ភ្នំពេញៈ ប្រាក់​ចំណេញ​សុទ្ធ​របស់ អេស៊ីលីដា ដែល​ជា​ធនាគារ​ធំ​ជាង​គេ​បើ​គិត​ពី​ទ្រព្យ​សកម្ម​និង​ទំហំ​កម្ចី​នៅ​ឆ្នាំ ២០១៧​ បាន​ធ្លាក់​ចុះ​ ២៧ ​ភាគរយ​ពី​ ១២៧,៣ ​លាន​ដុល្លារ​ កាល​ពី​ឆ្នាំ​ ២០១៦ មក​នៅ​ ៩២,៥ ​លាន​ដុល្លារ​។ នេះ​បើ​យោង​តាម​របាយការណ៍​ហិរញ្ញ​វត្ថុ​ប្រចាំ​ឆ្នាំ​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ចន្ទ។

លោក​ស្រី សូ ផនណារី ​អនុប្រធាន​ប្រតិបត្តិ​ការ​ធនាគារ​អេស៊ីលីដា​បាន​ប្រាប់​​ ភ្នំពេញ ប៉ុស្តិ៍​ថា ​ការ​ធ្លាក់​ចុះ​ប្រាក់​ចំណេញ​របស់​ធនាគារ​នេះ​ ដោយ​សារ​តែ​ការ​កើន​ឡើង​នៃ​សំ​វិធាន​ធន​ឥណទាន​បាត់​បង់​ (កម្ចី ដែល​ប្រឈម​នឹង​ការ​បាត់​បង់) ពី​ ១៣,៦ ​លាន​ដុល្លារ​ក្នុង​ឆ្នាំ​ ២០១៦ ​រហូត​ដល់​ ៣៤,២ ​លាន​ដុល្លារ​ក្នុង​ឆ្នាំ​ ២០១៧។

លោក​ស្រី​បន្ត​ថា៖​ «នៅ​ឆ្នាំ ២០១៧ ​តម្លៃ​​ផលិត​ផល​កសិកម្ម​បាន​ធ្លាក់​ចុះ ដែល​ធ្វើ​ឲ្យ​ប្រាក់​ចំណូល​របស់​កសិករ​ធ្លាក់​ចុះ​ ហើយ​វា​បាន​ប៉ះ​ពាល់​ដល់​លទ្ធភាព​សង​ត្រឡប់»។

លោក​ស្រី​បន្ថែម​ថា​ កូន​បំណុល​របស់​ធនាគារ​នៅ​​សង​ត្រឡប់ ប៉ុន្តែ​គ្រាន់​តែ​មិន​គ្រប់​ចំនួន​ទៅ​តាម​កិច្ច​សន្យា​សង​ត្រឡប់។ លោក​ស្រី​បន្ត​ថា៖ «ការ​កើន​ឡើង​នៃ​កម្ចី​ដែល​ប្រឈម​នឹង​ការ​បាត់​បង់​ជា​ការ​ក្រើន​រំឭក​ថា ​យើង​ត្រូវ​តែ​ពង្រឹង​គុណភាព​កម្ចី​របស់​យើង»។

របាយការណ៍​បង្ហាញ​ថា​ ទ្រព្យ​សកម្ម​សរុប​របស់​ធនាគារ​នៅ​តែបន្ត​កើន​ឡើង​ដល់​ជាង​ ៥,២៤ ​ពាន់​លាន​ដុល្លារ​កើន​ឡើង​ជាង​ ១២ ​ភាគ​រយ​ធៀប​នឹង​ចុង​ឆ្នាំ ២០១៦ ដែល​មាន​ ៤,៦៦ ពាន់​លាន​ដុល្លារ។

ខណៈ​កម្ចី​របស់​ធនាគារ​ អេស៊ីលីដា បាន​កើន​ឡើង​ ៨,៥៨ ភាគរយ រហូត​ដល់ ៣,០៨ ពាន់​លាន​ដុល្លារ​ត្រឹម​ឆ្នាំ​ ២០១៧ ​កម្ចី​មិន​ដំណើរ​ការ​របស់​ធនាគារ​ធៀប​នឹង​កម្ចី​សរុប​មាន​អត្រា ​២,១៤ ​ភាគរយ ដែល​ចំនួន​បាន​កើន​ឡើង​​ពី ០,៦៨ ​ភាគរយ​ កាល​ពី​ឆ្នាំ​ ២០១៦។ នេះ​បើ​តាម​របាយការណ៍៕