម តាមរយៈ​ការកាត់បន្ថយ​ការចំណាយ និង​ការផ្អាក​ការវិនិយោគ​ដែល​មិន​បន្ទាន់​។

លោក​ថ្លែងថា​៖ «​ទោះបី​បច្ចុប្បន្ន​វិបត្តិ​ជំងឺ​កូវីដ​ ១៩ នៅតែ​កំពុង​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​ប្រទេស​កម្ពុជា និង​តំបន់​ធំៗ​របស់​ពិភពលោក ប៉ុន្តែ PPAP នៅតែ​ប្រកាន់​ខ្ជាប់​ជាមួយ​នឹង​ទិសដៅ​កំណត់​របស់ខ្លួន​ក្នុង​ការកាត់បន្ថយ​ផលប៉ះពាល់​ដល់​អាជីវកម្ម​របស់ខ្លួន​»​។

លោក​ឲ្យ​ដឹងថា កំពង់ផែ​ទើប​នឹង​ដាក់​ឲ្យ​ដំណើរការ​វិធានការ​មួយ​ចំនួន​ដើម្បី​ការពារ​ផលប៉ះពាល់ ដែល​រួម​មាន​ការកែតម្រូវ​ផែនការ​អាជីវកម្ម​ឆ្នាំ​ ២០២០ ការកាត់បន្ថយ​ការចំណាយ​មិនចាំបាច់ ការផ្អាក​ការវិនិយោគ​ដែល​មិនចាំបាច់ និង​ផ្ដោត​ការយកចិត្ត​ទុកដាក់​ទៅលើ​គម្រោង​សំខាន់ៗ​ដើម្បី​បង្កើន​កំណើន​ប្រតិបត្តិការ​អាជីវកម្ម​។

លោក Jong Weon Ha អនុប្រធាន CSX បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាលពី​ថ្ងៃអាទិត្យ​ថា កំណើន​វិជ្ជមាន​របស់ PPAP បាន​ឆ្លុះបញ្ចាំង​ពី​ប្រតិបត្តិការ​អាជីវកម្ម​កាន់តែ​ប្រសើរ ដោយសារ​តែ​សកម្មភាព​នាំចូល និង​នាំចេញ​ទំនិញ​កាន់តែ​ច្រើន​ទោះបី​ជា​ការរីក​រាលដាល​ជំងឺ​កូវីដ​ ១៩ ​ក៏ដោយ​។

លោក​បញ្ជាក់ថា​៖ «​ខ្ញុំ​មាន​សុទិដ្ឋិនិយម​ថា អាជីវកម្ម PPAP នឹង​បន្ត​រីកចម្រើន​បន្ថែម​ទៀត ដោយសារ​តែ​ការពិត​ដែល​ថា នៅតែ​មាន​ការរឹតបន្តឹង​ការធ្វើ​ដំណើរ​មួយ​ចំនួន ហើយ​ជំងឺ​កូវីដ​ ១៩ ​នៅតែ​កំពុង​រីក​រាលដាល ប៉ុន្តែ​ប្រជាជន​ចាំបាច់​ត្រូវ​រកប្រាក់​ចំណូល​ដើម្បី​ចិញ្ចឹមជីវិត និង​បន្តធ្វើ​អាជីវកម្ម ដូច្នេះ​សកម្មភាព​កំពង់ផែ​នេះ​នៅតែ​មាន​សារៈសំខាន់ ដើម្បី​លើកកម្ពស់​សកម្មភាព​សេដ្ឋកិច្ច​។ អាជីវកម្ម PPAP នឹង​កាន់តែ​ល្អ​ប្រសើរ​ឡើង​នៅ​ត្រីមាស​បន្ទាប់ ហើយ​ជា​លទ្ធផល​តម្លៃ​ភាគហ៊ុន​នឹង​កើនឡើង​ថែមទៀត​»៕LA